សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យកូរ៉េទាំងពីរ និងភាគីពាក់ព័ន្ធនានា សម្រេចសន្ធិសញ្ញាសន្តិភាពឱ្យបានឆាប់រហ័ស ដើម្បីធានាបាននូវសន្តិភាពអចិន្ត្រៃយ៍នៅលើឧបទ្វីបកូរ៉េ


ក្នុងឱកាសថ្លែងបើកកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ ស្តីពី «សន្តិភាពនៅឧបទ្វីបកូរើ» នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឱ្យកូរ៉េទាំងពីរ និងភាគីពាក់ព័ន្ធនានា សម្រេចសន្ធិសញ្ញាសន្តិភាពឱ្យបានឆាប់រហ័ស ដើម្បីធានាបាននូវសន្តិភាពអចិន្ត្រៃយ៍នៅលើឧបទ្វីបកូរ៉េ។

កិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ដែលធ្វើឡើងក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាព នៅឧបទ្វីបកូរ៉េ» គឺជាកិច្ចប្រជុំដ៏មានសារសំខាន់ ដើម្បីជជែកពិភាក្សា និងចែករំលែកទស្សនៈនានា ឈានឆ្ពោះទៅរកការបញ្ចប់ជម្លោះឧបទ្វីបកូរ៉េ។ កិច្ចប្រជុំស្វែងរកដំណោះស្រាយលើជម្លោះឧបទ្វីបកូរ៉េនេះ មានមេដឹកនាំ និងអតីតមេដឹកនាំប្រទេស ព្រមទាំងមេដឹកនាំអង្គការពាក់ព័ន្ធមកពីប្រមាណ ១៥៧ប្រទេស។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្លួនខ្ញុំផ្ទាល់សូមស្នើឱ្យកូរ៉េទាំងពីរ និងភាគីពាក់ព័ន្ធនានា សម្រេចសន្ធិសញ្ញា សន្តិភាពឱ្យបានឆាប់រហ័ស ដើម្បីធានាបាននូវសន្តិភាពអចិន្ត្រៃយ៍នៅលើឧបទ្វីបកូរ៉េ។ ខ្ញុំក៏សូមអំពាវនាវ ដល់ភាគីពាក់ព័ន្ធទាំងអស់បន្តជំរុញកិច្ចសហប្រតិបត្តិការផ្អែកលើទំនុកចិត្ត និងភាពជាដៃគូយកបជាជនជាស្នូល ដើម្បីកសាងដំណើរឆ្ពោះទៅរកការបង្រួបបង្រួមកូរ៉េទាំងពីរដោយសន្តិភាព»

សម្តេចបានបន្តថា ពិភពលោករបស់យើង គឺកំពុងតភ្ជាប់គ្នាទៅវិញទៅមក និងពឹងផ្អែកគ្នាទៅវិញទៅមកកាន់តែខ្លាំង ដូច្នេះហើយយើងត្រូវការធ្វើការជាមួយគ្នា ដើម្បីសម្របសម្រួលការឆ្លើយតបជាសកលចំពោះបញ្ហាសកលដែលកំពុងកើតឡើងនេះ។ សន្តិភាព និងស្ថិរភាព នៅឧបទ្វីបកូរ៉េ គឺជាបញ្ហាចោទមួយផងដែរ នៅក្នុងបញ្ហាពិភពលោកដ៏តានតឹង និងស្មុគស្មាញ ដែលត្រូវការដំណោះស្រាយ។

សម្តេចបានបន្តទៀតថា៖ កិច្ចប្រជុំកំពូលនេះ នឹងដាក់ចេញនូវឯកសារសំខាន់ៗចំនួនពីរគឺ សេចក្ដីសម្រេចចិត្តទីក្រុងសេអ៊ូល ឆ្នាំ ២០២២ ស្តីពី «ដំណើរឆ្ពោះទៅរកសន្តិភាព និងវិបុលភាពប្រកបដោយចីរភាពនៅឧបទ្វីបកូរ៉េ» និងគំនិត ផ្តួចផ្តើមស្ដីពី «រដ្ឋពីរ ឆ្ពោះទៅជាតិតែមួយ: ឧបទ្វីបតែមួយ, ប្រជាជនតែមួយ, វប្បធម៌តែមួយ»។ យើងទន្ទឹងរង់ចាំធាតុចូលរបស់គណៈប្រតិភូបន្ថែមទៀតលើឯកសារទាំងពីរនេះ៕