កម្ពុជាស្វាគមន៍ចំពោះវត្តមានក្រុមគ្រូពេទ្យវេជ្ជសាស្ត្របុរាណចិនដែលមកចែករំលែក បទពិសោធន៍ដល់គ្រូពេទ្យកម្ពុជា


ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១៦ ខែមីនា ២០២២នេះ ក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្របុរាណចិនចំនួន១០នាក់ បានធ្វើដំណើរមកដល់រាជធានីភ្នំពេញហើយ បូកជាមួយនិងសមាជិក២នាក់នៅកម្ពុជាស្រាប់ ដូច្នេះ សរុបចំនួន១២នាក់។

ឯកឧត្តម អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការក្រសួងសុខាភិបាលនិង លោក Wu Guoquan ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត បានអញ្ជើញទៅទទួលដំណើរមកដល់នៃក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្របុរាណចិន នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។

ឯកឧត្តម អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា វត្តមានរបស់ក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្របុរាណថ្នាក់ជាតិរបស់ចិន នាពេលនេះ ពិតជាមានផលប្រយោជន៍ច្រើន ដោយបាន នាំមកនូវ បច្ចេកវិទ្យាថ្មីបង្ហាត់បង្រៀនដល់ក្រុមគ្រូពេទ្យកម្ពុជា ក្នុងការព្យាបាលកូវីដ១៩ ព្រមទាំងនឹងជួយព្យាបាលជំងឺជូនប្រជាជនកម្ពុជាឲ្យបានត្រឹមត្រូវ។

លោកស្រី Xu Fengqing ប្រធានក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្របុរាណចិនបានមានប្រសាសន៍ថា បេសកកម្មរបស់ក្រុមលោកស្រីគឺក្នុងគោលបំណងចែករំលែកបទ ពិសោធន៍ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយភាគីកម្ពុជា។ លោកស្រីថា ក្រុមលោកស្រីនឹងធ្វើការពិភាក្សាផ្នែកវេជ្ជសាស្ត្រ ជាមួយគ្រូពេទ្យកម្ពុជា ព្រមទាំងជាមួយនឹងការជួយព្យាបាលប្រជាជនកម្ពុជា ផងដែរ។

ការចាត់បញ្ជូនក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្របុរាណចិនជួយកម្ពុជាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩លើកនេះ គឺជាជំហានសំខាន់មួយទៀតនៃវេជ្ជសាស្ត្រនិងឱសថបុរាណចិនក្នុងការជួយកម្ពុជាទប់ស្កាត់ជំងឺកូវីដ១៩ ហើយវានឹងពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ជំងឺកូវីដ១៩ កម្ពុជាចិនមួយកម្រិតបន្ថែមទៀត ដើម្បីចូលរួមបង្កើតសហគមន៍វាសនារួមកម្ពុជាចិន និងបង្កើតសហគមន៍សុខភាពអនាម័យរួមនៃមនុស្សជាតិផងដែរ។

ការបង្ការជំងឺឆ្លងពុំមានកំណត់ព្រំដែនប្រទេស ធ្វើយ៉ាងម៉េចគឺត្រូវតែគ្រប់គ្រងឱ្យបានទាន់ពេល ទប់ទល់ការឆ្លងរាលដាល ឱ្យសមស្របទៅតាមផលប្រយោជន៍មូលដ្ឋានរបស់ប្រជាជនគ្រប់ប្រទេស ព្រមទាំងមានសារសំខាន់សម្រាប់ពង្រឹង និងអភិវឌ្ឍមិត្តភាពជាប្រពៃណីរវាងប្រជាជនចិន និងប្រជាជនកម្ពុជា។ ឆ្លើយតបទៅនឹងការរាតត្បាតនៃកូវីដ១៩លើកនេះ វេជ្ជសាស្ត្រនិងឱសថបុរាណចិនបានបង្ហាញពីសារសំខាន់របស់ខ្លួនយ៉ាងខ្លាំងនៅក្នុងប្រទេសចិន ហើយនឹងចាត់បញ្ជូនក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្របុរាណចិនជាក្រុម ទៅសង្គ្រោះព្យាបាល ដែល នេះពិតជាមានអត្ថន័យធំធេង។

តាមគម្រោង ក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្របុរាណចិនជួយកម្ពុជាទប់ស្កាត់ជំងឺកូវីដ១៩ នឹងចាប់ផ្ដើមអនុវត្តភារកិច្ចព្យាបាលជូនសាធារណជននៅមន្ទីរមិត្តភាពកម្ពុជាចិនព្រះកុសុមៈ ដែលជាជំនួយសាងសង់ដោយភាគីចិន ដើម្បីណែនាំបង្ហាញពីបទពិសោធន៍គ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩របស់ប្រទេសចិនជូនដល់ភាគីកម្ពុជា ប្រើប្រាស់ក្រុមវេជ្ជសាស្ត្រនិងឱសថបុរាណចិនចាប់ផ្ដើមការងារជួយសង្គ្រោះព្យាបាល ជួយកម្ពុជាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។ ពួកគាត់ក៏នឹងធ្វើការពិនិត្យព្យាបាលជំងឺដោយប្រើវេជ្ជសាស្ត្របុរាណចិន ផ្សព្វផ្សាយបច្ចេកទេសវេជ្ជសាស្ត្រនិងឱសថបុរាណចិន បង្កើនកម្រិតវិស័យព្យាបាលនិងសុខាភិបាលកម្ពុជា ដើម្បីចូលរួមជាស្នាដៃថ្មីក្នុងវឌ្ឍនភាពកិច្ចការជាមិត្តភាពកម្ពុជាចិន និងការបង្កើតសហគមន៍វាសនារួមកម្ពុជាចិន។

ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាកាលពីថ្មីៗនេះបានអះអាងថា ដរាបណាកម្ពុជាមិនទាន់អស់មេរោគកូវីដ-១៩ ចិនក៏មិនបញ្ឈប់ការផ្ដល់ជំនួយវ៉ាក់សាំង និងជំនួយមកកម្ពុជាដែរ ខណៈដែលកម្ពុជា-ចិនជាមិត្តដែកថែបហើយតែងតែគាំទ្រគ្នាគ្រប់កាលៈទេសៈទាំងអស់៕