ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បន្តចុះពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋជាង៣ពាន់នាក់ ដោយឥតគិតថ្លៃ នៅខេត្តស្ទឹងត្រែង


ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រមាណជា៣០០នាក់ បានបន្តចុះពិនិត្យ និងព្យាបាលជូនដល់ប្រជាពលរដ្ឋចំនួន៣,៨៧៩នាក់ ដោយឥតគិតថ្លៃ នៅអនុវិទ្យាល័យ ថាឡាបរិវ៉ាត់ ក្នុងភូមិថាឡាបរីវ៉ាត់ ឃុំថាឡាបរីវ៉ាត់ ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង រួមជាមួយនឹងការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជាដូសមូលដ្ឋាន និងដូសជម្រុញជូនប្រជាពលរដ្ឋដែលពួកគាត់ត្រូវកំណត់មកចាក់វ៉ាក់សាំង។

ការចុះពិនិត្យ និងព្យាបាលជំងឺរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ធ្វើឡើងនាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ ដឹកនាំដោយឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្មគ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងមានការចូលរួមពីឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង, ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង, ឯកឧត្តម ស៊ី សួន អភិបាលរងស្ទឹងត្រែង តំណាងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង, លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ខេត្តស្ទឹងត្រែង និងជាប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង, ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកថាឡាបរីវ៉ាត់ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្ទឹងត្រែង យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា និងអាជ្ញាធរដែលពាក់ព័ន្ធ។

ឯកឧត្តម លេង ផាលី បាននាំយកអំណោយថ្នាំពេទ្យដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងបានដឹកនាំវេជ្ជបណ្ឌិតឯកទេសជំនាញៗ ដែលមានបទពិសោធន៍ព្យាបាលជំងឺច្រើនឆ្នាំ រួមទាំងបានឆ្លងកាត់ការសិក្សានៅក្រៅប្រទេស និងគ្រូពេទ្យទូទៅមកពិគ្រោះ និងព្យាបាលជំងឺ ជូនបងប្អូនដោយឥតគិតថ្លៃ ក្នុងនោះមានជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺប្ញសដូងបាត ក្រពះពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ព្រូន ស្លេកស្លាំង រលាកថ្លើម សន្លាក់ឆ្អឹង កាមរោគ គ្រុនចាញ់ គ្រុនឈាម បេះដូង ទឹកនោមផ្អែម លើសឈាម តម្រងនោម ពិនិត្យអេកូ ជូនស្ត្រីមានផ្ទៃពោះ…។ល។

ឯកឧត្តម បន្ថែមថា «ក្នុងរយៈពេល១០ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់០៦ មីនា ឆ្នាំ២០២២) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តម ហ៊ុន ម៉ានី, ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តសរុបមានចំនួន ៥,៦៧៩នាក់ (ប្រាំពាន់ប្រាំមួយរយចិតសិបប្រាំបួននាក់) ក្នុងនោះស្ត្រីមានចំនួន ៣,២៣១ នាក់ (បីពាន់ពីររយសាមសិបមួយនាក់) បានចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សង្គ្រោះបឋម និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង ២៥រាជធានី- ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន ៣៧១លើក ក្នុងនោះព្យាបាលជំងឺជូនប្រជាពលបានចំនួន ៤,១៦០,៨៦៩នាក់ (បួនលានដប់ប្រាំមួយម៉ឺនប្រាំបីរយហុកសិបប្រាំបួននាក់) ក្នុងនោះស្ត្រីមានចំនួន ២,២២៥,៦៧៩នាក់ (ពីរលានម្ភៃពីរម៉ឺនប្រាំពាន់ប្រាំមួយរយ ចិតសិបប្រាំបួននាក់)។ ដោយបានសហការជាមួយ សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់»។

ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្មគ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី រូបនេះបន្តថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី កំពុងចូលរួមចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី១ ទី២ ទី៣ និងទី៤ ជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត ដោយស្ម័គ្រចិត្ត និងមិនគិតពីថវិកាបេសកកម្មនោះទេ ក្រោមហេតុផលចង់ឃើញបងប្អូនប្រជាពលរដ្ឋមានសុខភាពល្អ និងការពារពីជំងឺកូវីដ១៩។

ឯកឧត្តម ស៊ី សួន អភិបាលរងស្ទឹងត្រែង តំណាងលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ទាំងអស់ ដែលបានជួយពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃក្នុងខេត្តរបស់លោក។

ឯកឧត្តម អភិបាលរង ក៏បានថ្លែងកោតសរសើរ ចំពោះអាជ្ញាធរ សមត្ថកិច្ចគ្រប់ថ្នាក់ និងប្រជាពលរដ្ឋ ដែលបានជួយរៀបចំចាត់ចែង និងសហការគ្នាយ៉ាងល្អ មានសណ្តាប់ធ្នាប់ របៀបរៀបរយ ជាហេតុធ្វើឱ្យការធ្វើសកម្មភាពពិនិត្យ ព្យាបាលរបស់ក្រុមគ្រូពេទ្យបានប្រព្រឹត្តទៅដោយរលូន រហូតសម្រេចបាននូវលទ្ធផលល្អប្រសើរដូច្នេះ។

ជាមួយគ្នានេះ ឯកឧត្តម ស៊ី សួន អភិបាលរងស្ទឹងត្រែង ក៏បានសំណូមពរដល់ក្រុមគ្រូពេទ្យស្មគ្រចិត្ត សូមឱ្យបន្តចុះជួយពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នាពេលក្រោយៗទៀត សំដៅលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងរួមគ្នាកាត់បន្ថយភាពក្រីក្រ ស្របពេលដែលប្រទេសជាតិកំពុងមានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលបានឆ្លៀតឱកាសដ៏មានតម្លៃ និងមមាញឹកអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតី ក្នុងការព្យាបាលជំងឺជូនពុក ម៉ែ ប្រជាពលរដ្ឋ ក្នុងខេត្តស្ទឹងត្រែង ក៏ដូចស្រុកថាឡាបរីវ៉ាត់។

ជាងនេះទៅទៀត ប្រធានគណៈកម្មការទី៣នៃរដ្ឋសភារូបនេះ ក៏បានវាយតម្លៃខ្ពស់ដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដែលសុទ្ធសឹងតែជាគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ក្នុងការពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ។

បើតាមរបាយការណ៍ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះទៅពិនិត្យ និងព្យាបាល ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ បានបង្ហាញឲ្យឃើញថា៖ ជំងឺកុមារចំនួន៖ ១៩២នាក់, ជំងឺស្ត្រីចំនួន៖២៣១នាក់, ជំងឺផ្លូវចិត្តចំនួន៖៩៦នាក់,ជំងឺឬសដូងបាតចំនួន៖៩៣នាក់, ជំងឺសន្លាក់ឆ្អឺងចំនួន៖ ១០២នាក់, ជំងឺផ្លូវដង្ហើមចំនួន៖១៨៤នាក់, ជំងឺទឹកនោមផ្អែមចំនួន៖ ៣៦២នាក់, អេកូសាស្ត្រចំនួន៖២៦៥នាក់, ជំងឺបេះដូងចំនួន៖៩០នាក់, ជំងឺត្រចៀក និងបំពង់ក៖ ៨៦នាក់, ជំងឺវះកាត់តូចចំនួន៖៦៣នាក់, វិភាគឈាម៖២៣១នាក់, ជំងឺទូទៅចំនួន៖១៥៦០នាក់ និងផ្នែកប្រព័ន្ធប្រសាទ និងបំបាត់ការឈឺចុកចាប់ចំនួន៖ ៤៣នាក់ សង្គ្រោះបឋមចំនួន៖១៨៩នាក់៕