ឯកឧត្តម ស៊ុន ចាន់ថុល៖ កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ជាកត្តាដ៏សំខាន់មិនអាចខ្វះបានក្នុងការទាក់ទាញវិនិយោគិនពីបរទេស


ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ជាកត្តាសំខាន់មិនអាចខ្វះបានក្នុងការទាក់ទាញវិនិយោគិនពីបរទេសបង្កើតការងារជូនប្រជាពលរដ្ឋ ទាក់ទាញអ្នកទេសចរ ស្វែងរកទីផ្សារលក់កសិផល រួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ជាពិសេសកត្តាសុខសន្តិភាពនេះ បានផ្តល់ឱកាសដល់រាជរដ្ឋាភិបាល ក្នុងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីអាចឱ្យប្រជាពលរដ្ឋធ្វើដំណើរបានងាយស្រួល កាត់បន្ថយពេលវេលា និងការចំណាយប្រកបដោយប្រសិទ្ធភាពផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ យានដ្ឋាន អេក្លាសអូតូ (A Klasse Auto) សាខាបឹងស្នោ ឋិតនៅផ្លូវជាតិលេខ១ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃ១២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញបំណងចង់សហការជាមួយក្រុមហ៊ុន Iron Capital ដើម្បីជួយបណ្ដុះបណ្ដាលសិស្សនិស្សិតវិទ្យាស្ថានតេជោ សែន សាធា រណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការនិងដឹកជញ្ជូន ដើម្បីឱ្យពួកគាត់មានជំនាញក្នុងការជួសជុល និងថែទាំរថយន្តដែលខ្លួនប្រើប្រាស់ដោយខ្លួនឯង ប្រកបដោយគុណភាព បន្ថែមពីលើចំណេះដឹងក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការគ្រប់គ្រងការដឹកជញ្ជូន និងភ័ស្តុភារកម្ម និងបានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យចូលរួមជាមួយក្រសួងសាធា រណការនិងដឹកជញ្ជូនក៏ដូចជារាជរដ្ឋាភិបាល ដោយយកយានជំនិះរបស់ខ្លួនមកត្រួតពិនិត្យ លក្ខណៈបច្ចេកទេស ឱ្យបានទៀងទាត់ ដើម្បីធានាសុវត្ថិភាព។

ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រុមហ៊ុននេះជាក្រុមហ៊ុនដែលមានមជ្ឈមណ្ឌលផ្តល់សេវាជួសជុល ថែទាំរថយន្តតែមួយគត់ ដែលបំពាក់ដោយបរិក្ខារទំនើបៗ រួមទាំងសេវាកម្មស្របតាមស្តង់ដារថយន្តអន្តរជាតិ និងចូលមកផ្តល់សេវាជូនពលរដ្ឋខ្មែរស្របពេលដែលសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន។ ពោលគឺទោះបីមានជំងឺកូវីដ-១៩ នៅបន្តឆ្លងរីករាលដាលក៏ដោយ ក៏ការចុះបញ្ជីយានយន្តជារៀងរាល់ឆ្នាំ មានការកើនឡើងគួរឱ្យកត់សម្គាល់ ។ កម្រិតជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅមានភាពប្រសើរឡើង មានថវិកាសម្រាប់ទិញរថយន្តមកប្រើប្រាស់ ដែលតម្រូវឱ្យមានសេវាថែទាំជួសជុលយានយន្តមានគុណភាពល្អស្តង់ដារផងដែរ។

ជាមួយគ្នានេះដែរ លោក Herfried Hasenoehrl ឧត្តមក្រុមប្រឹក្សាភិបាលជាន់ខ្ពស់ក្រុមហ៊ុន Iron Capital បានមានប្រសាសន៍អំពីបេសកកម្មរបស់យានដ្ឋាន A Klasse របស់ក្រុមហ៊ុន ក្នុងការបំពេញតាមសេចក្ដីត្រូវការ និងការរំពឹងចង់បានរបស់អតិថិជន និងការធ្វើប្រតិបត្តិការអាជីវកម្ម ប្រកបដោយទំនួលខុសត្រូវចំពោះសហគមន៍ ក៏ដូចជាការលើកទឹកចិត្តដល់បុគ្គលិកផងដែរ និងបានបង្ហាញជំនឿយ៉ាងមុតមាំថា ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអតិថិជនរបស់ក្រុមហ៊ុន នឹងទទួលបាននូវអត្ថប្រយោជន៍ពីយុគសម័យថ្មី នៃអាជីវកម្មរបស់ក្រុមហ៊ុន Iron Capital នាពេលនេះ។

សូមបញ្ជាក់ថា ក្រុមហ៊ុន A Klasse គឺជាម៉ាកយីហោយានដ្ឋានដែលមានវិញ្ញាបន បត្រ ISO ពីរដំបូងគេនៅកម្ពុជា ហើយជាយានដ្ឋានផ្ដល់ដំណោះស្រាយគ្រប់ជ្រុងជ្រោយលើសេវាកម្មជួសជុល និង ថែទាំយានយន្ត ក្រុមការងារយន្តការីបំពេញការងារដោយការតាំងចិត្ត និងទទួលបានការបណ្ដុះបណ្ដាលយ៉ាងល្អ ផ្ដល់សេវាកម្មទំនើបទាន់សម័យមានដូចជា ការពិនិត្យថែទាំ ការពិនិត្យប្រេង និង ហ្វ្រាំង ការប្ដូរសម្បកកង់ ការពិនិត្យអាគុយ និងការថែទាំនានា ផ្ដល់សេវាកម្មពោរពេញដោយគុណតម្លៃខ្ពស់ ដូចជា សេវាកម្មជួសជុលចល័តជាដើម៕