ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ ឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ ដោយហៅកាត់ថា «កជទី២»

ប្រទេសកម្ពុជា បន្ទាប់ពីទទួលបានសន្តិភាព ស្ថេរភាពនយោបាយ ឯកភាពជាតិ និងឯកភាពទឹកដីពេញលេញតាមរយៈការអនុវត្ត «នយោបាយឈ្នះ-ឈ្នះ» ដែលផ្តួចផ្តើមគំនិត និងដឹកនាំអនុវត្តដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាចុងទសវត្សរ៍ទី៩០ រាជរដ្ឋាភិបាលបានដាក់ចេញនូវ គោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណតាមដំណាក់កាល១ ទី២ ទី៣ និងទី៤ តាមអាណត្តិនីមួយៗ ដោយផ្តោតទៅលើការធ្វើកំណែទម្រង់ក្នុងវិស័យសំខាន់ៗនានា ដើម្បីធានាដល់ការបន្តរក្សា និងពង្រឹងសន្តិភាពស្ថេរភាពនយោបាយ និងការជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចប្រកបដោយសមធម៌ និងចីរភាព។ ក្នុងនោះកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក៏ជាកំណែទម្រង់មួយក្នុងចំណោមកំណែទម្រង់សំខាន់នានាផងដែរ។

នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាប្រមាណ៣០នាទី, ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ៖

* សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល ដែលបានចូលរួមអនុវត្តការកែទម្រង់វិមជ្ឈការ និងវសហមជ្ឈការ និងកម្មវិធីកែទម្រង់សំខាន់ៗដទៃទៀត របស់រាជរដ្ឋាភិបាលបានជោគជ័យជាបន្តបន្ទាប់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាការពង្រឹងអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលជាង ៣អាណត្តិកន្លងមក ដើម្បីរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវបន្តបែងចែកឱ្យបានច្បាស់លាស់នូវតួនាទី សិទ្ធិអំណាច និងការទទួលខុសត្រូវលើការផ្តល់សេវាសាធារណៈ ដែលត្រូវបានផ្ទេរពីក្រសួង-ស្ថាប័នថ្នាក់ជាតិទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសរវាងថ្នាក់រដ្ឋបាលនីមួយៗ ដើម្បីរៀបចំគោលនយោបាយ និងការផ្តល់សេវាក្នុងវិស័យនីមួយៗ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ.ជ.អ.ប ត្រូវបន្តពង្រឹងការអនុវត្តតួនាទីរបស់ខ្លួន ដោយផ្សារភ្ជាប់ជាមួយកម្មវិធីកែទម្រង់សំខាន់ៗដទៃទៀត ហើយត្រូវដឹកនាំសម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិនិត្យ និងកែសម្រួលច្បាប់ លិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធឱ្យស្របទៅនឹងគោលនយោបាយ និងការវិវឌ្ឍនៃការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ.ជ.អ.ប ចាំបាច់ត្រូវសិក្សានូវជម្រើសមស្របនានាសម្រាប់រៀបចំយន្តការស្ថាប័នជាក់លាក់នៅថ្នាក់ជាតិ ដែលជាយន្តការអចិន្ត្រៃយ៍ ធានាប្រសិទ្ធភាពនៃការដឹកនាំ ការសម្របសម្រួល ការតាមដានត្រួតពិនិត្យរបស់រដ្ឋបាលថ្នាក់ក្រោមជាតិស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលបានកំណត់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើអ្វីៗត្រូវទុកនៅថ្នាក់ជាតិ ដោយមិនបានផ្ទេរអំណាច និងមុខងារទៅមូលដ្ឋានទេនោះ មិនអាចធ្វើឱ្យការគ្រប់គ្រងបានល្អប្រសើរនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពជោគជ័យនៃការគ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩ គឺដោយសារមានការប្រគល់តួនាទី និងអំណាចជូនទៅថ្នាក់ក្រោមជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវបន្តពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិបន្ថែមទៀតតាមរយៈការរៀបចំឡើងវិញនូវមុខងាររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រង នៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ក្នុងការផ្តល់សេវាទាន់ពេលវេលាជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានផ្អែកលើសក្តានុពលនៃមូលដ្ឋាននីមួយៗ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ការប្រកួតប្រជែង និងសមធម៌សង្គម។

