ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន៖ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ក្តីអាណិតស្រលាញ់ សណ្តោសប្រណី យកចិត្តទុកដាក់គិតគូរខ្ពស់ពីសុខទុក្ខដល់មនុស្សវ័យចាស់ និងប្រជាពលរដ្ឋទាំងអស់គ្រប់ពេលវេលា


(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាប្រធានកិត្តិយសសមាគមមូលនិធិមនុស្សចាស់ខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងសន្និបាតសមាគមមូលនិធិមនុស្សចាស់ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសមាជិកសមាជិកា ពីក្រុមការងារពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋាន នៅសាលាខេត្តបន្ទាយមានជ័យ។

ថ្លែងក្នុងនាមប្រធានក្រមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងជាប្រធានកិត្តិយសសមាគមមូលនិធិមនុស្សចាស់ខេត្តបន្ទាយមានជ័យ នាឱកាសនោះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាល គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំសមាគមមូលនិធិមនុស្សចាស់ សប្បុរសជន វិស័យសាសនា វិស័យឯកជន និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានចូលរួមអនុវត្តតាមតួនាទី និងភារកិច្ចក្នុងបុព្វហេតុការងារមនុស្សវ័យចាស់ ដែលទទួលបានលទ្ធផលជាផ្លែផ្កា ជាក្តីសង្ឃឹមសម្រាប់មនុស្សមានចំណាស់។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានបន្តថា សម្តេចតេជោ ហ៊ុន សែន និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់នូវក្តីអាណិតស្រលាញ់ សណ្តោសប្រណី យកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសុខទុក្ខលោកយាយ លោកតា បងប្អូន ដែលជាមនុស្សវ័យចាស់ និងប្រជាពលរដ្ឋទាំងអស់គ្រប់ពេលវេលា និងបានតាមដានណែនាំ ជាប្រចាំដល់សមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយកចិត្តទុកខ្ពស់ចំពោះ សុខុមាលភាព និងការរស់នៅរបស់មនុស្សវ័យ ចាស់ និងបានដាក់ឱ្យប្រើប្រាស់នូវគោលនយោបាយជាតិស្តីពីមនុស្សចាស់ឆ្នាំ២០១៧-២០៣០ ជួយកសាងសំណាញ់សុវត្ថិភាពមួយ និងអភិវឌ្ឍន៍នូវប្រព័ន្ធគាំពារសង្គមដល់មនុស្សចាស់ជាពិសេសនៅក្នុងអំឡុងពេលកូវីដ-១៩កន្លងមកនេះ។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាននាំអំណោយសម្រាប់និវត្តជនមនុស្សវ័យចាស់ចំនួន៦៥នាក់ ក្នុងម្នាក់ៗទទួលបាន៖ ក្រម៉ា១ កំសៀវដាំទឹកអគ្គិសនី១ ពិលជួតក្បាល១ សារុង១ ទឹកដោះគោ២កំប៉ុង តែ១កញ្ចាប់ ស្ករស១គីឡូ មីខៀវ៥កញ្ចាប់ កៅអៀក៥បន្ទះ អំបិល១កញ្ចាប់ បំពង់ហឺត២ដប ទឹកសុីអុីវ១ដប ទឹកត្រី១ដប ប្រេងឆាដប១លីត្រ១ដប ភួយ១ អាវរងារ១ ថវិកា៥មុឺនរៀល។

សន្និបាតនោះក៏បានទទួលនូវថវិកាដែលចូលរួមក្នុងសមាគមមូលនិធិមនុស្សចាស់ខេត្តបន្ទាយមានជ័យ ពីសប្បរសជនសរុប ១២៨,៥៨៧.៥០ដុល្លារ។ សូមបញ្ជាក់ថា គិតត្រឹមខែមីនា ឆ្នាំ២០២២នេះ មានមានប្រជាពលរដ្ឋវ័យចំណាស់ចំនួន ៦៦០៧០នាក់ ស្មើនឹង៨,២% នៃប្រជាជនសរុបក្នុងខេត្តបន្ទាយមានជ័យ ក្នុងនោះអាយុ៨០ឆ្នាំឡើង មានចំនួន ៦ ៦០២នាក់ស្មេីនឹង១០% នៃចំនួនមនុស្សចាស់សរុបក្នុងខេត្តបន្ទាយមានជ័យផងដែរ៕