សម្តេចតេជោ ហ៊ុន សែន៖ មិត្តចិននឹងសាងសង់កំណាត់ផ្លូវជាតិលេខ៧ តភ្ជាប់ពីអូរគ្រៀងទៅព្រំដែនឡាវ


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំឭកអំពីគម្រោងដែលរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនត្រូវជួយសាងសង់កំណាត់ផ្លូវជាតិលេខ៧ ដែលតភ្ជាប់ពីឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ឡាវ ត្រពាំងក្រៀល ស្ថិតនៅស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។

ការថ្លែងបែបនេះធ្វើឡើងនាឱកាសដែលសម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ឆ្ពោះទៅកាន់ភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២។ ផ្លូវនេះមានប្រវែងសរុប៩៣.៥៦គីឡូម៉ែត្រ ដែលត្រូវបានសាងសង់ក្រោមជំនួយរបស់រដ្ឋាភិបាលចិនមានតម្លៃសរុបជាង៣៣លានដុល្លារអាមេរិក។

នាឱកាសនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា បន្ទាប់ពីបញ្ចប់រួចរាល់នូវការសាងសង់កំណាត់ផ្លូវជាតិលេខ៧ ចាប់ពីចំណុចរង្វង់មូលខ្លាស្ទុះទៅដល់ភូមិរមាត ដែលមានប្រវែងប្រមាណ៩៣.៥៦គីឡូម៉ែត្រនេះហើយ មិត្តចិននៅមានកាតព្វកិច្ចសាងសង់កំណាត់ផ្លូវជាតិលេខ៧នេះបន្តទៀត គឺចាប់ពីចំណុចភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ឆ្ពោះទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជាឡាវ ត្រពាំងក្រៀល ស្ថិតនៅស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង ដើម្បីពង្រីកទំហំ និងពង្រឹងគុណភាពឱ្យបានប្រសើរឡើង។

សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «ចិននៅមានកាតព្វកិច្ច២ទៀត៖ ទីមួយ. គឺត្រូវធ្វើផ្លូវតពីផ្លូវជាតិលេខ៧ទៅទល់ព្រំដែនឡាវ ដើម្បីពង្រីកទំហំ និងពង្រឹងគុណភាពបន្ថែមទៀត ដែលការងារនេះមានគម្រោងរួចហើយ, ទីពីរ. នៅឆ្នាំ២០២៣ បើកការដ្ឋានសាងសង់ស្ពានឆ្លងនៅទីរួមខេត្តក្រចេះ ដើម្បីភ្ជាប់ទៅទឹកដីខេត្តកំពង់ធំ»។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្វីដ្បិតការរីករាលដាលនៃជំងឺកូវីដ១៩បានបង្កផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ច និងការអភិវឌ្ឍនៅកម្ពុជាក៏ពិតមែន ប៉ុន្តែមិនបានបង្អាក់ដល់ការកសាងហេដ្ឋារចនាសម្ពន្ធនៅកម្ពុជាឡើយ ក្នុងនោះភាគីមិត្តចិន ជប៉ុន កូរ៉េ គឺជាដៃគូយ៉ាងសំខាន់ក្នុងការចូលរួមដល់ការកសាងនេះ។

ជាមួយគ្នានោះ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលមានគោលដៅធ្វើឱ្យភូមិភាគឦសានក្លាយជាប៉ូលសេដ្ឋកិច្ចដ៏រឹងមាំមួយ ជាមួយនឹងប៉ូលសេដ្ឋកិច្ចធំៗចំនួន៣ទៀតរបស់កម្ពុជា នោះគឺរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប៕