ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង ឯកឧត្តម ខូយ រីដា អញ្ជើញចុះត្រួតពិនិត្យគុណភាពកំណាត់ផ្លូវជាតិលេខ៥៥ ដែលកំពុងសាងសង់និងជួសជុលឡើងវិញ


នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូមួយក្រុមរួមមាន៖ ឯកឧត្តម ខូយ រីដា អភិបាលរងខេត្តពោធិសាត់ មន្ត្រីជាន់ខ្ពស់ក្រសួង និងមន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត អញ្ជើញចុះត្រួតពិនិត្យគុណភាពកំណាត់ផ្លូវជាតិលេខ៥៥ ដែលកំពុងសាងសង់និងជួសជុលឡើងវិញដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC)។
ផ្លូវនេះមានប្រវែងសរុបចំនួន១៨២+១៦៦គីឡូម៉ែត្រ និងទទឹង៩ម៉ែត្រ សាងសង់ឡើងក្រោមប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសរុបប្រមាណ១៣២លាន ពីរសែនដុល្លារសហរដ្ឋអាមេរិក ជាប្រភេទផ្លូវDBST គិតចាប់ពីផ្លូវជាតិលេខប្រាំឋិតនៅចំនុចPK៩១+1៥០ តំបន់ក្រវាញរហូតដល់ស្រុកវាលវែង-ឃុំថ្មដា ជាប់ព្រំដែនកម្ពុជាថៃ មានទិសចរាចរណ៍ចំនួនពីរគន្លង។
គម្រោងផ្លូវនេះបានចាប់ដំណើរការបើកការដ្ឋានសាងសង់នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥ និងគ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ដោយរហូតមកដល់ពេលនេះក្រុមហ៊ុនសាងសង់សម្រេចបានប្រមាណ៨៥ភាគរយហើយ។
ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា៖ ផ្លូវនេះជាសសៃឈាមសេដ្ឋកិច្ចមួយយ៉ាងសំខាន់សម្រាប់ការតភ្ជាប់ ទំនាក់ទំនង សមាហរណកម្មផ្ទៃក្នុង ក៏ដូចជាការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានងាយស្រួលនិងឆាប់រហ័ស និងរួមចំណែកដល់ការប្រែក្លាយតំបន់សក្តានុពលផ្នែកកសិកម្ម ពិសេសតំបន់ដាច់ស្រយាលជាប់ព្រំប្រទល់កម្ពុជាថៃ ដែលអាចតភ្ជាប់មកកាន់ទីប្រជុំជនបានងាយស្រួល។ ជាពិសេសជាងនេះទៅទៀត ផ្លូវនេះជួយធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់រវាងកម្ពុជានិងបណ្តាប្រទេសជិតខាង ជួយដល់ការសម្របសម្រួលការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការវិនិយោគ និងជំរុញដល់ការអភិវឌ្ឍទេសចរណ៍ និងកសិកម្មផងដែរ។