ឯកឧត្តម ថោង ខុន៖ អគារច្រកទ្វារអន្តរជាតិប៉ោយប៉ែតថ្មី ជាកន្លែងដើមទីដំបូងមួយក្នុងការផ្តល់បដិសណ្ឋារកិច្ច និងភាពកក់ក្តៅដល់ភ្ញៀវទេសចរ


ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា អគារអ្នកដំណើរថ្មីនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត គឺជាកន្លែងដើមទីដំបូងគេមួយក្នុងការផ្តល់បដិសណ្ឋារកិច្ច និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ ដែលជាសមិទ្ធផលថ្មីសន្លាងមួយទៀតរបស់រាជរដ្ឋាភិបាល និងបានបញ្ជាក់ច្បាស់ពីមុខមាត់និងមោទនភាពជាតិកម្ពុជា។

ការថ្លែងបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងឱកាសចូលរួមក្នុងពីធីដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវអគារអ្នកដំណើរថ្មីនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២២។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា អគារច្រកទ្វារដ៏ស្កឹមស្កៃនេះត្រូវបានសាងសង់ឡើងនៅថ្ងៃ២៧ ខែតុលា ឆ្នាំ២០១៧ ហើយបានបញ្ចប់នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១។

អគារនេះបានបង្កប់ដោយរចនាប័ទ្មខ្មែរ និងស័ក្តិសមជាមុខមាត់នៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសសម្បូរដោយសម្បត្តិវប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់ និងមានរចនាសម្ពន្ធបម្រើការងារស្របតាមស្តង់ដាអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា អគារថ្មីនេះមិនត្រឹមតែបម្រើផលប្រយោជន៍ដល់សន្តិសុខ សេដ្ឋកិច្ច និងសង្គមប៉ុណ្ណោះទេ ថែមទាំងចូលរួមគាំទ្រដល់ការបំពេញការងាររបស់ក្រុមមន្ត្រីសមត្ថកិច្ចប្រកបដោយវិជ្ជាជីវៈ ជាមួយឥរិយាបថល្អរួសរាយរាក់ទាក់ទន់ភ្លន់ និងម៉ឺងម៉ាត់ផ្នែកជំនាញ ដើម្បីប្រែក្លាយអគារនេះជាកន្លែងដើមទីដំបូងគេមួយក្នុងការផ្តល់បដិសណ្ឋារកិច្ច និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ។

ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត គឺជាច្រកទ្វារព្រំដែនអន្តរជាតិដ៏សំខាន់មួយរបស់ប្រទេសកម្ពុជាសម្រាប់សេដ្ឋកិច្ច និងទេសចរណ៍ និងជាច្រកផ្លូវគោកចម្បងដែលមុនជំងឺកូវីដ-១៩ បានទទួលស្វាគមន៍ភ្ញៀវទេសចរប្រមាណ២៨%នៃភ្ញៀវទេសចរតាមផ្លូវគោកសរុប និងប្រមាណ៨.៧%នៃទេសចរអន្តរជាតិសរុបមកកម្ពុជា៕