ឯកឧត្តម ស៊ុន ចាន់ថុល អនុញ្ញាតឱ្យគណៈប្រតិភូធនាគារពិភពលោក ចូលជួបពិភាក្សាការងារ


កាលពីថ្ងៃ១៤កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូធនាគារពិភពលោក(W.B.) ដឹកនាំដោយលោកជំទាវ Manuela V. Ferro អនុប្រធានធនាគារពិភពលោកទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ  នៅទីស្តីការក្រសួង។

នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះធនាគារពិភពលោក ដែលបានផ្តល់ការគាំទ្រដល់ប្រទេសកម្ពុជា ជាពិសេសក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការអភិវឌ្ឍហេដ្ឋារចនារចនាសម្ព័ន្ធនៅកម្ពុជា បានបង្ហាញពីសុទិដ្ឋិនិយមក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ អាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងទឹកស្អាត ។ ឯកឧត្តមបានគូសបញ្ជាក់អំពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលសម្រេចបាន និងគម្រោងកំពុងអនុវត្តបន្ត រួមមាន ផែន ការមេអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបណ្តាញផ្លូវថ្នល់ ផែនការមេដឹកជញ្ជូនផ្លូវទឹក ផែនការដឹកជញ្ជូនតាមផ្លូវដែក ផែនការមេភ័ស្តុភារកម្ម ផែនការមេដឹកជញ្ជូនឆ្លងកាត់ព្រំដែន និងការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធផ្លូវថ្នល់ នៅខេត្តសៀមរាប ដែលជាតំបន់ប្រកបដោយសក្កានុពលសេដ្ឋកិច្ច និងទេសចរណ៍។

ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានធ្វើការកត់សម្គាល់ផងដែរ អំពីវិស័យសក្កានុពល និងអាទិភាពមួយចំនួនរបស់កម្ពុជា ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងការគាំទ្រពីធនាគារពិភពលោក ការវាយតម្លៃលើសូចនាករដែលត្រូវសម្រេចបាន ការសិក្សាអំពីតម្រូវការអាទិភាពជាក់ស្តែង ការស្វែងយល់អំពីស្ថានភាពនៃតម្រូវការ និងមធ្យោបាយឈាន ទៅសម្រេចបានលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រកប ដោយគុណភាព ។ ឯកឧត្តមបានមានប្រសាសន៍ថា ក្រសួងបានរៀនសូត្របទពិសោធន៍ជាច្រើនពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទាក់ទងនឹងផែនការគ្រប់គ្រងទឹកកខ្វក់ នៅពេលទីក្រុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងបានស្នើសុំការគាំទ្រពីធនាគារពិភពលោក ដើម្បីអនុវត្តផែនការមេគ្រប់គ្រងទឹកកខ្វក់ នៅតាមបណ្តារាជធានី-ខេត្តសំខាន់ៗឱ្យបានទូលំទូលាយ ដើម្បីធ្វើឱ្យប្រសើរឡើងសុខុមាលភាពប្រជាពលរដ្ឋ។

លើសពីនេះទៀត ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ អំពីដំណើររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះពិនិត្យសមិទ្ធផលសម្រេចបាននៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ វឌ្ឍនភាពនៃគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងស្ថានភាពនៃការអនុវត្តគម្រោងស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤ ក្រោមប្រាក់កម្ចីសម្បទានពីធនាគារពិភពលោក ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើនសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។

ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍អំពីបញ្ហាប្រឈមទាក់ទងនឹងការត្រួតពិនិត្យបច្ចេកទេស នៃការសាងសង់ផ្លូវ ការកសាងសមត្ថភាពមន្ត្រីរបស់ក្រសួងដើម្បីពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងទីប្រឹក្សាបច្ចេកទេសនិងក្រុមហ៊ុនម៉ៅការ ការបណ្តុះ បណ្តាលគ្រូបង្គោលលើជំនាញបច្ចេកទេស សាងសង់ផ្លូវក្នុងការធានាចីរភាពយូរអង្វែង ការគាំទ្រពីវិទ្យាស្ថានបច្ចេកទេសកូរ៉េ (KICT) ដើម្បីកសាងសមត្ថភាពមន្ត្រីរបស់វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន លើការបង្កើតកម្មវិធីសិក្សា គម្រោងសាងសង់ផ្លូវតភ្ជាប់ប៉ូលសេដ្ឋកិច្ចថ្មីខេត្តសៀមរាប ស្ទឹងត្រែង ទៅខេត្តរតនគិរី រហូតដល់ព្រំដែនវៀតណាម តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

ដោយឡែក លោកជំទាវ Manuela V. Ferro បានកត់សម្គាល់ដោយយកចិត្តទុក ដាក់ទៅលើសំណើទាំងឡាយ ដែលបានលើកឡើងដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី និងគូសបញ្ជាក់ថា ធនាគារពិភពលោកនឹងពិនិត្យលទ្ធភាព ផ្តល់អ្នកជំនាញឯកទេស ដើម្បីពង្រឹងសមត្ថភាពរបស់មន្ត្រីក្រសួង ក៏ដូចជាមន្ត្រីនៃវិទ្យាស្ថាន តេជោ សែន សាធារណការ និងដឹកជញ្ជូន ជាពិសេសខិតខំប្រឹងប្រឹងពន្លឿនការគាំទ្រ ការអនុវត្តគម្រោងនានានៅកម្ពុជា ឱ្យបានឆាប់រហ័ស៕