សម្តេចពិជ័យសេនា ទៀ បាញ់ ផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ នាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារជាតិ


(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតមួយចូលរួមរំលែកទុក្ខចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានទទួលអនិច្ចកម្ម នាវេលាម៉ោង ១០:៤៥នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំនេះ ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។

តាមរយៈសារលិខិតមួយផ្ញើទៅកាន់ លោកជំទាវ សុខ លាង ដែលជាភរិយារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សុខ សារឿន សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ បានសម្តែងការសោកស្តាយរកអ្វីមកប្រៀបផ្ទឹមពុំបាន ដោយទទួលដំណឹងអំពីមរណភាពឯកឧត្តមនាយឧត្តមសេនីយ៍ សុខ សារឿន។

សម្តេចបានលើកឡើងថា៖ «មរណភាពរបស់ឯកឧត្តម គឺជាការបាត់បង់ស្វាមី បិតា ជីតាដែលប្រកបដោយព្រហ្មវិហារធម៌ និងជាការ បាត់បង់នូវមិត្តរួមអាវុធតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានរួមសុខរួមទុក្ខជាមួយគ្នា ក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជា រហូតដល់ថ្ងៃអវសាននៃជីវិត»

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមចូលរួមចែករំលែក នូវមរណទុក្ខដោយក្តីស្រណោះ និងការអាឡោះអាល័យជាមួយលោកជំទាវ សុខ លាង និងបុត្រាបុត្រី ព្រមទាំងបងប្អូន កូនក្មួយទាំងអស់នៃសព ដោយសេចក្តីសង្វេគជាទីបំផុត។

សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមនាយឧត្តមសេនីយ៍ សុខ សារឿន បានឆាប់ចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