សម្តេចក្រឡាហោម ស ខេង បានអញ្ជើញចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋ​សាលាក្រុងបូកគោ ខេត្តកំពត


ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនា​យក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រ​សួង​មហាផ្ទៃ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​សាង​សង់​អគារ​រដ្ឋ​សា​លា​ក្រុង​បូក​គោ ខេត្តកំពត។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ថា​ភូមិ​សាស្ត្រ​ក្រុង​បូក​គោ​បច្ចុប្បន្ន​មានធំទូលាយ ប៉ុន្តែនៅថ្ងៃអនាគត ក្រុង​ថ្មី​នេះ​អាច​នឹ​ង​មាន​ប្រជាជន​ម​ក​រស់​នៅ​កាន់​តែ​ច្រើន​ ពិសេស​នៅ​លើ​ភ្នំ​បូក​គោ​ដែលកំ​ពុង​មាន​ការ​អភិវឌ្ឍ។
សម្ដេចបន្តថា ដើម្បីបង្កើនភាពងាយស្រួល និង​ឆាប់​រហ័ស​ក្នុង​ការ​បម្រើ​សេ​វា​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ រដ្ឋ​បាន​សម្រេច​រៀប​​ចំ​ទី​តាំង​អគារ​រដ្ឋ​បាល​ក្រុង​បូក​គោ​ជា​២​កន្លែង​ គឺនៅសាលាក្រុងចាស់​ក្បែរ​ច្រក​ចូល​ឧទ្យាន​ជាតិ​ព្រះ​មុ​នី​វ​ង្ស​បូក​គោ​ និងនៅក្បែរកាស៊ីណូចាស់លើភ្នំបូកគោ ។
សម្តេចបានណែនាំអាជ្ញាធរខេត្ត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃពិភាក្សាគ្នា ថាតើការិយាល័យជំនាញណាខ្លះត្រូវនៅរដ្ឋបាលក្រុងទីតាំងខាងក្រោម និងការិយាល័យណាខ្លះត្រូវនៅរដ្ឋបាលក្រុងទីតាំងខាងលើ ឬក៏ចាំបាច់ត្រូវមានទាំងពីរទីតាំង។
សម្តេចក្រឡាហោមក៏បានមានប្រសាសន៍ទៀតថាក្រុមការងារពាក់ព័ន្ធនឹងពន្លឿការគូរប្លង់ទីតាំងសាលាក្រុងបូកគោផ្នែកខាងក្រោមដើម្បីរៀបចំកសាងកន្លែងធ្វើការងារឲ្យបានត្រឹមត្រូវ និងសមរម្យដូចបណ្តាក្រុងផ្សេងៗដែរ៕