អគ្គនាយកដ្ឋានពន្ធដារ៖ កិច្ចព្រមព្រៀងការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលរវាងកម្ពុជា និងតួកគី បានចុះហត្ថលេខារួចរាល់ហើយ


អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាមចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះថា កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលតួកគី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នានិងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល (Agreement between the Government of the Kingdom of Cambodia and the Government of the Republic of Turkey for the Avoidance of Double Taxation andthePreventionofFiscalEvasionwithRespecttoTaxesonIncome) ត្រូវបានចុះហត្ថលេខារួចហើយ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២នៅទីក្រុងអង់ការ៉ា សាធារណរដ្ឋតួកគី ក្នុងអំឡុងពេលនៃទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទៅសាធារណរដ្ឋតួកគី។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ប្រាក់ សុខុន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងលោក ម៉េវលុត ឆាវ៊ូសអ៊កលូ រដ្ឋមន្រ្តីការបរទេសសាធារណរដ្ឋតួកគីក្នុងនាមរដ្ឋាភិបាលតួកគី។ តួកគី គឺជាដៃគូDTA ទី១ដែលកម្ពុជាមានជាមួយប្រទេសនៅតំបន់អឺរ៉ុប និងក៏ជាសមាជិកG20 ទី៤ដែលកម្ពុជាមាន DTA ជាមួយផងដែរ។

បច្ចុប្បន្ននេះ កម្ពុជាបានចុះហត្ថលេខាលើ DTA ចំនួន ១១ រួចហើយគឺ៖កម្ពុជា-សិង្ហបុរី,កម្ពុជា-ថៃ,កម្ពុជា-ចិន, កម្ពុជា-វៀតណាម, កម្ពុជា-តំបន់រដ្ឋបាលពិសេសហុងកុង, កម្ពុជា-ព្រុយណេ, កម្ពុជា-ឥណ្ឌូណេស៊ី, កម្ពុជា-ម៉ាឡេស៊ី, កម្ពុជា-សាធារណរដ្ឋកូរ៉េ, កម្ពុជា-តំបន់រដ្ឋបាលពិសេសម៉ាកាវ, និង កម្ពុជា-តួកគី ដែលទើបនឹងបានចុះហត្ថលេខានាពេលនេះ។

ទន្ទឹមនឹងនេះ កម្ពុជា ក៏កំពុងធ្វើការចរចា DTA ជាមួយប្រទេសដៃគូមួយចំនួន ដូចជា ហ្វីលីពីន ជប៉ុន ឡាវ និងអេមីរ៉ាតអារ៉ាប់រួម ជាដើម។

កិច្ចព្រមព្រៀងនេះ ជាសមិទ្ធផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធផលសំខាន់ៗជាច្រើនដែលរាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា សម្រេចបានក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាព្រមទាំងការចង្អុលបង្ហាញដោយផ្ទាល់ និងជាប្រចាំរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