លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគល់អំណោយអណ្តូងទឹកស្អាតចំនួន៥ និងប្រគេនទេយ្យវត្ថុដល់វត្តចំនួន៦ក្នុងខេត្តកំពត


នៅថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២នេះ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន បានអញ្ជើញដឹកនាំក្រុមការងារចុះប្រគល់អំណោយអណ្ដូងទឹកស្អាតចំនួន៥ ដល់ប្រជាពលរដ្ឋក្នុងស្រុកដងទង់ខេត្តកំពត។ អណ្ដូងទឹកដែលមានលេខរៀងពី១០០ ដល់១០៤នេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់ជូនប្រជាពលរដ្ឋនៅក្នុងស្រុកដងទង់ខេត្តកំពត ប្រើប្រាស់តាមតម្រូវការ នារដូវប្រាំងនេះ។

ក្នុងពិធីប្រគល់អណ្ដូងទឹកនេះ នៅតាមទីតាំងអណ្ដូងទឹកនីមួយៗលោកជំទាវ ហ៊ុន ម៉ាណា បានសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលទទួលអាស្រ័យផលអណ្ដូងទឹក ។ លោកជំទាវ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ទៅដល់ប្រជាពលរដ្ឋទាំងអស់ផងដែរ។

លោកជំទាវ បានមានប្រសាសន៍ថា សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង ជាពិសេសតាមរយៈការផ្ដល់អំណោយជាអណ្តូងទឹកនេះ ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ទាក់ទងទៅនឹងការខ្វះខាតទឹកប្រើប្រាស់ នារដូវប្រាំងនេះ កាត់បន្ថយការលំបាកដោយសារអត់ទឹកប្រើប្រាស់។

លោកជំទាវ ក៏បានចែកជូននូវអំណោយកំដរដៃរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមអបអរសាទរនៅក្នុងពិធីប្រគល់អណ្ដូងទឹកគ្រប់ទីតាំងទាំង៥។

នៅក្នុងឱកាសកាសនោះ ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ១គ្រួសាររស់នៅផ្ទះចាស់តូច ចង្អៀតនោះ លោកជំទាវ ក៏សម្រេចសាងសង់ផ្ទះទេវតា១ខ្នងជូនគ្រួសាររបស់គាត់ផងដែរ និងករណីមួយទៀត ដោយទឹកចិត្តអាណិតអាសូរចំពោះប្អូនស្រី ឈ្មោះ កៅ ស្រីណែត អាយុ២៨ឆ្នាំ មានជំងឺទឹកនោមប្រៃ ដោយត្រូវដូរឈាមជាប្រជាប្រចាំខែនោះ លោកជំទាវក៏បានផ្តល់ថវិកាចំនួន៣០០០ដុល្លារ សម្រាប់ដោះស្រាយការលំបាក ក្នុងជីវភាពរបស់ប្អូនស្រី ជាពិសេសក្នុងការដូរឈាមជាប្រចាំខែនោះ។

បន្ទាប់មក ចប់ពិធីប្រគល់អណ្ដូងទឹកស្អាតចំនួន៥ លោកជំទាវ ហ៊ុន ម៉ាណា ក៏បានដឹកនាំក្រុមការងារអញ្ជើញទៅប្រគេនទេយ្យវត្ថុ ដែលមានស្បៀងអាហារ គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់ដល់វត្តចំនួន៦ជាបន្តទៀត ដែលស្ថិតនៅក្នុង ស្រុកទឹកឈូខេត្តកំពត ហើយពិធីប្រគល់ទៅវត្ថុនេះធ្វើឡើងនៅទីវត្តអារាម វត្តជុំគ្រៀល ក្នុងភូមិកំពង់កណ្ដាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។ វត្តដែលទទួលបាននៅទេយ្យវត្ថុទាំង៦វត្តនោះរួមមាន វត្តជុំគ្រៀល , វត្តត្រើយកោះវត្តពិជ័យឧត្តុង្គ, វត្តពោធិ៍ ,វត្តអង្គ និងវត្តកូនសត្វ។

លោកជំទាវ បានមានប្រសាសន៍ទូលប្រគេនព្រះសង្ឃថា ជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូរអំពីទុក្ខលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា ហើយការនាំយកទេយ្យវត្ថុមកប្រគេនជូននៅពេលនេះ អាចជួយសម្រាលនូវការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរ ជាពិសេសនៅក្នុងវិបត្តិកូវីដ១៩នេះ ។

ទេយ្យវត្ថុក្នុងមួយវត្តទទួលបាន៖
០១-អង្ករ១តោន
០២-ត្រីខ ចំនួន១កេស មាន១០យួរ
០៣-មីចំនួន៥កេសធំ(៣០កេសតូច)
០៤- ត្រីងៀតចំនួន ១០ គីឡូ
០៥- សាច់ក្រកចំនួន១០ គីឡូ
០៦- សាច់ជ្រូផាត់ចំនួន១០ គីឡូ
០៧- ទឹកដោះគោខាប់ ចំនួន២កេស
០៨- កាហ្វេ ចំនួន ៥កញ្ចប់ធំ
០៩- តែ ចំនួន ២គីឡូក្រាម
១០- ស្ករសចំនួន១បេ
១១- អំបិលចំនួន១បេ
១២- ប៊ីចេងចំនួន១បេ
១៣- ទឹកត្រីចំនួន៥យួ
១៤- ទឹកស៊ីអ៊ីវចំនួន៥យួរ
១៥- សាប៊ូដុំ ចំនួន ៣០ ដុំតូច
១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត
១៧- វីតាមីនសេ ចំនួន ១០ ប្រអប់
១៨- ប្រេងកូឡា ចំនួន ៥ ដុំ
១៩- ប្រេងខ្យល់ ចំនួន៥ដុំ
២០- ម៉ាស ចំនួន២០ប្រអប់ មាន១០០០ម៉ាស
២១- អាល់កុលសម្លាប់មេរោគ ចំនួន៤កាន
២២- ដបសំរាប់ដាក់អាល់កុល ចំនួន១០ ដប
២៣- ស្លាដក់ចំនួន១៨៤កញ្ចប់
២៤- ថវិកា ចំនួន២លានរៀល៕