ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា ចាប់អារម្មណ៍លើវិស័យទេសចរណ៍ ក្នុងពេញអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់ពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺ


(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តម ELDEEN HUSAINI HOHD HASHIM ឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ី ប្រចាំនៅប្រទេសកម្ពុជា និងលោកជំទាវ ព្រមទាំងគណៈប្រតិភូអមដំណើរ ក្នុងឱកាសដែលអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់ពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺ។

ឯកឧត្តមឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ី បានលើកឡើងថា លោកនឹងកៀគរអ្នកវិនិយោគលើ វិស័យទេសចរណ៍ វិស័យពាណិជ្ជកម្ម វិស័យអចលនទ្រព្យ វិស័យកសិកម្ម វិស័យឧស្សាហកម្ម វិស័យអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ មកវិនិយោគនៅទឹកដីខេត្តកំពង់ស្ពឺនាពេលដ៏ខ្លីខាងមុខ។

ឯកឧត្តមឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ី រំពឹងថា «នៅពេលដែលអ្នកវិនិយោគរបស់ម៉ាឡេស៊ីមានចំណាប់អារម្មណ៍ហើយមកបណ្ដាក់ទុននៅក្នុងខេត្តកំពង់ស្ពឺ ពេលនោះប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺ មានប្រាក់ចំណូលបន្ថែមទៀត តាមរយៈឱកាសការងារដែលអ្នក វិនិយោគរបស់ម៉ាឡេស៊ីមកបណ្ដាក់ទុន»