អភិបាលខេត្តបាត់ដំបង បើកការដ្ឋានជួសជុលផ្លូវខេត្តលេខ១៥៧អា ក្រាលកៅស៊ូ DBST ប្រវែងជាង៤គីឡូម៉ែត្រ នៅស្រុកបាណន់


(បាត់ដំបង)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នេះ បើកការដ្ឋានជួសជុលផ្លូវខេត្តលេខ១៥៧អា ក្រាលកៅស៊ូ DBST ប្រវែង៣,២០០ម៉ែត្រ ទទឹង៧ម៉ែត្រ នៅចំណុចឃុំកន្ទឺ២ និងឃុំបាយដំរាំ ស្រុកបាណន់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងដឹកកសិផលតែម្តង។

ពិធីនេះមានការអមដំណើរពីលោក ព្រួញ រិទ្ធីថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្រ្តីជំនាញ ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត និង ប្រជាពលរដ្ឋចូលរួមជាច្រើនរូបទៀតផងដែរ។

បើតាមលោក ព្រួញ រិទ្ធីថា បានបញ្ជាក់ថា ដោយមានការណែនាំពីរាជរដ្ឋាភិបាល និងក្រសួងសាធារណការ និងដឹកជញ្ជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តបាត់ដំបងរួចមក នៅក្នុងឆ្នាំ២០២២នេះ មន្ទីរសាធារណការខេត្ត បានសហការជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ទើបមន្ទីរជំនាញ ជាអ្នកអនុវត្តន៍ជួសជុលផ្លូវខេត្តនេះតែម្តង។

ប្រធានមន្ទីររូបនេះ បានបញ្ជាក់ថា នៅចំណុចផ្លូវដែលកំពុងធ្វើនេះ គឺធ្វើចាប់ពីផ្លូវជាប់ព្រំប្រទល់ស្រុកសង្កែ មកផ្លូវឆ្លងកាត់ឃុំទាំង២ ក្នុងស្រុកបាណន់ ដោយជួសជុលផ្លូវខេត្តលេខ១៥៧អា ក្រាលកៅស៊ូ DBST ប្រវែង ៣,២០០ម៉ែត្រ ទទឹង ៧ម៉ែត្រ នៅចំណុចឃុំកន្ទឺ២ និងឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តយកចិត្តទុកដាក់ទប់ស្កាត់ការពារការឆ្លងជំងឺកូវីដ១៩បន្ថែមទៀត និងនាំគ្នាទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ពីព្រោះថាជំងឺកូវីដ១៩ ពុំទាន់ទៅណាឆ្ងាយពីយើងនោះទេ ដូច្នេះត្រូវនាំគ្នាប្រុងប្រយ័ត្នបន្តទៀត ជាពិសេសត្រូវបន្តអនុវត្តវិធានការសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួនជានិច្ច។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា នៅពេលខាងមុខដ៏ខ្លីនេះ ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់មកដល់ សូមប្រជាពលរដ្ឋនាំគ្នាទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងគាំទ្របក្សប្រជាជនកម្ពុជា ឱ្យទទួលបានជោគជ័យ ដើម្បីបន្តដឹកនាំប្រទេស កសាងនិងអភិវឌ្ឍន៍លើគ្រប់វិស័យមានការរីកចម្រើនបន្ថែមទៀត។

បន្ថែមពីនេះ ឯកឧត្តម សុខ លូ បានលើកឡើងថាដោយសារប្រទេសជាតិ មានសន្តិភាពពេញលេញនេះហើយ ទើបបង្កឱ្យប្រជាពលរដ្ឋមានលទ្ធភាពធ្វើអ្វីៗគ្រប់បែបយ៉ាងបាន ហើយប្រជាពលរដ្ឋនៅតាមមូលដ្ឋានក៏បានសុខ មានសុវត្ថិភាពក្នុងការរស់នៅដោយមិនមានការភ័យខ្លាចអ្វីទៀតឡើយ។

ឯកឧត្តមបានលើកឧទាហរណ៍ជាក់ស្តែងថាថ្មីៗនេះសភាពការណ៍ពិភពលោក បានផ្ទុះសង្រ្គាមឡើងរវាងប្រទេសរុស្ស៉ី និងអ៊ុយក្រែន កំពុងប្រយុទ្ធគ្នាធ្វើឱ្យប្រទេសដែលកំពុងមានសង្រ្គាមនោះបានខ្ទេចខ្ទាំខូចខាតទាំងទ្រព្យសម្បត្តិ និងមនុស្សស្លាប់ជាច្រើននាក់ ដោយសារសង្គ្រាម។ ដោយឡែកនៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើប្រទេសជាតិបានបិទបញ្ចប់សង្រ្គាមស៊ីវិល ដែលបានស្វែងរកសន្តិភាពជូនជាតិមាតុភូមិ និងប្រជាជន តាមរយៈនយោបាយឈ្នះឈ្នះ បង្រួបបង្រួមជាតិតែមួយ មានតែសន្តិភាពមួយប៉ុណ្ណោះដែលធ្វើឱ្យប្រទេសជាតិរីកចម្រើន និងប្រជាជនរស់នៅបានសុខសប្បាយ ក្រោមទិសស្លោក «អរគុណសន្តិភាព»៕