សាធារណរដ្ឋឆែកបើកចិត្តបន្តជួយអភិវឌ្ឍវិស័យ TVET ខណៈកម្ពុជាស្នើឱ្យបន្តកសាងធនធានមនុស្សលើវិស័យនេះ


(ភ្នំពេញ)៖ សាធារណរដ្ឋឆែកបានបង្ហាញចេតនាចង់បន្តជួយអភិវឌ្ឍវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឬហៅកាត់ថា TVET នៅប្រទេសកម្ពុជា ខណៈភាគីកម្ពុជាក៏បានស្នើទៅកាន់ភាគីឆែកបង្កើតកម្មវិធីបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យ TVET នេះឱ្យកាន់តែប្រសើរ ដើម្បីដើរឱ្យទាន់ការរីកចម្រើនបច្ចេកវិទ្យារបស់ពិភពលោក។

ការលើកឡើងសំណើនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ម៉ារទីន វ៉ាវរ៉ា (Martin Vávra) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ ដែលផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការផ្នែកបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) របស់កម្ពុជា ទាំងលើការបណ្តុះបណ្តាលសមត្ថភាពសិស្ស-និស្សិត រួមនឹងការបំពាក់សម្ភារបរិក្ខានានា ដែលជាការជួយលើកកម្ពស់ទៅលើការបណ្តុះបណ្តាលផ្នែកនេះឱ្យស្របតាមការវិវឌ្ឍយ៉ាងរហ័សនៃបច្ចេកវិទ្យារបស់ពិភពលោក។

នាឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ម៉ារទីន វ៉ាវរ៉ា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ កម្ពុជា-ឆែក ហើយរដ្ឋាភិបាលសាធារណរដ្ឋឆែកបានផ្តល់នូវជំនួយក្នុងការអភិវឌ្ឍប្រទេសកម្ពុជាជាបន្តបន្ទាប់។

ដោយឡែក ចំពោះសកម្មភាពកិច្ចសហប្រតិបត្តិលើការបណ្តុះបណ្តាលផ្នែកបច្ចេកទេស និងវិជ្ជាជីវៈនេះទៀតសោត លោកអគ្គរដ្ឋទូតចង់ឲ្យគម្រោងនេះមាននិរន្តរភាព និងចង់បានការបញ្ជាក់បន្ថែមពីឯកឧត្តមរដ្ឋមន្ត្រីថា តើក្រសួងការងារចង់ឱ្យរដ្ឋាភិបាលសាធារណរដ្ឋឆេកបន្តជួយលើវិស័យ TVET នេះ ក្នុងកម្រិតណាបន្តទៀត។

ឆ្លើយតបទៅកាន់លោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង ចង់ឱ្យមានដំណើរទស្សនកិច្ចរវាងគ្រូ និងគ្រូរបស់ប្រទេសទាំងពីរទៅវិញទៅមក ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ចែករំលែកនូវចំណេះដឹង ក៏ដូចជាកម្មវិធីសិក្សាលើការបណ្តុះបណ្តាលផ្នែកធនធានមនុស្សនេះឱ្យកាន់តែប្រសើរ ដើរឱ្យទាន់ការរីកចម្រើនបច្ចេកវិទ្យារបស់ពិភពលោក។

ឆ្លើយតបទៅនឹងសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង ដែលស្នើឱ្យមានការរៀបចំទស្សនកិច្ចសិក្សារវាងគ្រូ និងគ្រូរបស់ប្រទេសទាំងពីរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកនូវចំណេះដឹងផងនោះ លោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកពិតជាមានរីករាយនូវសំណើនេះ និងសូមឱ្យខាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបន្តធ្វើកិច្ចការនេះជាមួយស្ថានទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា ដើម្បីដាក់សំណើទៅកាន់រដ្ឋាភិបាលឆែកឱ្យមានកិច្ចសហប្រតិបត្តិការលើកិច្ចការងារទាំងនេះឱ្យបានកាន់តែលឿន។

គួរជម្រាបថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជាក៏មានកិច្ចសហប្រតិបត្តិការជាមួយអង្គការភីន (People In Need) ដែលជាអង្គការមិនមែនរដ្ឋាភិបាល និងមិនរកប្រាក់ចំណេញនៃសាធារណរដ្ឋឆែក ដែលអនុវត្តលើគម្រោងជំនួយមនុស្សធម៌ គម្រោងអភិវឌ្ឍន៍រយៈពេលវែង កម្មវិធីអប់រំ និងកម្មវិធីសិទ្ធិមនុស្សនៅតាមតំបន់ដែលមានវិបត្តិនៅទូទាំងសកលលោក និងបានចូលមកកម្ពុជាពីឆ្នាំ២០០៨។ សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យ TVET វិញ រដ្ឋាភិបាលសាធារណរដ្ឋឆែកក៏បានបំពាក់ឧបករណ៍សម្ភារបណ្តុះបណ្តាល បំប៉នសមត្ថភាពថ្នាក់ដឹកនាំ និងគ្រូ ផលិតឯកសារសិក្សា កែលម្អហេដ្ឋារចនាសម្ពន្ធដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង (២០១៩-២០២១) និងវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង (២០២០-២០២១)។

ជាមួយគ្នានោះ ឯកឧត្តម អ៊ិត សំហេង ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសាធារណរដ្ឋឆែក ដែលបានផ្តល់ជំនួយជួយដល់កម្ពុជានាពេលកន្លងមក ជំនួយអស់ទាំងនេះបានរួមចំណែកឲ្យកម្ពុជាបន្តការអភិវឌ្ឍប្រទេសរបស់ខ្លួនឱ្យមានការរីកចម្រើនបន្តទៅមុខទៀត។ ទន្ទឹមនេះដែរ អ្នកជំនាញការរបស់សាធារណរដ្ឋឆែកក៏បានមកបំពេញកិច្ចការងារនៅម្ពុជា ដែលគិតមកដល់ពេលនេះ ក្រសួងការងារបានផ្តល់នូវបណ្ណការងារដល់ពលករជំនាញ ក៏ដូចជាអ្នកជំនាញការរបស់សាធារណរដ្ឋឆែកជាង១០០នាក់មកហើយ ដោយពួកគេនឹងទទួលបានសិទ្ធិគាំពារនានាដូចពលរដ្ឋកម្ពុជាដែរ៕