មេទ័ពកម្ពុជា ប្រាប់មេទ័ពស្វ័យការពារជើងទឹកជប៉ុនថា ការអភិវឌ្ឍមូលដ្ឋានទ័ពរាម ជាការពង្រឹងឃឿនការពារជាតិ មិនមែនគំរាមកំហែងប្រទេសដទៃឡើយ


(ព្រះសីហនុ)៖ ឯកអគ្គរដ្ឋទូតជប៉ុន ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា និងលោក ណូហ្គោឈិ យ៉ាស៊ូស៊ិ មេបញ្ជាការកងពលធំបោសសំអាតមីនទី១ នៃកងទ័ពស្វ័យការពារជើងទឹកជប៉ុន នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ ត្រូវបានអនុញ្ញាតឱ្យបំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពសមុទ្ររាម និងជួបសំណេះសំណាលជាមួយមេបញ្ជាការលំហសមុទ្រកម្ពុជា លោកឧត្តមនាវីឯក អ៊ុក សីហា។

មូលដ្ឋានសមុទ្ររាមកាលពីឆ្នាំ២០១៩ ត្រូវបានកាសែតអាមេរិក The Wall Street Journal បានផ្សាយបំភ្លៃថា ស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពចិន និងប្រគល់ឱ្យចិនអភិវឌ្ឍបម្រើដល់ប្រតិបត្តិការរបស់យោធាចិនជាដើម។ ការផ្សាយនេះ បានធ្វើឱ្យកម្ពុជាប្រតិកម្ម ហើយចេញបកស្រាយជាបន្តបន្ទាប់។ បើទោះបីកម្ពុជា បានបំភ្លឺជាច្រើនលើកយ៉ាងណាក្តី ក៏រដ្ឋាភិបាលអាមេរិក បន្តចោទប្រកាន់មកលើកម្ពុជារហូតដល់បច្ចុប្បន្ន។

ក្នុងដំណើរទស្សនកិច្ចមកកាន់មូលដ្ឋានទ័ពសមុទ្ររាមនាព្រឹកថ្ងៃនេះ ឯកឧត្តមឧត្តមនាវីឯក អ៊ុក សីហា បានអនុញ្ញាតឱ្យយកនាវាទៅដឹកឯកអគ្គរដ្ឋទូតជប៉ុន និងមេបញ្ជាការស្វ័យការពារជើងទឹកជប៉ុន ពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ មកកាន់សមុទ្ររាមដោយផ្ទាល់។ ការអញ្ជើញឯកអគ្គរដ្ឋទូតជប៉ុន និងមេបញ្ជាការស្វ័យការពារជើងទឹកជប៉ុន មកកាន់មូលដ្ឋានសមុទ្ររាមតាមផ្លូវ ជំនួសការធ្វើដំណើរតាមផ្លូវគោកនេះ គឺជាការអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតជប៉ុន និងលោកមេបញ្ជាការអាចសង្កេតដោយផ្ទាល់ពីសកម្មភាពនៃការអភិវឌ្ឍនៅមូលដ្ឋានទ័ពសមុទ្ររាម។

នៅពេលនាវាបើកជិតដល់ផែសមុទ្ររាមទាំងឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុន និងមេបញ្ជាការស្វ័យការពារជើងទឹកជប៉ុន បានសង្កេតដោយយកចិត្តទុកដាក់បំផុត ចំពោះសកម្មភាពអភិវឌ្ឍមូលដ្ឋានសមុទ្ររាម ដែលមានសាឡង់ប្រមាណជា៣គ្រឿង បំពាក់ដោយគ្រឿងចាក់ផងកំពុងធ្វើសកម្មភាពនៅលើសមុទ្រចម្ងាយប្រមាណជា ៣០០ម៉ែត្រពីឆ្នេរក្នុងមូលដ្ឋានសមុទ្ររាមនេះ។

នៅពេលចូលចតនៅកំពង់ផែហើយនោះ ឯកឧត្តមឧត្តមនាវីឯក អ៊ុក សីហា បានស្វាគមន៍ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងមេបញ្ជាការ ក៏ដូចជានាវិកស្វ័យការពារជើងទឹកជប៉ុន ដោយការត្រួតពល។ ក្នុងដំណើរពីផែទៅកាន់អគារបញ្ជាការដ្ឋាន ដែលជាកន្លែងជំនួបសំណេះសំណាលនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក អ៊ុក សីហា បានអនុញ្ញាតឱ្យឯកឧត្តមឯកអគ្គរដ្ឋទូត និងមេបញ្ជាការស្វ័យការពារជើងទឹកជប៉ុន ធ្វើដំណើរដោយថ្មើរជើង ដើម្បីបានផ្តល់ឱកាសបន្ថែមដល់លោកឯកអគ្គរដ្ឋទូត និងមេបញ្ជាការស្វ័យការពារជើងទឹកជប៉ុន អាចពិនិត្យបន្ថែមនូវទិដ្ឋភាពមួយចំនួននៅបញ្ជាការដ្ឋានមូលដ្ឋានសមុទ្ររាមនេះ។

