រដ្ឋបាលខេត្តសៀមរាប ណែនាំ វិធានការសុខាភិបាល ៦ចំណុច ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩


រដ្ឋបាលខេត្តសៀមរាប ចេញសេចក្ដីណែនាំ ៦ចំណុចដើម្បីពង្រឹងការអនុវត្តវិធានការសុខាភិបាល ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ។

យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាខេត្តសៀមរាប បាឲ្យដឹងថា ដើម្បីពង្រឹងការអនុវត្តវិធានការនានា និងធានាប្រក្រតីភាពក្នុងការស់នៅតាមបែបគន្លងថ្មីនៃបរិបទជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ដែលកំពុងឆ្លងរាលដាលនៅលើពិភពលោក ក៏ដូចជាប្រទេសកម្ពុជា ហើយខេត្តសៀមរាបក៏ប្រឈមនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះដែរ។ ក្នុងសេចក្ដីជូនដំណឹងនោះ បានបញ្ជាឱ្យស្នងការខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត រដ្ឋបាលក្រុង-ស្រុក មន្ទីរពាក់ព័ន្ធទាំងអស់ ត្រូវបន្តជំរុញផ្សព្វផ្សាយគ្រប់រូបភាព ឱ្យមានការចូលរួមអនុវត្តនូវវិធានការសុខាភិបាល និងវិធានការផ្សេងៗទៀត ដូចជាកាតព្វកិច្ចពាក់ម៉ាស់ កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល និងការអនាម័យជាប្រចាំ ព្រមទាំងប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ និង៣កុំ នៅតាមទីសាធារណៈនានារួមមាន ផ្សារ ទីកន្លែងលក់គ្រឿងឧបភោគបរិភោគ និងទំនិញគ្រប់ប្រភេទ វិហារសាសនា វត្តអារាម រមណីយដ្ធានទរសចរណ៍ ភោជនីយដ្ធាន អាហារដ្ធាន កន្លែងប្រារព្ធពិធីបុណ្យទាន អាពាហ៍ពិពាហ៍ និងទីតាំងផ្សេងទៀតដែលមានសភាពអ៊ូអរ និងមានមនុស្សជួបជុំគ្នាក្នុងចំនួនច្រើន ។

បន្ថែមពីនោះ ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តជំរុញប្រជាពលរដ្ធក្នុងមូលដ្ឋានដែលមិនទាន់បានចាក់វ៉ាក់សាំង សូមទៅចាក់ឲ្យបានគ្រប់ៗគ្នា។ ក្នុងករណីមានអាការៈសង្ស័យជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ត្រូវរកសេវាពិគ្រោះបន្ទាន់ជាមួយគ្រូពេទ្យជំនាញ ឫរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន។ ចំពោអ្នកវិជ្ជមានកូវីដ-១៩ ដែលត្រូវគ្រូពេទ្យជំនាញអនុញ្ញាតិឱ្យសម្រាកព្យាបាលនៅតាមផ្ទះ ត្រូវអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដាសម្រាប់ការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ៕