ក្រសួងបរិស្ថាន បើកយុទ្ធនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា នៅថ្ងៃទី០៣ ខែមីនា


(ភ្នំពេញ)៖ «យុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា» ផ្តួចផ្តើម និងដឹកនាំរៀបចំ ដោយក្រសួងបរិស្ថាន ដោយមានការចូលរួមរបស់អង្គការអន្តរជាតិដៃគូ ក្នុងកិច្ចការអភិរក្សធនធានធម្មជាតិ នឹងចាប់ផ្តើមជាផ្លូវការ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ និងប្រព្រឹត្តទៅរយៈពេល៦ខែ នៅក្នុងបណ្តាខេត្តខាងកើតទន្លេមេគង្គរួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និងខេត្តកំពង់ធំ។

នេះគឺជាការប្រកាសឲ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២២នេះ នៅទីស្តីការក្រសួងបរិស្ថាន ដែលមានការចូលរួមពីតំណាង អង្គការដៃគូរួមមានអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) សមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) អង្គការជីវិតសត្វស្លាបអន្តរជាតិ (Birdlife International) អង្គការអភិរក្សអន្តរជាតិ (CI) គម្រោងព្រៃឡង់បៃតង របស់ទីភ្នាក់ងារ សហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍអននតរជាតិ (USAID Green Prey Lang)។

ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងថា ការបើកយុទ្ធនាការអន្ទាក់សូន្យនៅថ្ងៃទី៣ ខែមីនា ស្របពេលដែលពិភពលោក ប្រារព្ធទិវាសត្វព្រៃពិភពលោកផងដែរ និងមានគោលបំណងសំខាន់រួមមាន ការផ្សព្វផ្សាយអប់រំអំពី ផលប៉ះពាល់ ដោយសារអន្ទាក់ទៅលើជីវិត សត្វ និងជីវិតមនុស្ស ពង្រឹងការអនុវត្តច្បាប់ ការផ្លាស់ប្តូរឥរិយាបថពលរដ្ឋ ឲ្យបង្កើនការប្រតិបត្តិ មេត្រីបរិស្ថាន ស្រឡាញ់សត្វព្រៃជីវៈចម្រុះ និងការលុបបំបាត់ការបរបាញ់សត្វ ការដាក់អន្ទាក់ខុសច្បាប់ និងការលុបបំបាក់ ការជួញដូរសាច់សត្វព្រៃ ក៏ដូចជាបង្កើនសុវត្ថិភាពដល់សត្វព្រៃគ្រប់ប្រភេទ។

ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថា ស្ថានភាពនៃ ការការពារនិងអភិរក្សធនធានធម្មជាតិ ដែលជាទីជម្រករបស់ សត្វព្រៃនៅកម្ពុជា មានភាពល្អប្រសើរ ដែលបានផ្តល់ជាជម្រក សម្រាប់សត្វព្រៃ និងជាប្រភពទឹក និងចំណីរបស់សត្វព្រៃ តែអ្វីដែលយើងត្រូវគិតគូរបន្ថែមទៀត គឺធ្វើឲ្យតំបន់ការពារធម្មជាតិ កាន់តែមានសុវត្ថិភាពសម្រាប់សត្វព្រៃនិងជីវៈចម្រុះផ្សេង ទៀត។ លោកបានថ្លែងថា អន្ទាក់គឺកត្តាដែលគំរាមកំហែង ខ្លាំងចំពោះសត្វព្រៃ។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើថា បរិមាណអន្ទាក់ដែលបានដោះនៅឆ្នាំ២០២១ មានចំនួន ៦១៦១១ អន្ទាក់ កើនឡើងប្រមាណជាង២០% បើប្រៀបធៀបនឹងបរិមាណអន្ទាក់ដោះបាននៅឆ្នាំ២០២០ ដែលមានចំនួន ៤៣ ២៧០ អន្ទាក់។ ឯកឧត្តមបានថ្លែងថា អន្ទាក់ដែលត្រូវបានដោះចេញ អន្ទាក់ជាឃាតកលាក់មុខដែលបន្តសម្លាប់សត្វព្រៃ នៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា ព្រោះមានប្រភេទអន្ទាក់ឆក់ខ្សែភ្លើង អន្ទាក់វាយបំបាក់ស្មងជើង និងប្រភេទគ្រោះថ្នាក់ផ្សេងៗទៀត។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា យុទ្ធនាការ អន្ទាក់សូន្យនឹងជាផ្នែកមួយនៃការជួយបញ្ជ្រាបការយល់ដឹងរបស់ប្រជាពលរដ្ឋ និងចូលរួមកាត់បន្ថយចំនួនអន្ទាក់នៅក្នុង តំបន់ការពារធម្មជាតិ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននេះដែរ លោក គឹម ណុង អគ្គនាយកនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន បានថ្លែងថា ក្នុងយុទ្ធនាការនេះសំដៅធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋតាមមូលដ្ឋានដែលមានទម្លាប់ដាក់អន្ទាក់ចាប់សត្វព្រៃ ឲ្យងាកមកគោរពច្បាប់ និងឲ្យពួកគាត់យល់ពីតម្លៃសត្វព្រៃ ហើយរួមគ្នាមកចូលរួមអភិរក្សសត្វព្រៃ ដែលជាសត្វមានតម្លៃមហាសាលមិនអាចកាត់ថ្លៃបានជាសាកល។

លោកបានថ្លែងថា កម្ពុជាមានច្បាប់សម្រាប់ដាក់ទោសវិន័យ ហើយនិងសម្រាប់បទល្មើសដាក់អន្ទាក់ គឺជាច្បាប់ល្មើសធនធានធម្មជាតិថ្នាក់លេខ៣ ដែលក្នុងនេះ មានទាំងការផាកពិន័យ និងទោសទណ្ឌ ដោយក្នុងនេះអាចប្រឈមនឹងជាប់ពន្ធនាគារពី១-៥ឆ្នាំ និងពិន័យជាប្រាក់ពី១៥លាន ដល់១៥០លានរៀល។

លោកបានថ្លែងថា ក្នុងយុទ្ធនាការនេះគឺយើងនឹងរួមគ្នាធ្វើឡើងរយៈពេល៦ខែ ហើយក្នុងអំឡុងពេលនេះ យើងនឹងឲ្យអាជ្ញាធរមូលដ្ឋាន និងសហគមន៍រួមគ្នាទប់ស្កាត់ ក៏ដូចជាអប់រំផ្សព្វផ្សាយឲ្យពួកគាត់យល់ច្បាស់ពីច្បាប់ ពីទោសទណ្ឌនិងរួមទាំងតម្លៃរបស់សត្វព្រៃ។

ជាមួយគ្នានេះលោក សេង ទៀក ប្រធានអង្គការ WWF បានឲ្យដឹងថា បច្ចុប្បន្នអន្ទាក់ដែលត្រូវបានគេដោះ នៅតាមតំបន់ការពារធម្មជាតិ បានត្រឹមតែ២០ភាគរយប៉ុណ្ណោះ ហើយចំនួន៨០ភាគរយទៀត មិនទាន់បានដោះ ដែលជនល្មើសបានដាក់នៅតាមតំបន់ធនធានធម្មជាតិនានានៅប្រទេសកម្ពុជា។

ប្រធានអង្គការ WWF រូបនេះ បានលើកឡើងដោយបញ្ជាក់ថា ផ្អែកតាមរបាយការណ៍ឆ្នាំ ២០២០នៅតាបន់អាស៊ីអាគ្នេយ៍ មានអន្ទាក់ប្រមាណ១២លានអន្ទាក់ដូចជាប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាមឡាវ ថៃ និងកម្ពុជា ដែលកំពុងគំរាមកំហែងសត្វព្រៃ។ ដោយអន្ទាក់ទាំងនេះ គឺជាដើមចមធ្វើឲ្យបាត់បង់នូវសត្វកម្រៗ ក្នុងលោកដូចជា ខ្លា ខ្លារខិន ខ្លាពពកស ឆ្កែព្រៃ ខ្លាឃ្មុំជាដើម។

