បើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក៖ សម្តេចតេជោ ហ៊ុន សែន ចែករំលែកទស្សនៈថា គេមិនអាចយកសង្គ្រាម ទៅបញ្ចប់សង្គ្រាមបានឡើយ


ក្នុងនាមជាសហប្រធាននៃកិច្ចប្រជុំ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបានកិត្តិយសដ៏ខ្ពស់ខ្ពង់បំផុតអញ្ជើញថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២។

កិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ដែលធ្វើឡើងក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាព នៅឧបទ្វីបកូរ៉េ» គឺជាកិច្ចប្រជុំដ៏មានសារៈសំខាន់ ដើម្បីជជែកពិភាក្សា និងចែករំលែកទស្សនៈនានា ឈានឆ្ពោះទៅរកការបញ្ចប់ជម្លោះឧបទ្វីបកូរ៉េ។ កិច្ចប្រជុំស្វែងរកដំណោះស្រាយលើជម្លោះឧបទ្វីបកូរ៉េនេះ មានមេដឹកនាំ និងអតីតមេដឹកនាំប្រទេស ព្រមទាំងមេដឹកនាំអង្គការពាក់ព័ន្ធមកពីប្រមាណ ១៥៧ប្រទេស។

កម្ពុជាបានជួបវិបត្តិភ្លើងសង្គ្រាមហែកហួរយ៉ាងខ្លោចផ្សាររយៈពេលជិត៤ទសវត្សរ៍ ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ រហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលជាថ្ងៃត្រូវបានកំណត់ថាជាពេលបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុង បន្ទាប់កងទ័ព និងមេដឹកនាំខ្មែរក្រហម ព្រមចូលរួមរស់ជាមួយរាជរដ្ឋាភិបាល ក្រោមនយោបាយឈ្នះ-ឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន។

លើវេទិកាបើកកិច្ចប្រជុំសន្តិភាពពិភពលោក ដែលប្រារព្ធធ្វើឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង សម្តេចតេជោ ហ៊ុន សែន ក៏បានលើកយកនូវប្រវត្តិនៃការបែកបាក់របស់សង្គមកម្ពុជា ទៅចែករំលែកជូនដល់មេដឹកនាំ អតីតមេដឹកនាំប្រទេស ក៏ដូចភ្ញៀវដែលត្រូវបានអញ្ជើញមកពីជុំវិញពិភពលោក។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកថា សង្គ្រាមនៅកម្ពុជាមិនអាចបញ្ចប់បានឡើយ បើទោះបីមានកិច្ចអន្តរាគមន៍របស់អន្តរជាតិ ជាពិសេសកិច្ចអន្តរាគមន៍របស់អង្គការសហប្រជាជាតិ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អង្គការសហប្រជាជាតិ បានចាយលុយរហូតដល់ទៅជាង ២ពាន់លានដុល្លារ តែមិនអាចបិទបញ្ចប់ភ្លើងសង្គ្រាមរបស់កម្ពុជា បាននោះឡើយ។ តែទីបំផុតភ្លើងសង្គ្រាមកម្ពុជា បានបិទបញ្ចប់ក្រោមកិច្ចចរចា ក្រោមដំណោះស្រាយរវាងខ្មែរ និងខ្មែរ តាមរយៈនយោបាយឈ្នះ-ឈ្នះ។

នៅចំពោះមុខមេដឹកនាំ អតីតមេដឹកនាំ និងអង្គការពាក់ព័ន្ធប្រមាណ ១៥៧ប្រទេស សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះ «ក្នុងជាងពាក់កណ្តាលជីវិតរបស់ខ្ញុំនេះ ដំណើរការចរចា គឺជាជម្រើសដែលល្អបំផុត។ ខ្ញុំមិនដែលជឿទេថា ប្រើប្រាស់សង្គ្រាម ដើម្បីបញ្ចប់សង្គ្រាម។ ប្រទេសយើងខ្ញុំហែកហួរដោយសារសង្គ្រាម យើងបានប្រើប្រាស់ការចរចា៤ឆ្នាំ ដើម្បីបញ្ចប់សង្គ្រាមនេះ»។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សន្តិភាពពេញលេញ ដែលកម្ពុជារកបាននៅចុងឆ្នាំ១៩៩៨ គឺជាសន្តិភាព និងជាការឯកភាពជាតិកម្ពុជា មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាយ៉ាងហោចណាស់ ៥០០ឆ្នាំចុងក្រោយនេះ។

ការបញ្ចប់សង្គ្រាមក្រោមនយោបាយឈ្នះ-ឈ្នះនេះ បានធ្វើឱ្យសម្តេចតេជោ ទទួលបានការគោរព និងកោតស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះទស្សនៈទានប្រកបដោយភាពប៉ិនប្រសប់។ ការស្ញប់ស្ញែងមិនមែនមានត្រឹមមជ្ឈដ្ឋានប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ តែមានពីបណ្តាលមជ្ឈដ្ឋានតំបន់ និងអន្តរជាតិផងដែរ។

ដោយទទួលស្គាល់នូវភាពប៉ិនប្រសប់ និងកិច្ចប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះការសាងសន្តិភាព និងភាពសុខដុមសម្រាប់ប្រជាជាតិកម្ពុជា ក៏ដូចជាសម្រាប់ប្រជាជាតិរបស់ពិភពលោកដែរនេះ បានធ្វើឱ្យមូលនិធិសន្តិភាពស៊ុនហាក់ សម្រេចផ្តល់ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ ជូនសម្តេចតេជោ ហ៊ុន សែន៕