ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ អញ្ជើញពិនិត្យវិទ្យាល័យមួយកន្លែងនៅខេត្តកំពត ដែលដំណើរសិក្សាកម្មវិធីរបស់ក្រសួងអបរំ និងផ្នែកឥស្លាម


នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា អញ្ជើញពិនិត្យ វិទ្យាល័យ កំពង់កែស ដែលស្ថិតនៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។

វិទ្យាល័យនេះផងដែរ ត្រូវបានផ្ដើមកសាងឡើងក្នុងឆ្នាំ២០០៩ និងចាប់ផ្តើមដំណើរការសិក្សាតាំងពីឆ្នាំសិក្សា ២០១១-២០១២ ហើយបានចំណាយថវិកាក្នុងការទិញដី ការសាងសង់អាគារ ហេដ្ឋារចនាសម្ពន្ធ័នានា និងចំណាយលើការដំណើរការទ្រទ្រង់សាលា អាហារប្រចាំថ្ងៃដល់សិស្ស (១ថ្ងៃចំនួន ៣ពេល) ដែលចំណាយទឹកប្រាក់សរុបប្រមាណជាជិត ២លានដុល្លាអាមេរិក។

វិទ្យាល័យដែលបានសាងសង់លើផ្ទៃដីជិត ២ហិតានេះ មានអាគាសរុបចំនួន១១ក្នុងនោះរួមមាន៖ អាគារសិក្សា ៣ជាន់ ចំនួន២, អាគាររដ្ឋបាល ៣ជាន់ ចំនួន១, អន្តេវាសិកដ្ឋានសិស្ស ៤ជាន់ ចំនួន២, ផ្ទះស្នាក់នៅសម្រាប់គ្រូ ចំនួន៤, អាហារដ្ឋានសម្រាប់សិស្ស ចំនួន១ និងស៊ូរ៉ាវ ចំនួន១។

សាលានេះមានកម្មវិធីសិក្សាពីរផ្នែក ដោយផ្នែកចំណេះដឹងទូទៅស្របតាមកម្មវិធីរបស់ក្រសួងអប់រំ យុវជន និងកីទ្បា និងសិក្សាផ្នែកសាសនាឥស្លាមស្របតាមកម្មវិធីរបស់មជ្ឈមណ្ឌលអាន់នៀកម៉ាស់ សម្រាប់ភាសាអារ៉ាប់ ម៉ាទ្បេស៉ី និងកុំព្យូទ័រ ក្រោមជំនួយឧបត្ថម្ភរបស់មជ្ឈមណ្ឌលអ៉ីម៉ាំសាហ្វីអ៉ី នៃប្រទេសម៉ាទ្បេស៉ី។

ក្នុងឆ្នាំសិក្សា២០២១-២០២២ នេះ សាលាមានបុគ្គលិកសរុបចំនួន ៤៤នាក់ ក្នុងនោះ បុគ្គលិកជាស្រ្តី ១២នាក់ សិស្សានុសិស្ស សរុបចំនួន ២៧៦នាក់ សិស្សស្រី ១២៤នាក់ មកពីបណ្តាភូមិនានាក្នុងខេត្តកំពត ខេត្តកែប កោះកុង ព្រះសីហនុ កំពង់ស្ពឺ តាកែវ កណ្តាល រាជធានីភ្នំពេញ កំពង់ចាម និងត្បូងឃ្មុំ ដោយទទួលការស្នាក់នៅ និងហូបចុកនៅសាលាតែម្តងដោយឥតគិតថ្លៃ។

សិស្សានុសិស្សដែលកំពុងសិក្សានៅទីនេះអាចប្រឡងយកសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ទុតិយភូមិ និងសញ្ញាបត្រ STAM SMU របស់ប្រទេសម៉ាឡេស៊ី ក្រោមការរៀបចំការប្រឡងដោយគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា និងអាចប្រឡងយកអាហាររូបករណ៍ទៅសិក្សានៅក្រៅប្រទេសផងដែរ។

មកដល់បច្ចុប្បន្នសិស្សានុសិស្សដែលបានបញ្ចប់សិក្សាថ្នាក់ទី១២នៅទីនេះ ហើយបានទទួលអាហាររូបករណ៍សម្រាប់បន្តការសិក្សារួមមាន ២៧នាក់ នឹងបានចេញទៅសិក្សានៅក្រៅប្រទេសរួមមាន ម៉ាទ្បេស៉ី ថៃ ឥណ្ឌូនេស៊ី តួរគី អារ៉ាប៊ីសាវឌីត គុយវ៉ែត អារ៉ាប់រួមអេម៉ារ៉េត និងអេហ្សុីប។

ក្នុងពេលនោះ ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានក្រើនរំលឹកក្មួយៗទាំងអស់ ដែលកំពុងសិក្សានៅទីនេះ ត្រូវខិតខំប្រឹងប្រែងសិក្សាក្រេបយកចំណេះដឹង ចំណេះធ្វើ ដើម្បីបំពេញសេចក្តីត្រូវការទីផ្សារវិស័យឯកជន ក៏ដូចជាសង្គមជាតិត្រូវការដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ជាតិមាតុភូមិ៕