រាជរដ្ឋាភិបាលចេញសេចក្តីសម្រេច តែងតាំងសមាសភាពគណៈកម្មាធិការដឹកនាំ អនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី


រាជរដ្ឋាភិបាលបានដាក់ចេញសេចក្តីសម្រេចតែងតាំងសមាសភាពគណៈកម្មាធិការដឹកនាំអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី តាមរយៈលិខិតលេខ ០៩ សសរ ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២។ នេះបើតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

គណៈកម្មាធិការនេះមានឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាប្រធាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ជាអនុប្រធាន។

ទន្ទឹមនឹងនេះ ក៏មានថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការនគរបាលជាតិ និងអគ្គមេបញ្ជាការកងរាជអាវធហត្ថលើផ្ទៃប្រទេសសរុប១៩នាក់បន្ថែមទៀតជាសមាជិកគណៈកម្មាធិការ។

ការដាក់ចេញសេចក្តីសម្រេចតែងតាំងសមាសភាពនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការដឹកនាំអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី តាមរយៈអនុក្រឹត្យលេខ ២១៤ អនក្រ.បក ចុះថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ និងបន្ទាប់ពីរាជរដ្ឋាភិបាលបានអនុម័តដាក់ឲ្យប្រើប្រាស់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥) តាមរយៈលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តីលេខ ៤២៨ សជណ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៕