អភិបាលខេត្តកំពង់ចាម ដាក់វិធានការឱ្យអាជ្ញាធរ អង្គភាពពាក់ព័ន្ធ កុំទទួលយករាល់ផ្លូវសង់រួចដោយមិនមានដាក់ស្លាកសញ្ញាចរាចរ


(កំពង់ចាម)៖ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានដាក់វិធានការឱ្យអាជ្ញាធរ អង្គភាពពាក់ព័ន្ធ កុំទទួលយករាល់ផ្លូវសាងសង់រួច ដោយមិនមានដាក់ស្លាកសញ្ញាចរាចរ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា «គ្រប់ផ្លូវទាំងអស់ ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទ, ផ្លូវដែលអនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន, ផ្លូវដែលអនុវត្តដោយរដ្ឋបាលខេត្តស្រុក ហើយអនុវត្តដោយមូល និធិឃុំសង្កាត់ គ្រប់គម្រោងទាំងអស់ គឺស្នើសុំថា ពេលអនុវត្តគម្រោងរួចហើយ ត្រូវមានដាក់ស្លាកសញ្ញាចរាចរណ៍។ ចំណែកឯគម្រោងទាំងអស់ដែលដាក់ស្នើសុំដើម្បីស្ថាបនាផ្លូវត្រូវបូកបញ្ចូលការដាក់ស្លាកសញ្ញា ចរាចរណ៍ឲ្យហើយផងដែរ។ ចំពោះផ្នែកលទ្ធកម្ម នៅពេលចុះវាយតម្លៃ សូមណែនាំម្ចាស់គម្រោងឲ្យដាក់ស្លាកសញ្ញាចរាចរឲ្យបានត្រឹមត្រូវ បើមិនដូច្នោះទេ មិនអនុញ្ញាតឲ្យទទួលយកទេ»

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការធ្វើចរាចរណ៍តាមដងផ្លូវមានភាពមមាញឹក ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ស្ទើរតែរៀងរាល់ថ្ងៃនៅក្នុងដើមឆ្នាំ២០២២នេះ ដូច្នេះការរៀបចំដាក់គំនូសស្លាកចរាចរណ៍បានត្រឹមត្រូវ អាចធ្វើឱ្យផ្លូវមានសោភ័ណភាព នឹងអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានផងដែរ។

ជាមួយគ្នានេះ ចំពោះចំណុចខ្វះខាតដែលកើតមានកន្លងទៅ ទាក់ទងនឹងការបម្រើសេវា និងការទំនាក់ទំនងជាមួយប្រជាពលរដ្ឋមិនទាន់បានល្អ ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញឲ្យមន្ត្រីអនុវត្តច្បាប់ ខិតខំបន្ថែមទៀត ក្នុងការកែប្រែឥរិយាបថ បម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ៕