ឯកឧត្តម ឡូយ សុផាត អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោត និងប្រធាន សមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងមុខតំណែង ដែលពុំជាប់ជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ


នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ឡូយ សុផាត តំណាង​រាស្ត្រ​មណ្ឌលខេត្តស្ទឹងត្រែង និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោត និងប្រធាន សមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងមុខតំណែង ដែលពុំជាប់ជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ ស្ថិតនៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលមានសមាសភាពអ្នកចូលរួមសរុប៨៦នាក់។
ក្នុងពិធីសំណេះសំណាលនេះក៏មានការចូលរួមពីសំណាក់ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណបក្សខេត្ត ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង ក្រុមការងារថ្នាក់កណ្តាលជួយខេត្តស្ទឹងត្រែង ក្រុមការងារជួយមូលដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ គណកម្មាធិការបក្សស្រុក ក្រុមប្រឹក្សាឃុំ ផងដែរ។
ជាកិច្ចចាប់ផ្តើម លោក លី មីណា ប្រធានបក្សស្រុក បានឡើងមានមតិស្វាគមន៍ និងធ្វើសេចក្តីរាយការណ៍សង្ខេបអំពីសភាពការណ៍ទូទៅ វឌ្ឍនភាពសង្គម និងការងារកសាងបក្សក្នុងស្រុក ផងដែរ។
បន្ទាប់មក ឯកឧត្តម ស្វាយ សំអ៊ាង បានឡើងមានមតិអំពីការងារសតិអារម្មណ៍ និងការដោះស្រាយតម្រូវការមូលដ្ឋាន ការផ្សារភ្ជាប់សេវាសាធារណៈខិតទៅរកប្រជាជន ខិតខំកសាងសមិទ្ធផលរួម ដើម្បីផលប្រយោជន៍រួម។
នាឱកាសនោះ ឯកឧត្តម ឡូយ សុផាត បានធ្វើការសំណេះសំណាលជាមួយអង្គពិធី ដោយបានលើកឡើងបញ្ជាក់អំពី ប្រវត្តិនៃទស្សនៈលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស សុខសន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីភាព ការបោះឆ្នោតបំពេញបន្ថែមអនុប្រធានគណបក្សប្រជាជនកម្ពុជា ចំនួន២រូប លទ្ធផលការបោះឆ្នោតជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ជាពិសេសពីសភាពការណ៍ពិភពលោក និងលើកឡើងពីតួនាទីភារកិច្ចក្រុមប្រឹក្សាឃុំក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ការអភិវឌ្ឍមុខរបរ ចំណេះដឹង ជំនាញ វិជ្ជាជីវៈដំណាំដាំដុះ ការអភិវឌ្ឍឃុំ/ស្រុកស្អាត គ្រួសារស្អាតរួមគ្នាសម្អាតអនាម័យ និងរស់នៅល្អមានភាពទាក់ទាញ ការបំផុសទឹកចិត្តប្រជាពលរដ្ឋក៏ដូចជាអង្គពិធី ឲ្យក្លាយជាម្ចាស់នៃការអភិវឌ្ឍបោះជំហានដោយខ្លួនឯង ថ្ងៃក្រោយគេនឹងមកធ្វើការវិនិយោគ និងអភិវឌ្ឍន៍ទេសចរណ៍ ជំរុញវិស័យកសិ-ឧស្សាហកម្ម បរិស្ថានស្អាត ទឹកស្អាត មានផ្លូវ មានអគ្គិសនីប្រើប្រាស់ ការអភិវឌ្ឍធនធានមនុស្សជាដើម។ល។ និងបានផ្តល់ទស្សនៈពីរ ទុកឲ្យយុវជនជំនាន់ក្រោយគឺ “ទន្លេជាអច្ឆរិយៈរបស់ផែនដី” និង “មាត់ទន្លេជាសម្បត្តិធម្មជាតិគ្រប់ទីកន្លែង”។
បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលរួចមក ឯកឧត្តម ឡូយ សុផាត និងក្រុមការងារ បានឧបត្ថម្ភថវិកាដល់ឃុំអូរស្វាយចំនួន៤លាន៥សែនរៀល ឃុំកោះស្នែងចំនួន៤លាន៥សែនរៀល ឃុំព្រះរំកិលចំនួន៤លាន៥សែនរៀល និងស្រុកបុរីអូស្វាយសែនជ័យចំនួន១លានរៀល ផងដែរ។