អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ត្រូវយកអំពើល្អជូនប្រជាជននៅក្នុងមូលដ្ឋាន


កិច្ចប្រជុំប្រចាំខែនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកប្រាសាទបល្ល័ង្ក នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ត្រូវយកអំពើល្អជូនប្រជាជននៅក្នុងមូលដ្ឋាន។

ឯកឧត្តម ជា អឿង បានកោតសរសើរដល់ក្រុមការងារនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំរួមគ្នាសម្រេចបាននូវសមិទ្ធផលល្អៗជាច្រើនលើគ្រប់វិស័យរក្សាបានសុខសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមបានល្អប្រសើឆ្ពោះទៅមុខ។

ឯកឧត្តមបានស្នើឲ្យក្រុមការងារចុះមូលដ្ឋានត្រូវខិតខំបន្តអភិវឌ្ឍសមត្ថភាពបន្ថែមទៀត ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ និងត្រូវរួមសហការគ្នាក្នុងការអនុវត្តការងារសំខាន់ៗ រួមមាន ត្រូវថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងរួមគ្នាទប់ស្កាត់ប្រឆាំងដាច់ខាតសកម្មភាពបច្ចាមិត្តនានា។

អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមឲ្យបានល្អប្រសើរក្នុងការចូលរួមអនុវត្តគោលនយោបាយភូមិឃុំឲ្យមានសុវត្ថិភាព និងមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋានទប់ស្កាត់នូវការប្រើប្រាស់និងជួញដូរគ្រឿងញៀន និងចូលរួមអនុវត្តនិងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

យកចិត្តទុកដាក់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ត្រូវបន្តជំរុញនិងលើកកម្ពស់ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតប តម្រូវការរបស់ប្រជាពលរដ្ឋដែលកាន់តែមានការកើនឡើងក្នុងពេលដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍរីកចម្រើន។

ឯកឧត្តម ជា អឿង បានផ្តាំផ្ញើដល់មន្ត្រីទាំងអស់ត្រូវខិតខំបម្រើប្រជាពលរដ្ឋ ព្រមទាំងថែរក្សាសុខភាពមានអនាម័យ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដឲ្យបានគ្រប់ៗគ្នា៕