ឯកឧត្តម ហ៊ុន ម៉ានី៖ «ការបោះឆ្នោតមួយសន្លឹកឲ្យគណបក្សប្រជាជនកម្ពុជា នឹងធានាការពារបាននូវអ្វីៗដែលបងប្អូនមាន ព្រមទាំងការអភិវឌ្ឍបន្តទៅមុខបន្ថែមទៀត»


នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ ក្រុមការងារគណបក្សឃុំព្រះស្រែ បានរៀបចំកម្មវិធីបញ្ចូលសមាជិកគណបក្សថ្មី ទាំង១៨ភូមិ ដែលសមាជិកថ្មីសរុបមានចំនួន ៣៤៨នាក់ ស្រី១៧៩ នៅទីស្នាក់ការគណបក្សឃុំព្រះស្រែស្ថិតក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

កម្មវិធីបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិកាកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ រួមជាមួយវត្តមាន ឯកឧត្តម លី សុន សមាជិកគណៈកម្មាធិកាកណ្តាល និងជាប្រធានក្រុមការងារគណបក្សជួយស្រុកឧដុង្គ, ឯកឧត្តម សំ រិទ្ធី អនុប្រធានក្រុមការងារគណបក្សជួយខេត្តកំពង់ស្ពឺ ព្រមទាំងលោក លោកស្រីសមាជិក សមាជិកាគណបក្ស ក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាស នៃពិធីបញ្ចូលសមាជិកគណបក្សថ្មីនេះ ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ពីភាពចាំបាច់ នៃការជ្រើសរើសយកគណបក្សណាមួយ ដែលមានភាពច្បាស់លាស់ សមត្ថភាពជាក់លាក់ ហើយអាចផ្តល់ផលត្រឡប់មកវិញ ដែលមិនមែនគ្រាន់តែជាការសន្យាដែលគ្មានលទ្ធផល។ លោកបានលើកឡើងថា «ការបោះឆ្នោតមួយសន្លឹកឲ្យគណបក្សប្រជាជនកម្ពុជា នឹងធានាការពារបាននូវអ្វីៗ ដែលបងប្អូនមាន ព្រមទាំងការអភិវឌ្ឍបន្តទៅមុខបន្ថែមទៀត»

ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកទឹកចិត្តសមាជិក សមាជិកាថ្មី ដែលចូលរួមក្នុងកម្មវិធីឲ្យធ្វើការសង្កេតពីដំណើរការ និងការអនុវត្តសកម្មភាពរបស់គណបក្សប្រជាជននៅមូលដ្ឋាន ព្រមទាំងបន្ថែមការយកចិត្តទុកដាក់លើកម្មវិធីនយោបាយនានារបស់គណបក្ស ដើម្បីឲ្យកាន់តែមានទំនុកចិត្ត។

ឯកឧត្តមលោកបានលើកជាឧទាហរណ៍មួយជ្រុង ផ្តោតលើការគិតគូររបស់គណបក្សប្រជាជន ចំពោះបរិយាកាសក្នុងការទាញយកវិនិយោគិន ក្រុមហ៊ុនរោងចក្រនានា មកបើកក្រុមហ៊ុន រោងចក្រ និងវិនិយោគក្នុងប្រទេស ដែលនាំមកនូវលំហូការងារជាច្រើនដល់បងប្អូន ជាពិសេសក្នុងមូលដ្ឋាន នៃខេត្តកំពង់ស្ពឺ ដែលកំពុងមានវត្តមាននៅក្នុងកម្មវិធី។

ក្នុងកម្មវិធីព្រឹកនេះផងដែរ កញ្ញា អ៊ន លីហ្សា តំណាងសមាជិកគណៈបក្សថ្មី បានឡើងធ្វើការប្តេជ្ញាចិត្តថា «គណបក្សប្រជាជនកម្ពុជា ជាគណបក្សតែមួយគត់ដែលបានរំដោះ និងជួយសង្គ្រោះជីវិតប្រជាជនកម្ពុជា ហើយដឹកនាំប្រទេស ទៅកាន់ការអភិវឌ្ឍជាបន្តបន្ទាប់ ជាពិសេសការនាំយកសុខសន្តិភាពជូនប្រជាជន។ ខ្ញុំមានមោទនភាពដែលបានក្លាយជាសមាជិកមួយរូប និងសូមប្តេជ្ញាគោរពតាមបទបញ្ញតិរបស់បក្ស គោរព និងដើរតាមបក្សចាប់ពីពេលនេះតទៅ»

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម លី សុន ជាសមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សជួយស្រុកឧដុង្គ បានធ្វើការផ្តាំផ្ញើដល់សមាជិកសមាជិកាថ្មី ឲ្យចងចាំថ្ងៃពិសេសនេះ ហើយលោកបន្តថា «ចាប់ពីពេលនេះ សូមក្មួយៗ ចៅៗ បន្តភារកិច្ចជាធនធានមនុស្សប្រកបដោយសក្តានុពល មានសមត្ថភាព និងប្រកបដោយធម៌ ហើយចូលរួមក្នុង បុព្វហេតុ ជាតិ មាតុភូមិ ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីជាតិ និងប្រជាជនយើង»