កម្ពុជា-ហុងគ្រី បើកជំនួបធុរកិច្ចលើកទី១ ជំរុញភាពជាដៃគូសម្រាប់ការស្តារសេដ្ឋកិច្ចប្រកបដោយភាពធន់ពីជំងឺកូវីដ-១៩


(ភ្នំពេញ)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម អ៊ីស្វាន់ ចូ អនុរដ្ឋមន្រ្តីនៃក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញចូលរួម ជាអធិបតីក្នុងជំនួបធុរកិច្ចលើកទី១ រវាងកម្ពុជា និងប្រទេសហុងគ្រី តាមប្រព័ន្ធវីដេអូ ក្រោមមូលបទ «ការតភ្ជាប់ធុរកិច្ចកម្ពុជា-ហុងគ្រី៖ គន្លឹះក្នុងការជំរុញភាព ជាដៃគូសេដ្ឋកិច្ច សម្រាប់ការស្តារសេដ្ឋកិច្ចប្រកបដោយភាពធន់ ពីជំងឺរាតត្បាតសកលកូវីដ-១៩»នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

វេទិកានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីជំនាញនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងមកពីវិស័យឯកជន សរុបប្រមាណ ២០០រូប ដែលក្នុងនោះរួមមានក្រុមហ៊ុនកម្ពុជា ប្រមាណ១០០ក្រុមហ៊ុន និងក្រុមហ៊ុនហុងគ្រី មានចំនួន២៨ ក្រុមហ៊ុន។

ក្នុងនោះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ាលោកឧកញ៉ា អនុប្រធានសភាពាណិជ្ជកម្ម តំណាងមកពីសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា សហព័ន្ធស្រូវអង្ករកម្ពុជា សមាគមរោងចក្រកាត់ដេរកម្ពុជា សមាគមសហគ្រិនស្ត្រីកម្ពុជា សហគ្រាសផលិតឱសថ PPM សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា សមាគមស្បែកជើងកម្ពុជា សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងសមាគមផលិតផលធ្វើដំណើរនិងស្បែក ក៏បានផ្តល់កិត្តិយសចូលរួមផងដែរ។

ក្នុងឱកាសនៃការប្រកាសបើកជំនួបធុរកិច្ចកម្ពុជា-ហុងគ្រី ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនដល់គណៈអធិបតី វាគ្មិន តំណាងក្រុមហ៊ុន និងភ្ញៀវកិត្តិយស របស់ភាគីកម្ពុជា និងភាគី ហុងគ្រី ដែលមានវត្តមានចូលរួម និងបានថ្លែងអំណរគុណចំពោះភាគីទាំងពីរ ក្នុងកិច្ចខំប្រឹងប្រែងរៀបចំជំនួបធុរកិច្ចទ្វេភាគី ដែលឆ្លុះបញ្ចាំងពីចំណងមិត្តភាព និងការជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ហុងគ្រី ឲ្យកាន់តែទូលំទូលាយ ស្របតាមស្មារតីនៃកិច្ចប្រជុំលើកទី១ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-ហុងគ្រី កាលពីថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០២១។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍និងសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ ដល់ធុរជននិងវិនិយោគិនហុងគ្រី ដែលមានបំណងមកពង្រីកប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងអនាគត។

ជំនួបធុរកិច្ចនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្តល់ឱកាសឲ្យធុរជន និងវិនិយោគិននៃភាគីទាំងពីរ ស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្ម និងវិនិយោគ ដើម្បីលើកកម្ពស់ និងពង្រីកប្រតិបត្តិការ ធុរកិច្ច និងវិនិយោគនៅប្រទេសទាំងពីរ និងដើម្បីសម្រេចបាននូវការស្តារសេដ្ឋកិច្ច និងកំណើនប្រកបដោយ បរិយាប័ន្ននិងចីរភាព ដោយបានផ្តោតសំខាន់លើវិស័យសក្តានុពលចំនួន ០៦ រួមមាន៖

(១)៖ កសិកម្មនិងផលិតផលកសិកម្ម
(២)៖ បច្ចេកវិទ្យាធារាសាស្ត្រនិងបរិស្ថាន
(៣)៖ ការកែច្នៃនិងសុវត្ថិភាពម្ហូបអាហារ
(៤)៖ សេវាកម្មទេសចរណ៍
(៥)៖ ផលិតផលឱសថ និងបច្ចេកវិទ្យាវេជ្ជសាស្រ្ត
និង (៦)៖ ផលិតផលកម្មន្តសាល។

ក្នុងជំនួបនេះ តំណាងមកពីក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានចូលរួមធ្វើបទបង្ហាញអំពីច្បាប់ថ្មី ស្តីការវិនិយោគ ដែលជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ចជាតិ ហើយតំណាងមកពីវិស័យឯកជន នៃភាគីទាំងពីរ ក៏បានផ្លាស់ប្តូរនូវបញ្ជីព័ត៌មានក្រុមហ៊ុនសក្តានុពលនាំចេញរវាងកម្ពុជា និងហុងគ្រី និងបានចែករំលែកព័ត៌មាន ព្រមទាំងផ្លាស់ប្តូរយោបល់យ៉ាងផុសផុល ដែលអាចនឹងជំរុញដល់ការតភ្ជាប់ធុរកិច្ចរវាងប្រទេសទំាងពីរ ឲ្យកាន់តែប្រសើរ។

ជាកិច្ចបញ្ចប់ វេទិកាជំនួបធុរកិច្ចកម្ពុជា-ហុងគ្រីនេះ បានប្រព្រឹត្តទៅយ៉ាងរលូនក្នុងបរិយាកាសដ៏ស្និទ្ធិស្នាល និងទទួលលទ្ធផលប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ។ តាមរយៈវេទិកានេះ ភាគីកម្ពុជា បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍និងសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ ដល់ធុរជននិងវិនិយោគិនហុងគ្រី ដែលមានបំណងមកពង្រីកប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងអនាគត៕