គ.ជ.ប ពិនិត្យ និងសម្រេចលើឯកសារសម្រាប់ប្រើប្រាស់ និងផ្សព្វផ្សាយក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥


គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីម្សិលមិញ បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យ និងសម្រេចលើឯកសារសម្រាប់ប្រើប្រាស់ និងផ្សព្វផ្សាយក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

តាមសេចក្តីប្រកាសរបស់គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២៥ ខែកុម្ភៈនេះបានឱ្យដឹងថា កិច្ចប្រជុំនេះ បានធ្វើឡើងនៅសាលប្រជុំរបស់គ.ជ.ប ក្រោមអធិបតីភាព លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប។

កិច្ចប្រជុំបានពិនិត្យ និងសម្រេចរួមមាន៖
* សៀវភៅណែនាំគណៈកម្មការការិយាល័យបោះឆ្នោត និងគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោត
* ទម្រង់ព្រឹត្តិបត្រព័ត៌មាន គ.ជ.ប
* ទម្រង់ព្រឹត្តិបត្រគោលនយោបាយរបស់គណបក្ស
* ទម្រង់ខិត្តប័ណ្ណស្តីពីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត
* សៀវភៅសម្រាប់អ្នកបោះឆ្នោត
* ខិត្តប័ណ្ណស្តីពីការគូសសញ្ញាគាំទ្រគណបក្សលើសន្លឹកឆ្នោត
* ស្ទិកគ័រ (sticker) ស្តីពីកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ និង
* Press Kits ។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារទាំងអស់ខាងលើរួចមក គ.ជ.ប បានកែសម្រួល និងសម្រេចឯកភាពលើខ្លឹមសារសម្រាប់ប្រើប្រាស់ និងផ្សព្វផ្សាយក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ផងដែរ៕