ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកន្លែងប្រមូលផ្តុំផលិតផលចំរុះ និងពិធីចុះកិច្ចសន្យាទិញ លក់ រវាងអ្នកប្រមូលទិញ និងក្រុមផលិតក្នុងសហគមន៍អភិវឌ្ឍន៍ស្រុកយើង


នៅសហគមន៍អភិវឌ្ឍន៍ស្រុកយើង ស្ថិតក្ក្នុងភូមិត្រពាំងត្នោត ឃុំសូរសែន្យ ស្រុកព្រៃឈរ មានរៀបចំពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកន្លែងប្រមូលផ្តុំផលិតផលចំរុះ និងពិធីចុះកិច្ចសន្យាទិញ លក់ រវាងអ្នកប្រមូលទិញ និងក្រុមផលិតក្នុងសហគមន៍អភិវឌ្ឍន៍ស្រុកយើង ក្រោមគម្រោងជំរុញ ទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេម) ក្រោមអធិបតីភាព ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពីអាជ្ញាធរ ស្រុកព្រៃឈរ មន្ទីរអង្គភាពពាក់ព័ន្ធ អ្នកប្រមូលទិញ ក្រុមផលិតក្នុងសហគមន៍អភិវឌ្ឍន៍ស្រុកយើង និងប្រជាពលរដ្ឋសរុប១១០នាក់។
លោក ឈាង បូរិន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម និងជាប្រធានគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចបានបញ្ជាក់ថា៖គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(អេមស៍) គឺជាគម្រោងរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (អ៊ីហ្វាត) ដែលចាប់អនុវត្តពីថ្ងៃទី២៨ ខែកុម្ភៈ​ ឆ្នាំ២០១៧ ដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ គម្រោងដឹកនាំអនុវត្តដោយ ក្រសួងពាណិជ្ជកម្ម និងសហការអនុវត្តពីដៃគូដទៃផ្សេងទៀត ដោយអនុវត្តលើទំនិញចំនួន ៥ប្រភេទ រួមមាន៖ បន្លែ មាន់ស្រែ ស្រូវ ដំឡូងមី និងសូត្រឆៅ សម្រាប់ខេត្តកំពង់ចាមអនុវត្តតែលើមុខទំនិញ៤មុខរួមមាន៖បន្លែ មាន់ស្រែ ស្រូវ និងដំឡូងមី។ ក្នុងរយៈពេលជាង៥ឆ្នាំមកនេះក្រុមការងារអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច នៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាមបានអនុវត្ត ទទួលបានលទ្ធផលជាច្រើនគួរឲ្យគត់សម្គាល់ ជាពិសេសការងាសម្របសម្រួល ការអភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃ ដោយផ្អែកលើទីផ្សារ ជាមួយសកម្មភាពអន្តរាគមន៍សំខាន់មានដូចជា៖ ការរៀបចំប្រជុំដោះស្រាយបញ្ហារាំងស្ទះនានា ក្នុងខ្សែច្រវាក់តម្លៃ -ការប្រជុំផ្សារភ្ជាប់អាជីវកម្ម ទៅអាជីវកម្ម, អាជីវកម្ម ទៅសេវាកម្ម ដើម្បីឈានដល់មានជាកិច្ចសន្យាទិញ លក់, ផ្តល់ជាវគ្គបណ្តុះបណ្តាលលើបច្ចេកទេសផលិតកម្ម អាជីវកម្ម, ការសម្របសម្រួលផែ្នកហិរញ្ញវត្ថុ,ការផ្តល់ជាហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីដោះស្រាយផ្នែកផលិតកម្ម និងទីផ្សារព្រមទាំងការចុះតាមដានកែលម្អ ពង្រឹងក្រុមផលិត និងការធ្វើសុខុមនីយកម្ម អាជីវកម្មផងដែរ។
