ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៩-១៥ ខែកុម្ភៈ អាចមានភ្លៀងផ្គរក្នុងកម្រិតពីខ្សោយទៅច្រើន


(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៩-១៥ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រសួងបានបញ្ជាក់ថា ក្នុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពល ពីជ្រលងសម្ពាធទាប (ឥណ្ឌូនេស៊ី) ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ទន្ទឹមនោះឥទ្ធិពលនៃទ្រនុងសម្ពាធខ្ពស់ (ចិន) ក៏នៅមាននៅឡើយ ដែលអាចបង្កើតបានជាការប្រសព្វមុខគ្នា រវាងធាតុក្តៅ-ត្រជាក់ (Convection) បណ្តាលឲ្យមានភ្លៀងឡូកាល់ (Local) ដោយអន្លើ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦°C
* សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C
* អាចមានភ្លៀងផ្គរ ក្នុងកម្រិតពីខ្សោយទៅច្រើន។ ក្នុងនោះបណ្តារាជធានី-ខេត្ត នៅភាគខាងក្រោម អាចមានបរិមាណភ្លៀងច្រើនជាង។

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
* សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C
* អាចមានភ្លៀងផ្គរ ក្នុងកម្រិតពីខ្សោយទៅមធ្យម។

៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
* សីតុណ្ហភាពអតិបរមា មានពី ២៧-៣០ °C
* អាចមានភ្លៀងផ្គរ ក្នុងកម្រិតពីមធ្យមទៅច្រើន៕