ឯកឧត្តម ហ៊ុន ម៉ានី ទទួលជួបសម្ដែងការគួរសម រដ្ឋមន្ដ្រីការបរទេសសិង្ហបុរី នៅវិមានរដ្ឋសភា


(ភ្នំពេញ)៖ ព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Vivian Balakrishnan រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសិង្ហបុរី នាឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន។

នេះជាជំនួបសារជាថ្មី បន្ទាប់ពីថ្នាក់ដឹកនាំទាំងពីរបានជួបគ្នាកាលពីឆ្នាំ២០១៧កន្លងទៅ។ ជំនួបនាពេលនោះ ក៏បានពិភាក្សាបន្តស្មារតីនៃទំនាក់ទំនងល្អដែលបានចាក់ឫសរឹងមាំរវាងមេដឹកនាំទាំងពីរ គឺសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម លី ស៊ានឡុង ដើម្បីឲ្យទំនាក់ទំនងទ្វេភាគីកាន់តែរីកចម្រើនបន្តទៅដល់ជំនាន់ក្រោយ។

នាឱកាសនោះផងដែរ ភាគីទាំងពីរ បានពិភាក្សាផ្លាស់ប្តូរយោបល់អំពីទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរដែលក្នុងនាមជាប្រទេស រួមសហគមន៍អាស៊ានតែមួយ។ កិច្ចពិភាក្សាបានផ្តោតសំខាន់លើការបន្តរឹតចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន និងការស្វែងយល់ពីតម្រូវការរបស់ប្រជាជនវ័យក្មេង នៃប្រទេសទាំងពីរផងដែរ។

ភាគីទាំងពីរបានពិភាក្សា ផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ក្នុងក្របខ័ណ្ឌ នៃការងារយុវជនរបស់ប្រទេសទាំងពីរ និងបានបង្ហាញជំហរក្នុងការពង្រឹងទំនាក់ទំនងយុវជននៃប្រទេសទាំងពីរក្នុងការស្វែងយល់ពីគ្នាទៅវិញទៅមកកាន់តែច្រើន តាមរយៈការបង្កើនការផ្លាស់ប្តូរឱកាសជំនួប និងគម្រោងការងាររវាងយុវជនអ្នកបន្តវេនជំនាន់ក្រោយ។

ដោយឡែក នារសៀលថ្ងៃដដែលនេះ ឯកឧត្តមរដ្ឋមន្ដ្រីការបរទេសសិង្ហបុរី នឹងអញ្ជើញចូលជួបសវនការសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ៕