អភិបាលរងខេត្តកំពង់ចាម លើកទឹកចិត្តដល់យុវជនត្រូវមានទំនុកចិត្ត និងផ្ដល់ឱកាសឲ្យខ្លួនឯង ក្នុងការស្វែងរកភាពជោគជ័យ


ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ បានលើកទឹកចិត្តឲ្យយុវជន ត្រូវមានទំនុកចិត្ត និងផ្តល់ឱកាសឲ្យខ្លួនឯង ក្នុងការស្វែងរកភាពជោគជ័យ ឬក្លាយទៅជាអ្នកដឹកនាំនាពេលអនាគត។

ឯកឧត្តមអភិបាលរងខេត្ត បានលើកឡើងដូច្នេះថា នៅក្នុងវេទិកាពិគ្រោះយោបល់យុវជន ក្រោមប្រធានបទស្តីពី «ការចូលរួម របស់យុវជន និងសហគ្រិនស្ត្រីវ័យក្មេងក្នុងភាពជាអ្នកដឹកនាំ និងការងារសង្គម» ដែលបានធ្វើឡើងនៅសណ្ឋាគារភ្នំប្រុស ក្រុងកំពង់ចាម។

ជាមួយគ្នានេះលោក សោម សុភ័ក្រ នាយកប្រតិបត្តិអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ បានឲ្យដឹងថា ក្រោមជំនួយគាំទ្រ USAID តាមរយៈអង្គការផេកកម្ពុជា នៃគម្រោងសហគ្រិនស្ត្រីវ័យក្មេង និងម្ចាស់ជំនួយផ្សេងទៀត របស់អង្គការដៃគូ យើងបានរួមគ្នាក្នុងការបង្កើនសមត្ថភាព ដល់យុវជន និងសហគ្រិនស្ត្រីវ័យក្មេង សរុបចំនួន ១.០៤៧នាក់ យុវជនជាស្រ្តីចំនួន ៦៣៤នាក់ ដែលក្រុយុវជនមកពី អង្គការ AFD ១០០នាក់, NAS ៩១នាក់, BSDA ៨០១នាក់, SHE ៣០ នាក់ និង PDP ២៥។

ក្នុងឆ្នាំ២០២១ កន្លងទៅ យុវជនទាំង១,០៤៧នាក់ ទទួលបានការពង្រឹងសមត្ថភាពបន្ថែមពីភាពជាអ្នកដឹកនាំ ជំនាញសម្របសម្រួល ការនិយាយជាសាធារណៈការសសេររបាយការណ៍ ការគៀងគរការគាំទ្រលើមតិ ការទំនាក់ទំនងតាមប្រព័ន្ធអ៊ីនធើណែត ការធ្វើអាជីវកម្មជាដើម។

លោក សោម សុភ័ក្រ បានបន្តថា គម្រោងយើងបានគាំទ្រដល់ក្រុមយុវជ និងសហគ្រិនស្ត្រីវ័យក្មេង ក្នុងការចូលរួមសិក្ខា សាលានានា ដើម្បីរៀនសូត្រ និងចែករំលែកពីបទពិសោធន៍ការងារ ចំណេះដឹងពីគ្នាទៅវិញទៅមក តាមរយៈបណ្តាញ យុវជនក្នុងខេត្ត និងក្រៅខេត្ត ព្រមទាំងបានចូលរួមកិច្ចប្រជុំក្នុងកិច្ចសន្ទនា តុមូល វេទិកាពិគ្រោះយោបល់ការដាក់ពិន្ទុលើ សេវាពីសហគមន៍ផ្តល់ជំនាញលើបំនិនជីវិតដូចជាបដិសណ្ឋារកិច្ច,ជួសជុលម៉ូតូ ជួសជុលរថយន្ត ជួសជុលម៉ាស៊ីនត្រជាក់ តំឡើងកាមេរ៉ាសុវត្តិភាព កែសម្ផស្ស ជាងកាត់សក់ បង្កើតជាសហគមន៍កសិកម្មស្ត្រីវ័យក្មេង ផ្តល់ដើមទុនវិនិយោគ តាមរយៈគម្រោងខ្នាតតូច និងផ្ដល់ជាអាហារូបករណ៍ដល់សិស្សក្រីក្រ នៅតាមសហគមន៍ផងដែរ។

បន្ថែមពីនេះទៀត ឯកឧត្តម ខ្លូត ចិន្តាអភិបាលរងខេត្តកំពង់ចាម បានថ្លែងគាំទ្រយ៉ាងពេញទំហឹង និងលើកទឹកចិត្តដល់ប្អូនៗ យុវវ័យទាំងអស់ ត្រូវខិតខំត្រងត្រាប់ស្ដាប់នូវគំនិតល្អៗ ពីវាគ្មិនដោយយកចិត្តទុកដាក់ដើម្បីក្រេបជញ្ជក់យកនូវ ចំណេះដឹងថ្មីៗ ដែលជាផ្នែកមួយនៃការកសាងធនធានមនុស្សឲ្យក្លាយទៅជាអ្នកដឹកនាំពោរពេញទៅដោយសមត្ថភាព ចំណេះដឹង និងមានជំនាញយ៉ាងពិតប្រាកដ សម្រាប់យកទៅបំពេញការងារដើម្បីខ្លួនឯង ក្រុមគ្រួសារ និងចូលរួមជាមួយ រាជរដ្ឋាភិបាល ជួយអភិវឌ្ឍន៍សង្គមជាតិឲ្យកាន់តែមានការរីកចម្រើនថែមទៀតនាថ្ងៃអនាគត៕