សម្តេចតេជោ ហ៊ុន សែន៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ក៏អាចបម្រើដល់ពលរដ្ឋក្នុងខេត្ត ដែលជាប់ខេត្តត្បូងឃ្មុំផងដែរ


សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ មិនត្រឹមតែបម្រើប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំប៉ុណ្ណោះទេ តែក៏ជាមន្ទីរពេទ្យបម្រើ និងផ្តល់សេវាជូនប្រជាពលរដ្ឋក្នុងខេត្ត ដែលជាប់ខេត្តត្បូងឃ្មុំ និងខេត្តជិតៗនេះផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលជាមន្ទីរពេទ្យដ៏ទំនើបលើដីជនបទនៅព្រឹកថ្ងៃចន្ទ ទី០៧ ខែមីនា ឆ្នាំ២០២២។

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «មន្ទីរពេទ្យនេះ មិនមែនគ្រាន់តែបម្រើឲ្យប្រជាជននៅក្នុងខេត្តត្បូងឃ្មុំប៉ុណ្ណោះទេ ក៏ប៉ុន្តែមួយផ្នែករបស់ខេត្តព្រៃវែង ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ត្រូវរ៉ាប់រង ដោយមន្ទីរពេទ្យនេះ។ ឥឡូវនេះ សមិទ្ធិផលនេះបានចាប់ផ្តើម»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់កម្ពុជា ក្រោមចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងចិន។ អគារដ៏ស្កឹមស្កៃនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ នឹងឆ្លើយតបកាន់តែប្រសើរ សម្រាប់ការគាំពារសុខុមាលភាពប្រជាពលរដ្ឋ។

ក្រោមចំណងមិត្តភាព និងការគាំទ្រដ៏មុតមាំផ្នែកថវិកា ពីរដ្ឋាភិបាល និងប្រជាជនចិន មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ក្នុងខេត្តត្បូងឃ្មុំ ត្រូវបានចាប់ផ្តើមដំណើរការសាងសង់ កាលពីឆ្នាំ២០១៩។ សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ព្រមទាំងប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ បានអញ្ជើញធ្វើសាក្សីនៃការបើកដំណើរការសាងសង់មន្ទីរពេទ្យនេះជាផ្លូវការ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ប្រកបដោយក្តីរីករាយជាទីបំផុត។

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ សាងសង់លើផ្ទៃដីទំហំ ២៤,៣០០ម៉ែត្រការ៉េ លើទំហំផ្ទៃដីសរុប ៥៥,៨១៥ម៉ែត្រការ៉េ។ មន្ទីរពេទ្យនេះបានចំណាយទឹកប្រាក់ជិត ៥០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន។ មន្ទីរពេទ្យមានអគារចំនួន៩ ដែលតភ្ជាប់គ្នាទៅវិញទៅមក ក្នុងនោះ មានបែងចែកជាអគារអ្នកជំងឺសម្រាកពេទ្យចំនួន ៥ជាន់, អគារសម្ភព រោគស្រី និងកុមារចំនួន ៥ជាន់, អគារវេជ្ជសាស្ត្រ អគាររដ្ឋបាល និងស្នាក់នៅចំនួន ២ជាន់ និងអគារផ្សេងៗទៀត១ជាន់។

មន្ទីរពេទ្យនេះ ត្រូវបានបំពាក់ទៅដោយគ្រឿងបរិក្ខារពេទ្យទំនើបៗ ដែលសុទ្ធសឹងជាបរិក្ខារប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ និងកម្រិតអន្តរជាតិ។ មន្ទីរពេទ្យនេះ ក៏បានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រងអ្នកជំងឺផងដែរ ដែលជួយឱ្យការផ្តល់សេវាព្យាបាលអ្នកជំងឺបានកាន់តែប្រសើរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាប្រធានគណៈកម្មការកសាងខេត្តត្បូងឃ្មុំ ដែលបានប្រឹងប្រែងសាងសង់សមិទ្ធផលនានានៅក្នុងខេត្តនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានជួយសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន។ សម្តេចតេជោ បានបញ្ជាក់ថា មន្ទីរពេទ្យនេះ ទទួលបានការយកចិត្តទុកដាក់ដោយផ្ទាល់ពីលោក ស៉ី ជិនពីង ប្រធានាធិបតីចិន៕