ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង រួមជាមួយនារី៦៣២នាក់នៅស្រុកកណ្តាលស្ទឹង ប្រារព្ធពិធីអបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនា


ឯកឧត្តម ហ៊ីង ប៊ុនហៀង អនុប្រធានក្រុមការងារចុះជួយខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកកណ្តាលស្ទឹង រួមជាមួយនារីប្រមាណ៦៣២នាក់នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល បានចូលរួមប្រារព្ធពិធីអបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២ ក្រោមមូលបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២។

ការលើកយកមូលបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» សម្រាប់ការប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២នេះ បានរំលេចឱ្យឃើញថា ស្រ្តី និងបុរសជាដៃគូស្មើភាព ហើយមូលបទនេះបានបញ្ជាក់អំពីតម្លៃនៃការទទួលបាននូវសមភាពរវាងស្រ្តី និងបុរស សម្រាប់ការអភិវឌ្ឍជាតិនៅលើគ្រប់វិស័យ និងជំរុញឱ្យគ្រប់អ្នកពាក់ព័ន្ធបន្តអនុវត្តវិធានការផ្នែកគោលនយោបាយកម្មវិធីយុទ្ធនាការ និងសកម្មភាពជាក់លាក់នានាក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។

នៅក្នុងឱកាសនោះ ក៏បានអាននូវព្រះរាជសារសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ផ្ញើជូនដល់ជនរួមជាតិ ជាពិសេសដល់នារីនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងនារីទូទាំងសាកលលោក ក្នុងឱកាសអបអរសាទរខួបលើកទី១១១ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២ ។

ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងនៅក្នុងឱកាសនោះថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់អនុវត្តគោលនយោបាយ និងវិធានការយ៉ាងហ្មត់ចត់ម៉ឺងមាត់ ក្នុងអំឡុងពេលជួបវិបត្តិជាសកលនៃជំងឺកូវីដ-១៩ ដែលបានកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាននានា និងអាចរស់នៅបានជាមួយនឹងជំងឺកូវីដ-១៩ ប្រកបដោយសុវត្ថិភាព ដោយកំណត់យកការចាក់វ៉ាក់សាំងជាយុទ្ធសាស្ត្រគន្លឹះ ដើម្បីបង្កើតភាពសាំក្នុងសហគមន៍។ ជាការពិតណាស់ ការអនុវត្តវិធានការសុខាភិបាល និងវិធានការចាំបាច់នានា ពិតជាផ្ដល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋគ្រប់រូប ក្រុមជនងាយរងគ្រោះ ជាពិសេសស្ត្រី។

តាមរយៈការអនុវត្តគោលនយោបាយជាតិគាំពាសង្គម រាជរដ្ឋាភិបាលបានដាក់ចេញវិធានការអន្តរាគមន៍ជំនួយសង្គម រួមមាន ការបង្កើនមូលធនថវិកា «សាច់ប្រាក់ពលកម្ម» ដើម្បីជួយកម្មករនិយោជិតដែលបានព្យួរការងារ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលកូវីដ១៩ តាមរយៈការផ្តល់ប្រាក់ឧបត្ថម្ភដល់បុគ្គលិកក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ការរៀបចំកម្មវិធីហិរញ្ញប្បទាន ពិសេសជួយស្ដារលទ្ធភាព និងលើកកម្ពស់អាជីវកម្មសហគ្រាសធុនតូច និងមធ្យម។ ថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្ត្រដើម្បីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដោយធានាភាពធនសហគមន៍ទៅនឹងជំងឺកូវីដ-១៩ ចាកចេញពីវិបត្តិនេះ និងរៀនរស់នៅតាមគន្លងប្រក្រតីភាពថ្មី។

ឯកឧត្តមកិត្តិបណ្ឌិតបានបញ្ជាក់ថា ស្ត្រីបានចូលរួមយ៉ាងច្រើននៅគ្រប់សកម្មភាព ក្នុងនោះបានរួមចំណែកធ្វើឲ្យប្រសើរឡើងនូវកំណើនសេដ្ឋកិច្ច និងសន្តិសុខសង្គម។ ជាងនេះ បានលើកកម្ពស់ស្ថានភាពជីវភាព ឋានៈ តួនាទី និងតម្លៃស្ត្រី រួមទាំងសីលធម៌ សង្គម វប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់កម្ពុជា ហើយបានជំរុញដល់នារីបន្តចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា។

ឯកឧត្តមបាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភការិយាល័យកិច្ចការនារីស្រុក មានកុំព្យូទ័រលេបថប់២គ្រឿង អង្ករ៥តោន និងថវិកា១០លានរៀល។ ឧបត្ថម្ភដល់ក្រុមប្រឹក្សាឃុំ-ស្រុកចំនួន៤៤នាក់ រួមនិងនារីស្រុកភូមិឃុំទាំង១៨ សរុបមាន៦៣២នាក់ ក្នុងម្នាក់ៗមានឃិត១ និងថវិកា៥ម៉ឺនរៀល ព្រមទាំងបានឧបត្ថម្ភសាលាស្រុកកណ្តាលស្ទឹងថវិកា២លានរៀល និងដល់កងកម្លាំងមានសមត្ថកិច្ចជាច្រើនទៀតផងដែរ៕