ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ រាជរដ្ឋាភិបាល បានពង្រឹងសមភាពយេនឌ័រ និងបញ្ជ្រាបចូលក្នុងគោលនយោបាយជាតិ និងផែនការយុទ្ធសាស្ត្រសំខាន់ៗជាច្រើន


ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹងសមភាព យេនឌ័រ នៅគ្រប់កម្រិត និងគ្រប់វិស័យ ជាពិសេសពង្រឹងតួនាទីស្ត្រីដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គមជាតិ ដោយបានដាក់បញ្ចូលការបញ្ជ្រាបយេនឌ័រ ទៅក្នុងគោល នយោបាយជាតិ និងផែនការយុទ្ធសាស្ត្រជាតិសំខាន់ៗជាច្រើន។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងដូចនេះ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយផែនការបញ្រ្ជាបយេនឌ័រ ក្នុងវិស័យ សកម្មភាពមីន (GMAP) ២០២១-២០២៥ ក្នុងគោលបំណង ដើម្បីប្រកាសផ្សព្វផ្សាយដល់ប្រតិបត្តិករ និងភាគីពាក់ព័ន្ធឲ្យប្រើប្រាស់ជាផ្លូវការនូវ GMAP និងជម្រុញឲ្យគ្រប់ ភាគីទាំងអស់ចូលរួមអនុវត្ត ការបញ្រ្ជាបយេនឌ័រ ក្នុងវិស័យមីន ដោយប្រើប្រាស់ GMAP ជាឯកសារគោលក្នុងការរៀបចំ ផែនការសកម្មភាព និងការប្រើប្រាស់សូចនាករ ដែលបានកំណត់ជាឧបករណ៍ដើម្បីត្រួតពិនិត្យតាមដាន និងវាយតម្លៃលើសកម្មភាពរបស់ខ្លួន។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្ថែមថា ការបញ្ជ្រាបយេនឌ័រក្នុងវិស័យសកម្មភាពមីន ត្រូវបានកំណត់ជាគោលដៅដ៏សំខាន់មួយនៅក្នុងផែនការ យុទ្ធសាស្ត្រជាតិ សកម្មភាពមីន ២០១៨-២០២៥ (NMAS 2018-2025) ដែលជាផែនទីបង្ហាញផ្លូវដល់គ្រប់ប្រតិបត្តិករ សកម្មភាពមីនជាតិ-អន្តរជាតិទាំងអស់ រួមទំាងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធផ្សេងទៀត ដែលចូលរួមអនុវត្តសកម្មភាពមីននៅកម្ពុជា។

អាជ្ញាធរមីន ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាលក្នុងការសម្របសម្រួលវិស័យ សកម្មភាពមីននៅកម្ពុជា បានសហការជាមួយគ្រប់ភាគីពាក់ព័ន្ធធ្វើបច្ចុប្បន្នភាព និងកសាងផែនការបញ្ជ្រាបយេនឌ័រក្នុងវិស័យសកម្មភាពមីន (GMAP) ២០២១-២០២៥ ស្របតាមអាណត្តិរបស់ផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ដើម្បីធានាថា សេចក្តីកង្វល់ បទពិសោធន៍ និងតម្រូវការរបស់ស្ត្រី បុរស កុមារី កុមារា និងជនមានពិការភាព ត្រូវបានយកចិត្តទុកដាក់ពិចារណាក្នុងការរៀបចំ អនុវត្តន៍តាមដានត្រួតពិនិត្យ និងវាយតម្លៃក្នុងកម្មវិធីសកម្មភាពមីននានា ដែលនេះទាមទារឱ្យមានកិច្ចសហប្រតិបត្តិការ និងការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធដទៃទៀត ដែលជាការរួមចំណែកដល់កិច្ចអភិវឌ្ឍន៍សង្គមជាតិ។

ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហការយ៉ាងល្អពីគ្រប់ ក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករសកម្មភាពមីនជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការផ្តល់ធាតុចូល និងអនុសាសន៍ដ៏មានតម្លៃមកកាន់អាជ្ញាធរមីន ជាពិសេសកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP Cambodia) បានផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់ការកសាងផែនការនេះ ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី បានបង្ហាញជំនឿជាក់ថា គ្រប់ក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ប្រតិបត្តិករសកម្មភាពមីនជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធ ទាំងអស់នឹងបន្តចូលរួមផ្តល់កិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្តផែនការបញ្ជ្រាបយេនឌ័រក្នុងវិស័យសកម្មភាពមីន ២០២១-២០២៥ នេះ ប្រកបដោយជោគជ័យប្រសិទ្ធភាព និងការ ទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវការលើកកម្ពស់សមភាពនិង សមធម៌ យេនឌ័រ និងគោលដៅរួមឆ្ពោះទៅរកកម្ពុជាមួយ គ្មានមីនត្រឹមឆ្នាំ២០២៥។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក៏បានណែនាំ ៥ចំណុច ដើម្បីគាំទ្រនិងលើកកម្ពស់ការចូលរួមរបស់ស្រ្តីក្នុងសង្គមជាតិ ក៏ដូចជាក្នុងវិស័យសកម្មភាពមីនដូចជា៖ កសាងភាព ជឿជាក់ និងផ្តល់ទំនុកចិត្តលើខ្លួន, ផ្តល់ការគាំទ្រដល់ភាពជាម្ចាស់សម្រាប់ស្រ្តីក្នុងការគិត និងការធ្វើសេចក្តីសម្រេចចិត្តឲ្យកាន់តែខ្ពស់បន្ថែម, លើកកម្ពស់និងលើកទឹកចិត្ត ឲ្យមានការចូលរួមរបស់ស្ត្រី និងស្រ្តីជួយស្រ្តី, បន្តជម្រុញការកសាងនូវទំនាក់ទំនង និងបង្កើតឱកាសការងារសម្រាប់ស្រ្តី, ផ្តល់ឱកាសបណ្តុះបណ្តាល និងលើកកម្ពស់ភាពជាអ្នកដឹកនាំ និងជំនាញដល់ស្រ្តី ក្នុងការចូលរួមសង្គមជាតិ ៕