អភិបាលខេត្តត្បូងឃ្មុំ អំពាវនាវពង្រឹងការអនុវត្តវិធានការ «៣កុំ-៣ការពារ» និងប្រុងប្រយ័ត្នចំពោះការរីករាលដាល នៃជំងឺកូវីដ១៩ មេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង


ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំពាវនាវសារជាថ្មីម្តងទៀតដល់ប្រជាពលដ្ឋខេត្តត្បូងឃ្មុំ ឱ្យចូលរួមអនុវត្តវិធានការ «៣កុំ-៣ការពារ» ដែលសំខាន់បំផុតគឺការលាងសម្អាតដៃ ការពាក់ម៉ាស់ និងការរក្សាគម្លាត សុវត្ថិភាព ហើយចៀសវាងនូវការជួបជុំណាដែលមានចរិតជាការឆ្លងដើម្បីធានាថា យើងមិនឆ្លងជំងឺកូវីដ-១៩ ហើយបើទោះបីជាឆ្លងក៏ដោយ ក៏មិនដល់ថ្នាក់ឈានទៅដល់ស្ថានភាពធ្ងន់ធ្ងរដល់អាយុជីវិតដែរ។

ឯកឧត្តមបណ្ឌិតបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ តាមរយៈសារសំឡេងពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ថ្មីៗនេះ ក៏បានអំពាវនាវផងដែរដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យពង្រឹងការអនុវត្តវិធាន «ការ៣កុំ និង៣កុំការពារ» ឱ្យបានខ្ជាប់ខ្ជួនឡើងវិញ និងបានជំរុញឱ្យមានការកាត់បន្ថយការជួបជុំ កម្សាន្តសប្បាយដែលមានមនុស្សច្រើន។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជរាណាចក្រកម្ពុជា ប្រធានគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.ប.ក) ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ អំពីសុខុមាលភាពប្រជាពលរដ្ឋ បានបង្ហាញនូវសមត្ថភាព និងឆន្ទៈដ៏មុតស្រួចក្នុងការឆ្លើយតបតាមគ្រប់មធ្យោបាយ ដើម្បីបង្ការ និងគ្រប់គ្រងការចម្លងរាតត្បាតក្នុងសហគមន៍ នៃជំងឺកូវីដ១៩ ដោយបានដាក់ចេញនូវវិធានការសមស្រប និងចាំបាច់នានាបានទាន់ពេលវេលា។

ជាចុងក្រោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់យ៉ាងដូច្នេះ «សូមអំពាវនាវដល់ប្រជាពលរដ្ឋខេត្តត្បូងឃ្មុំទាំងអស់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី អូមីក្រុង ដែលកំពុងរីករាលដាលចូលក្នុងសហគមន៏ គឺត្រូវមានការចូលរួមប្រឹងប្រែងពីប្រជាពលរដ្ឋម្នាក់ៗ គ្រួសារនីមួយៗធ្វើការការពារខ្លួនមិនត្រូវធ្វេសប្រហែសខ្លួនឡើយ ពង្រឹងការអនុវត្តនូវវិធានការ៣កុំនិង៣ការពារ ឱ្យបានខ្ជាប់ខ្ជួន និងជំរុញការចាក់វ៉ាក់សាំងដូសមូលដ្ឋាននិងដូសជំរុញអោយបានគ្រប់ៗគ្នា »