សៀមរាប៖ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅសណ្ឋាគារអង្គរអេរ៉ា មានប្រារព្ធកិច្ចប្រជុំថ្នាក់តំបន់ស្ដីពី “ការផ្តល់អាហារដល់សិស្សានុសិស្សតាមសាលារៀននៅកម្រិតបឋមសិក្សា” ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្រោមវត្តមានចូលរួមពីសំណាក់លោក លោកស្រីតំណាងក្រសួងអប់រំមកពីប្រទេសចំនួន០៧ និងសមាជិក សមាជិកាអង្គការស្បៀងអាហារអន្តរជាតិប្រចាំប្រទេសនីមួយៗផងដែរ។
ថ្លែងក្នុងពិធីនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានមានប្រសាសន៍កោតសរសើរចំពោះប្រទេសសមាជិកដែលបានចូលរួម ជាពិសេសតំណាងអង្គការស្បៀងអាហារពិភពលោក ដែលតែងតែគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស ដើម្បីសម្រេចបាននូវគោលដៅអប់រំជាច្រើននៅកម្ពុជា។ ឯកឧត្ដមបានបន្ថែមថាន កម្មវិធីផ្ដល់អាហារដល់សិស្សានុសិស្សនៅតាមសាលារៀននេះ គឺជាកម្មវិធីដ៏មានសារៈសំខាន់មួយក្នុងការលើកកម្ពស់ការចូលរួមប្រកបដោយ សមធម៌សម្រាប់ការអប់រំជូនដល់សិស្សានុសិស្សនៅតាមសហគមន៍ក្រីក្រ និងអាចធ្វើឲ្យពួកគាត់មានលទ្ធភាពបន្តការសិក្សានៅកាន់កម្រិតខ្ពស់បន្តបន្ទាប់ទៀត។