* សម្តេចតេជោ បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាល សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដែលបានបំពេញតួនាទីដឹកនាំ និងសម្របសម្រួលកិច្ចការ ជាទូទៅនៃកម្មវិធីកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការសម្រេច បានសមិទ្ធផលគួរជាទីមោទនៈ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញ ត្រូវរៀបចំឱ្យមានរចនាសម្ព័ន្ធគ្រប់គ្រង និងមុខងារ ស្របតាមចរិតលក្ខណៈជាទីក្រុងធំដែលហៅជាសកលថា ទីក្រុងមេត្រូប៉ូលីតែន ដើម្បីធានាដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ដែលជាតម្រូវការស្របតាមកំណើនប្រជាជន និងសេវាទីក្រុង។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាការពង្រឹង អភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្រ្តចតុកោណរបស់ រាជរដ្ឋាភិបាល ក្នុងរយៈពេលជាង ៣ អាណត្តិកន្លងមក ដើម្បីរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាល-សាធារណៈនៅថ្នាក់ក្រោមជាតិ ដោយឈរលើគោលការណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។ រដ្ឋបាលថ្នាក់ក្រោមជាតិ គឺជានីតិបុគ្គលនៃនីតិសាធារណៈដែលត្រូវទទួលនូវសិទ្ធិអំណាចនានាដោយរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីលើកកម្ពស់គុណភាពជីវិតប្រជាជន ក្នុងមូលដ្ឋានប្រកប ដោយតម្លាភាព សុចរិតភាព នីតិរដ្ឋ និងសមធម៌សង្គម តាមរយៈការលើកកម្ពស់គុណភាព នៃការផ្តល់សេវាសាធារណៈ និង ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។

* កាលពីឆ្នាំ ២០២០កន្លងមក កម្ពុជាបានអនុវត្តបញ្ចប់ កម្មវិធីជាតិរយៈពេល១០ឆ្នាំ ដំណាក់កាលទី១ (ឆ្នាំ២០១០-២០២០) ដោយសម្រេចបានសមិទ្ធផល គួរឱ្យកត់សម្គាល់ គឺការរៀបចំ និងដាក់ឱ្យដំណើរការនូវស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិប-តេយ្យ និងវិមជ្ឈការ ដែលមានក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនាមជាស្ថាប័នទទួលខុសត្រូវក្នុងការធ្វើសេចក្តីសម្រេច ចិត្តលើគោលនយោបាយអភិវឌ្ឍមូលដ្ឋាននីមួយៗ និងជាអ្នកដែលត្រូវបានបោះឆ្នោតជ្រើសរើស ដោយប្រជាពលរដ្ឋតាមអាណត្តិនីមួយៗរបស់ខ្លួន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នកម្ពុជាពិតជាទទួលបានបទពិសោធន៍គ្រប់គ្រាន់ សម្រាប់បន្តការកែទម្រង់ស៊ីជម្រៅនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីចូលរួមចំណែកស្តារសេដ្ឋកិច្ចជាតិឡើងវិញ ក្រោយវិបត្តិ-កូវីដ១៩ ជាមួយនឹងរបៀបវារៈនានា នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិរហូតដល់ឆ្នាំ២០៣០។
ដូច្នេះដើម្បីសម្រេចតាមគោលដៅដែលបានគ្រោងទុក និងធានាដល់ការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី ២, ក្នុងនាមរាជរដ្ឋាភិបាល សូមផ្តល់នូវអនុសាសន៍ចំនួន៥ចំណុច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវបន្តខិតខំពង្រឹងការគ្រប់គ្រងការប្រមូលចំណូលជាមួយ នឹងការគ្រប់គ្រងចំណាយប្រកបដោយតម្លាភាព។ គ្រប់ស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវកាត់បន្ថយចំណាយដែលពុំមានតម្រូវការចាំបាច់ រួមទាំងគម្រោងវិនិយោគសាធារណៈ ដែលពុំទាន់ចាំបាច់ ដើម្បីធានាស្ថិរភាពថវិកាជាតិ ដែលកំពុងស្ថិតក្នុងស្ថានភាពលំបាកដោយសារជំងឺកូវិដ-១៩។ សាខាពន្ធដារ រាជធានី-ខេត្តត្រូវសហការជិតស្និទ្ធជាមួយរដ្ឋបាលរាជធានី-ខេត្តនីមួយៗ ដើម្បីប្រមូលចំណូល សារពើពន្ធនានា។ ទន្ទឹមនេះ ត្រូវពង្រឹងការធ្វើសវនកម្ម អធិការកិច្ចហិរញ្ញ វត្ថុ ដើម្បីធានាថា ធនធានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ ស្របតាមច្បាប់និងលិខិតបទដ្ឋាននានា ដែលបានកំណត់ ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវបន្តជំរុញការរៀបចំ និងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធអភិបាលកិច្ចឌីជីថល់នៅ រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពការងាររដ្ឋបាលផ្ទៃក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ និង ការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ព្រមទាំងធានាដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានឆាប់រហ័ស ទាន់ពេលវេលា និងមានតម្លាភាព។

* សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល ដែលបានខិតខំចូលរួមអនុវត្តកិច្ចដំណើរការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនិងការកែទម្រង់សំខាន់ៗដទៃទៀត របស់រាជរដ្ឋាភិបាលសម្រេចបានជោគជ័យជាបន្តបន្ទាប់។

* សម្តេចតេជោ សូមអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល ផ្នែកឯកជន និងអ្នកពាក់ព័ន្ធទាំងអស់ សូមបន្តផ្តល់ការគាំទ្រ សហការដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ធ្វើឱ្យជីវភាព-សង្គមគ្រួសារកម្ពុជា កាន់តែមានភាពល្អប្រសើរឡើង ទាំងបច្ចុប្បន្ន និងអនាគត។