ឯកឧត្តមឧត្តមនាវីឯក អ៊ុក សីហា ក៏បាននាំលោកឯកអគ្គរដ្ឋទូត និងមេបញ្ជាការស្វ័យការពារជើងទឹកជប៉ុន ទៅត្រួតពិនិត្យរោងជាង ដែលកងទ័ពជើងទឹកកំពុងធ្វើសកម្មភាពជួសជុលនាវា។

ដោយឡែកនៅក្នុងជំនួបពិភាក្សាវិញ ឯកឧត្តមឧត្តមនាវីឯក អ៊ុក សីហា បានផ្តល់នូវព័ត៌មានដោយត្រង់ៗពាក់ព័ន្ធការអភិវឌ្ឍមូលដ្ឋានសមុទ្ររាម ដូចជាការលើកម្ពស់សមត្ថភាពរោងជាងសម្រាប់ជួសជុលនាវា និងការសាងសង់កំពង់ផែ ដែលមានជម្រៅទឹកកាន់តែជ្រៅសម្រាប់នាវាធំៗអាចចូលចតបានជាដើម។

ឯកឧត្តមឧត្តមនាវីឯក អ៊ុក សីហា បានគូសបញ្ជាក់ថា «ដូចសម្តេចតេជោ ហ៊ុន សែន និងសម្តេចពិជ័យសេនា ទៀ បាញ់ បានបានបញ្ជាក់ជារឿយៗមកហើយថា ការអភិវឌ្ឍនៅមូលដ្ឋានទ័ពសមុទ្ររាម គឺជាការពង្រឹងខឿនការពារជាតិរបស់កម្ពុជា មិនមែនជាការគំរាមកំហែងប្រទេសណាមួយនោះឡើយ។ ទាំងប្រទេសនៅក្នុងតំបន់ និងក្រៅតំបន់ គឺសុទ្ធតែជាមិត្តរបស់កម្ពុជា។ កម្ពុជាមិនត្រូវការធ្វើជាសត្រូវជាមួយប្រទេសណាមួយនោះឡើយ នេះគឺជាគោលនយោបាយការទេសរបស់កម្ពុជា»

ឯកឧត្តមឧត្តមនាវីឯក អ៊ុក សីហា ក៏បានប្រកាសស្វាគមន៍ចំពោះការជួយឧបត្ថម្ភគាំទ្រ និងការគាំពារទាំងឡាយរបស់ជប៉ុន នៅមូលដ្ឋានទ័ពសមុទ្ររាមនេះ។ ក្នុងជំនួបនោះ លោកក៏បានស្នើទៅជប៉ុន ជួយរួមចំណែកអភិវឌ្ឍន៍សមត្ថភាពមន្ទីរពេទ្យនៅមូលដ្ឋានសមុទ្ររាម ដែលជាកន្លែងផ្តល់សេវាព្យាបាលមិនត្រឹមតែកងទ័ពប៉ុណ្ណោះទេ តែសម្រាប់ប្រជាពលរដ្ឋនៅតំបន់នោះផងដែរ។

ទាំងឯកឧត្តមឯកអគ្គរដ្ឋទូត មិកាមិ ម៉ាសាហ៊ីរ៉ុ និងលោកមេបញ្ជាការកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន បានសម្តែងនូវក្តីសោមនស្សរីករាយ ចំពោះការបើកចិត្តយ៉ាងទូលាយរបស់ឯកឧត្តមឧត្តមនាវីឯក អ៊ុក សីហា ដោយផ្តល់ព័ត៌មានដោយត្រង់ៗពាក់ព័ន្ធការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅមូលដ្ឋានសមុទ្ររាមនេះ។

លោកមេបញ្ជាការកម្លាំងស្វ័យការពារជើងទឹកជប៉ុន បានបង្ហាញក្តីរំពឹងដែរថា កងទ័ពជើងទឹកកម្ពុជា ជាពិសេសលោកមេបញ្ជាការលំហសមុទ្ររាម នឹងផ្តល់ឱកាសឱ្យលោកបានទស្សនកិច្ចនៅមូលដ្ឋានសមុទ្រនាពេលក្រោយៗទៀត ពេលនាវាស្វ័យការពារជើងទឹកជប៉ុនចូលមកកម្ពុជា។ លោកមេបញ្ជការ ក៏សង្ឃឹមថា កងទ័ពលំហសមុទ្រកម្ពុជា និងមានកិច្ចសហប្រតិបត្តិការកាន់តែប្រសើរជាមួយកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន ដើម្បីជាប្រយោជន៍សម្រាប់ប្រទេសទាំងពីរ៕