ក្រុងកែប ទទួលបានវិញ្ញាបនបត្រ ទទួលស្គាល់ជាទីក្រុង និរន្តរភាពបរិស្ថានអាស៊ានលើកទី៤ ប្រចាំឆ្នាំ២០២១ លើសូចនាករ «ខ្យល់ស្អាត»


រដ្ឋបាលខេត្តកែប បានរៀបចំព្រឹត្តិការណ៍ដង្ហែក្បួនព្យុះហយាត្រា ក្រោមប្រធានបទ «ក្រុងកែប ទទួលវិញ្ញាបនបត្រ ទទួលស្គាល់ជាទីក្រុង និរន្តរភាពបរិស្ថានអាស៊ានលើកទី ៤ ប្រចាំឆ្នាំ២០២១ លើសូចនាករ «ខ្យល់ស្អាត»

ពិធីដង្ហែនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២នេះ បានប្រព្រឹត្តធ្វើឡើង តាមបណ្ដោយផ្លូវជាតិលេខ ៣៣-៣៣A ដើម្បីអបអរសាទរផ្សព្វផ្សាយ ស្នាដៃដឹកនាំទទួលបានជ័យលាភីខាងលើ ក្រោមការចូលរួមដឹកនាំ ពីឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប មន្ត្រី កងកម្លាំង អាជ្ញាធរពាក់ព័ន្ធក្រោមឱវាទ និងចូលរួមពីប្រជាពលរដ្ឋ និងសិស្សានុសិស្សផងដែរ ប្រមាណ ៥០០នាក់។

ក្នុងពិធីជួបជុំនិងដង្ហែក្បួននោះ ឯកឧត្តម សោម ពិសិដ្ឋ បានបញ្ជាក់ថា ខេត្តកែប ធ្លាប់ទទួលបានពានរង្វាន់នេះម្តងហើយ នេះគឺជាការទទួលជាលើកទី២។

ដើម្បីបន្តទទួលបានពានរង្វាន់នេះ និងពានរង្វាន់ផ្សេងៗទៀត គឺឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់គ្រប់ភាគីទាំងអស់ចូលរួមថែរក្សាការពារបរិស្ថានអនាម័យទាំងអស់គ្នា ហើយរាល់គម្រោងអភិវឌ្ឍន៍ទាំងអស់ ត្រូវសិក្សាផលប៉ះពាល់ បរិស្ថាន និងសង្គមឲ្យបានត្រឹមត្រូវ គ្រប់រាល់មូលដ្ឋានបម្រើសេវាទេសចរណ៍ និងសិប្បកម្មនានាដែលមានទីតាំងជាប់ឆ្នេសមុទ្រ ត្រូវមានអាងប្រព្រឹត្តកម្មទឹកកខ្វក់ឬធុងចម្រុះទឹកកខ្វក់ផ្ទាល់ខ្លួន មុនបង្ហូរចូលប្រព័ន្ធលូសាធារណៈ គ្រប់ទីកន្លែង ស្ថានប័នរដ្ឋ និងឯកជន និងផ្ទះប្រជាពលរដ្ឋ ត្រូវមានធុងសំរាម និងទទួទយកសេវាប្រមូលសំរាម។

គ្រប់ការដ្ឋានយករ៉ែផ្សេងៗ ការដ្ឋានសំណង់ ផ្លូវថ្នល់ ត្រូវអុវត្តតាមបច្ចេកទេសឲ្យបានត្រឹមត្រូវ ចៀសវាងការហុយធូលីទៅបរិយាកាស ហាមដុតសំរាម កំទេចកំទី កាកសំណល់ផ្សេងៗ ដែលបណ្តាលឲ្យមានភ្លើងឆេះព្រៃ ពិសេសឧទ្យានជាតិខេត្តកែប ត្រូវបន្តថែទាំ ដាំដើមឈើបន្ថែមនៅតាមទីសាធារណៈ សាលារៀន មូលដ្ឋានភូមិឃុំជាដើម៕