មន្ត្រីជាន់ខ្ពស់អូស្ត្រាលី សន្យាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម


(ភ្នំពេញ)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់កម្ពុជា និងលោកជំទាវ Katrina Cooper អនុលេខាធិការទទួលបន្ទុកអាស៊ីអគ្នេយ៍ និងក្រុមដៃគូសកលនៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ បានជួបពិភាក្សាការងារ ដើម្បីពង្រឹងការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអូស្ត្រាលី ឱ្យកាន់តែល្អប្រសើរថែមទៀត។ ក្នុងជំនួបនោះ ក៏មានការអញ្ជើញចូលរួមដោយឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា និងសហការីផងដែរ។

ជំនួបដែលបានធ្វើឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាន លោកជំទាវ Katrina Cooper និងសហការី ព្រមទាំងបានអបអរសាទរលោកជំទាវ ដែលទទួលបានភារកិច្ចថ្មីជាអនុលេខាធិការទទួលបន្ទុកអាស៊ីអគ្នេយ៍ និងក្រុមដៃគូសកលនៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី និងបានថ្លែងអបអរសាទរចំពោះការបង្កើតចំណងការទូតរយៈពេល៧០ឆ្នាំ រវាងកម្ពុជា និងអូស្រ្តាលីផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្ម បានជម្រាបជូនអំពីការរីកចម្រើនវិស័យពាណិជ្ជកម្មទ្វេភាគី ទោះបីជាស្ថិតក្នុងកាលៈទេសៈនៃវិបត្តិកូវីដ-១៩។ ក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អូស្ត្រាលីក្នុងឆ្នាំ២០២១ មានទំហំ ៣២៤លានដុលា្លរ កើនទ្បើង ៥២% បើធៀបនឹងឆ្នាំ២០២០។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជូនអំពីវឌ្ឍនភាពនៃការរៀបចំបញ្ជីសមិទ្ធផលសេដ្ឋកិច្ចអាទិភាពរបស់កម្ពុជា ក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានស្របតាមមូលបទ «អាស៊ានរួមគ្នាធ្វើ – ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា (ASEAN : Addressing Challenges Together)» ក្នុងនោះ ក៏បានសង្កត់ធ្ងន់លើការជំរុញ និងពន្លឿននូវកិច្ចខិតខំប្រឹងប្រែងសំដៅស្តារឡើងវិញលើគ្រប់វិស័យ ដើម្បីកសាងសហគមន៍អាស៊ានប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាលើការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន-អូស្រ្តាលី-នូវែលស្សេឡង់ (AANZFTA) ដែលកម្ពុជា និងអូស្រ្ដាលីជាសមាជិកផងដែរ។ បន្ថែមពីនេះ ភាគីទាំងពីរក៏បានពិភាក្សាលើកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌភាពជាដៃគូមេគង្គ និងអូស្រ្តាលី (Mekong-Australia Partnership) និងការគាំទ្ររបស់អូស្រា្តលីសម្រាប់សមិទ្ធផលសេដ្ឋកិច្ចអាទិភាពរបស់កម្ពុជា។

លោកជំទាវអនុលេខាធិការ Katrina Cooper បានអបអរសាទរចំពោះការរីកចម្រើនពាណិជ្ជកម្មទ្វេភាគី និងប្តេជ្ញាបន្តជំរុញកំណើនពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត។ ជាមួយគ្នានេះ លោកជំទាវក៏បានបញ្ជាក់ពីការគាំទ្ររបស់អូស្រ្តាលី ចំពោះកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្លាស់វេនឆ្នាំ២០២២ និងប្តេជ្ញាបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា សំដៅអាចសម្រេចបាននូវសមិទ្ធផលអាទិភាពកម្ពុជាប្រកបដោយជោគជ័យ។

ចុងបញ្ចប់នៃជំនួបភាគីទាំងបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយបន្ថែមទៀត៕