ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងជនពិការ ៥០គ្រួសារ ទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ


ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងជនពិការចំនួន៥០គ្រួសារ ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដេីម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

ពិធីចែកជូននូវអំណោយនេះ ត្រូវបានធ្វេីឡេីងនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២នេះ ក្រោមវត្តមានលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោសែនជ័យ និងជាប្រធានប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ រួមនឹងក្រុមការងារអនុសាខាជាច្រេីននាក់ នៅបរិវេន្តពោធិ៍ចិនតុង ស្ថិតក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

នាឱកាសនោះដែរ លោក ហែម ដារិទ្ធ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក។

លោក ហែម ដារិទ្ធ បានលើកឡើងថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជាក់ស្តែងដូចជាពេលនេះ គឺការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ឬពណ៌សម្បុរអ្វីទាំងអស់។

លោកបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំស្វែងរកវ៉ាក់សាំងការពារកូវីដ១៩ តាមការស្នេីរសុំជំនួយពីបណ្តាប្រទេសជាមិត្ត និងការបញ្ជារទិញវ៉ាក់សាំងដោយផ្ទាល់ ដេីម្បីនាំយកវ៉ាក់សាំងមកចាក់ជូនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបឱ្យបានជៀសផុតពីជំងឺដ៏កាចសាហាវមួយនេះ។

បន្ថែមពីនេះ លោក ហែម ដារិទ្ធ បានបន្តថា បេីទោះបីស្ថានភាពកូវីដ១៩ នៅកម្ពុជា មានការធូរស្រាលក៏ពិមែន ប៉ុន្តែសប់ម្រាប់ការចូលរួមអនុវត្តនូវវិធានការ «៣កុំ និង៣ការពារ» ក៏ត្រូវតែប្រកាន់ឱ្យបានខ្ជាប់ខ្ជួន ដេីម្បីកុំឱ្យមានការកេីនឡេីងនៅការរាលដាលជំងឺនេះម្តងទៀត។

គូសបញ្ជាក់ថា អំណោយមនុស្សធម៌ដែលផ្តល់ជូនដល់ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងជនពិការចំនួន៥០គ្រួសារ ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនាពេលនេះរួមមានក្នុង១គ្រួសារៗ ទទួលបានអង្ករមួយបាវ ត្រីខ១យួរ រួមនឹងថវិកា ៥០,០០០រៀលផងដែរ៕