ប្រធានអង្គការរូបនេះ ចង់ឲ្យស្ថាប័នពាក់ព័ន្ធអនុវត្តច្បាប់ចំពោះជនល្មើសសម្លាប់សត្វព្រៃកម្រ ក៏ដូចជាភោជនីយដ្ឋាន ឬតំបន់នានាដែលបានជួញដូរសត្វព្រៃ ដែលទាំងនេះសំដៅធ្វើយ៉ាងណា ការពារសត្វព្រៃកម្ពុជា មិនឲ្យបាត់បង់ពូជនៅថ្ងៃខាងមុខ។

ទាក់ទិនក្នុងរឿងនេះដែរ លោក ឈិន សំអាត តំណាងមកគម្រោង USAID ព្រៃឡង់បៃតង បានលើកឡើងថា បើយើងពុំមានវិធានការណាមួយ ឲ្យជាក់លាក់ទៅលើបញ្ហាអន្ទាក់ដែលត្រូវបានជនល្មើសកំពុងប្រព្រឹត្តិរៀងរាល់ថ្ងៃទេ យើងពិតជាទទួលរងផលលំបាក និងសត្វព្រៃនឹងបាត់បង់បន្តបន្ទាប់ទៀតជាក់ជាពុំខាន។ ទន្ទឹមជាមួយគ្នា ក៏ត្រូវអនុវត្តច្បាប់ និងការផ្សព្វផ្សាយក៏ជាការមួយចាំបាច់ ដែលត្រូវធ្វើឡើងដល់សហគមន៍មូលដ្ឋានផងដែរ។

លោក ប៊ូវ រក្សសក្ស ប្រធានអង្គការ Birdlife in Cambodia បានលើកថា អន្ទាក់ក្រៅពីបានសម្លាប់សត្វជើងជំពាម សត្វព្រៃដទៃទៀតវា ក៏បានសម្លាប់សត្វស្លាបជាបន្តបន្ទាប់ផងដែរ។ ពួកគេក្រៅពីដាក់អន្ទាក់ នៅរាយមង និងដាក់ឧបករណ៍ដទៃទៀតសម្រាប់សម្លាប់សត្វដ៏កម្រថែមទៀត។ ជាក់ស្តែងក្នុងឆ្នាំ២០២១កន្លងមកសត្វត្រយ៉ងយក្ស ៣ក្បាលត្រូវបានជាប់អន្ទាក់ ប៉ុន្តែត្រូវបានក្រុមសង្រ្កោះជួយដោះលែងវាវិញ បានទាន់ពេលវេលា។

ដោយឡែក លោក Leremy Parker តំណាងមកពីអង្គការ FFI បានថ្លែងបញ្ជាក់ឲ្យដឹងថា អន្ទាក់គឺជាបញ្ហាមួយ ដែលយើងតែងជួបប្រទះ ហើយយើងចាំបាច់ត្រូវពង្រឹង តាមសហគមន៍ដើម្បីឲ្យគាត់ដើរល្បាត និងស្តារនៅតាមតំបន់សំខាន់ៗ ដើម្បីធ្វើយ៉ាងណាកុំឲ្យសម្លាប់សត្វបន្តទៅទៀត។

សូមបញ្ជាក់ថា ពិធីបើកយុទ្ធនាការអន្ទាក់សូន្យ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីអន្តរក្រសួង រដ្ឋបាលខេត្តពាក់ព័ន្ធ នឹងអង្គការដៃគូនានា ដែលសហការជាមួយក្រសួងបរិស្ថាន ក្នុងយុទ្ធនាការអន្ទាក់សូន្យនេះ៕