​-បានផ្តល់ជាមូលនិធិអភិវឌ្ឍន៍តាមវិស័យ (SDF) ទ្រព្យសម្បត្តិសាធារណៈជាហេដ្ឋារចនាសម្ព័ន្ធក្នុង ឆ្នាំ២០២០ មានអណ្តូងទឹកប្រើម៉ូទ័របូមចំនួន៣២អណ្តូង និងក្នុងឆ្នាំ២០២១ចំនួន១៥កន្លែង រួមមាន៖ ១).អណ្តូងបូមទឹកប្រើប្រាស់ប្រព័ន្ធសូឡាចំនួន៤អណ្តូង ២).កន្លែងប្រមូលផ្តុំបន្លែចំនួន៣កន្លែង ៣).កន្លែងប្រមូលផ្តុំមាន់ចំនួន៤កន្លែង ៤)កន្លែងប្រមូលផ្តុំផលិតផលចំរុះចំនួន១កន្លែង និង៥)កន្លែងលាងសំអាតបន្លែ ចំនួន៣កន្លែង។
​-សហការជាមួយជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) ដែលបានចាប់ដៃគូជាមួយ ស្ថាប័នមីក្រូ ហិរញ្ញវត្ថុក្នុងការផ្តល់ជាទុនកម្ចីដែលមានអត្រាការប្រាក់សមរម្យជូនដល់ក្រុមកសិករ។
​-បានចុះអនុស្សារណៈនៃការយោគយល់គ្នាចំនួន ៤ ជាមួយក្រុមហ៊ុនទទួលទិញបន្លែ ផ្លែឈើ និងមាន់ស្រែ។
ឯកឧត្តម ហេង វណ្ណនី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម បានសម្តែងនូវក្តីសប្បាយរីករាយ ចំពោះសម្ធផលដែលទទួលបានថ្ងៃនេះ និងសូមកោតសរសើចំពោះមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាមដែលកន្លងមកតែងតែអនុវត្តតួនាទីរបស់ខ្លួនបានយ៉ាងល្អ ក្នុងការសម្របសម្រួលទីផ្សារជូនដល់ប្រជាកសិករ ក្រោមការចង្អុលបង្ហាញពីក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្តកំពង់ចាម។ ឯកឧត្តមបានជម្រាបជូនអង្គពិធីថា៖ក្នុងរយៈពេលពីរទស្សវត្សរ៍ចុងក្រោយ ប្រទេសកម្ពុជាទទួលបានសន្តិភាពពេញលេញ បូរណភាពទឹកដី សាមគ្គីភាពជាតិ និងស្ថេរភាពនយោបាយ មានការអភិវឌ្ឍរីកចម្រើនលូតលាស់ជាលំដាប់លើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ទោះបីជារយៈពេលជិតពីរកន្លងមកនេះប្រទេសយើងបានជួបវិបត្តិជាសកលនៃជំងឺកូវី១៩ ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចសកលនិយាយជារួម និងនិយាយដោយឡែកសម្រាប់ប្រទេសកម្ពុជា ក៏រាជរដ្ឋាភិបាលកម្ពុជាអាចគ្រប់គ្រងបានទាំងស្រុងចំពោះស្ថានការណ៍ដ៏លំបាកនេះ និងបានបើកដំណើរការប្រទេសឡើងវិញ លើគ្រប់វិស័យនាដើមខែវិច្ឆិកា ឆ្នាំ២០២១។ ចំពោះការរកទីផ្សារកសិផល ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ជាពិសេសក្រសួងពាណិជ្ជកម្មជាសេនាធិការ បានខិតខំចរចាបើកទីផ្សារជាមួយប្រទេសផ្សេងៗក្នុងពិភពលោក គឺធ្វើយ៉ាងណាឲ្យប្រទេសទាំងនោះជួយទិញ កសិផល ឬផលិតផល ដែលប្រទេសកម្ពុជាមាន ព្រមទាំងខិតខំចរចារបង្កើតជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងខិតខំទាក់ទាញអ្នកវិនិយោគ ពីបណ្តាប្រទេសនានា លើពិភពលោកឲ្យមកបណ្តាក់ទុនរកស៊ីក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងបង្កើតការងារ និងបង្កើនសេដ្ឋកិច្ចជាតិ។ តាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ដែលដឹកនាំដោយក្រសួងពាណិជ្ជកម្ម និងមានមន្ទីរពាណិជ្ជកម្មខេត្ត ជាអ្នកអនុវត្តផ្ទាល់ បានបង្កើតឱ្យមានការតភ្ជាប់ទីផ្សារដែលមានភាពជាក់លាក់ ទាំងបរិមាណ និងគុណភាពស្របតាមតម្រូវការរបស់ទីផ្សារ តាមរយៈការសម្របសម្រួលឲ្យមានជាកិច្ចសន្យាទិញ លក់ រវាងក្រុមអ្នកផលិត និងអ្នកទទួលទិញ។