ក្រសួងសង្គមកិច្ច បើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីបែបបទនិងនីតិវិធី នៃការកំណត់អត្តសញ្ញាណកម្មជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប


(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបើកសិក្ខាសាលាពិគ្រោះយោបល់ពិនិត្យ និងកែសម្រួលសៀវភៅគោលការណ៍ណែនាំស្តីពី បែបបទ និងនីតិវិធី នៃការកំណត់អត្តសញ្ញាណកម្មជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប។

សិក្ខាសាលានេះបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ញឹក វណ្ណារ៉ា រដ្ឋក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ភាគីពាក់ព័ន្ធមួយចំនួន នាសណ្ឋាគារភ្នំពេញ។

ក្នុងនាមឯកឧត្តមរដ្ឋមន្ត្រី វង សូត ឯកឧត្តមបានថ្លែងថា សៀវភៅគោលការណ៍ណែនាំស្តីពី បែបបទនិងនីតិវិធីនៃការកំណត់អត្តសញ្ញាណកម្មជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប បានចងក្រងផលិតតាំងពីឆ្នាំ២០១៥មកម្លេះ មានរយៈពេល ៦ឆ្នាំ មកហើយ។ ដូច្នេះ សមល្មមដល់ពេលដែលត្រូវកែសម្រួលខ្លឹមសារគោលការណ៍ ឬបន្ថែមនូវអ្វីដែលថ្មីៗសម្រាប់ អនុវត្តន៍ទៅតាមបរិបទសង្គមបច្ចុប្បន្ន និងធ្វើឱ្យមានភាពជាក់លាក់ច្បាស់លាស់ ដើម្បីប្រើប្រាស់នីតិវិធីរួមគ្នា។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា ដោយសារតែកន្លងមកទិន្នន័យមិនទាន់មានការចែកដាច់អំពីការកំណត់អត្តសញ្ញាណជនរងគ្រោះ ឬជនងាយរងគ្រោះនៅឡើយ ពីព្រោះការអនុវត្តរបស់ក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធមានភាពខុសៗគ្នាមិនទាន់ត្រូវគ្នា ឬស៊ីសង្វាក់គ្នាដែលជាមូលហេតុធ្វើឱ្យមន្ត្រីជួរមុខជាអ្នកអនុវត្តផ្ទាល់មានការពិបាក ជាពិសេសធ្វើឱ្យរបាយការណ៏មិនមានការឯកភាពគ្នា។

ជាមួយគ្នានេះដែរ ឯកឧត្តម ញឹក វណ្ណារ៉ា បានបញ្ជាក់ថា ម្យ៉ាងវិញទៀតអនុសាសន៍របស់សហរដ្ឋអាមេរិក ដែលជារៀងរាល់ឆ្នាំបានលើកអំពីបញ្ហាជនរងគ្រោះ ដោយអំពើជួញដូរមនុស្សដោយភ្ជាប់នឹងការប្រើប្រាស់ពិធីសារ ឬគោលការណ៍នៃការកំណត់អត្តសញ្ញាណជន រងគ្រោះផងដែរ។ ទន្ទឹមនោះដែរក៏មានការដាក់បញ្ចូលបន្ថែមនូវទម្រង់ថ្មីៗ នៃបទល្មើសជួញដូរមនុស្ស ដូចជាករណីប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញ និងពិនិត្យលើខ្លឹមសារកំរងសំណួរនៃទម្រង់សម្ភសន៍ វែង ខ្លី នៅមានចន្លោះប្រហោងនៅឡើយ។ ក្នុងនោះដែរការប្រើប្រាស់ពាក្យពេចន៍នៅក្នុងសៀវភៅគោលការណ៍ណែនាំនេះមិនទាន់មានភាព សង្វាក់គា្ននៅឡើយ។

ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ទោះបីជាយ៉ាងណាក៏ដោយ គជ.បជ បានខិតខំប្រឹងប្រែងអនុវត្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទទួលបានលទ្ធផលល្អប្រសើរ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចក្រឡាហោម ស ខេង ក៏ដូចអនុប្រធានអចិន្ត្រៃយ៍ ហើយក៏មានការចូលរួមពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរ។ ក្នុងការបំពេញភារកិច្ចទប់ស្កាត់ បង្ក្រាប ផ្តន្ទាទោស បទល្មើសជួញដូរមនុស្ស។ ក្នុងនោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានខិតខំប្រឹងប្រែងបំពេញការងារ ចូលរួមដោះស្រាយបញ្ហានានា ក៍ដូចជាចូលរួមឆ្លើយតបទៅនឹងអនុសាសន៍របស់សហរដ្ឋអាមេរិក និងមានការចូលរួមកិច្ចប្រជុំ សិក្ខាសាលាជាច្រើនទៀតពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

និយាយដល់ចំណុចនេះ មន្ត្រីជាន់ខ្ពស់រូបនេះ ស្នើថាគួរមានយន្តការតែមួយ ទាំងក្រសួង ស្ថាប័ន និងអង្គការដៃគូរ ដើម្បីអនុវត្តឲ្យបានស៊ីសង្វាក់គា្ន ហើយធ្វើការបញ្ជូនទិន្នន័យទាំងអស់នោះ ទៅស្ថាប័នថ្នាក់ជាតិណាមួយជាអ្នកគ្រប់គ្រង និងសូមផ្តាំផ្ញើដល់ លោក លោកស្រី មេត្តាចូលរួមពិភាក្សាឱ្យបានផុលផុស និងផ្តល់នូវធាតុចូលល្អៗ ដើម្បីធ្វើយ៉ាងណាឱ្យសៀវភៅនេះកាន់តែគ្រប់ជ្រុងជ្រោយ ងាយយល់ និងអនុវត្តកាន់តែមានប្រសិទ្ធភាព៕