(កំពង់ស្ពឺ)៖ ស្ពានអំពែភ្នំ ឬហៅថា ស្ពានពាយ ដែលមានប្រវែង៣៦ម៉ែត្រ ទទឹង១០៥ម៉ែត្រ ស្ថិតក្នុងសង្កាត់ស្វាយក្រវ៉ន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវបានអញ្ជើញបើកការដ្ឋានសាងសង់ក្រោមវត្តមានឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។
នៅព្រឹកថ្ងៃដដែលនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានប្រកាសជួសជុលផ្លូវចំនួន៥គម្រោង ដែលមានប្រវែងសរុប ១៥,៦៧៤គីឡូម៉ែត្របន្ថែមជូនប្រជាពលរដ្ឋ ក្នុងឱកាសចូលឆ្នាំថ្មីខាងមុខផងដែរ។ ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ដោយមានមន្ត្រីពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើននាក់ចូលរួមផងដែរ។
ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា សង្គ្រាមបានបង្កមហន្តរាយណ៍ដ៏វិនាសកម្មហិនហោចចំពោះកម្ពុជារហូត២ជំនាន់ បានធ្វើប្រទេសជាតិលិចលង់គ្មានសល់គ្រប់ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសឡើយ។ តែដោយសារតែការ ខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមនយោបាយឈ្នះឈ្នះ ដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបប្រទេសជាតិទទួលបានសន្តិភាពពេញលេញ ព្រមទាំងមានការ អភិវឌ្ឍន៍ឡើងវិញគ្រប់ទីកន្លែងទូទាំងប្រទេស។
ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ជាក់ស្តែងក្រោមម្លប់នៃសន្តិភាព រដ្ឋបាលខេត្តកំពង់ស្ពឺ ពិតជាមានការអភិវឌ្ឍន៍ដ៏ មានសក្តានុពល ជាពិសេសបងប្អូនមានការងារធ្វើស្ទើគ្រប់ៗគ្នា ដែលផ្តល់ការរកចំណូលចិញ្ចឹមគ្រួសារ បានយ៉ាងគាប់ប្រសើរ។
លោក ស៊ូ សុន្ទរ៉ា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានលើកឡើងថា ការងារជួសជុលខួបមានផ្លូវចំនួន៥ខ្សែ រួមមាន៖
*ផ្លូវជាតិលេខ៤៦ ជួសជុលក្រាលកៅស៊ូDBST (Reseal) ប្រវែង៤.៨ គីឡូម៉ែត្រ ស្រុកភ្នំស្រួច សម្រេច១០០%
*ផ្លូវជាតិលេខ៤៤ ជួសជុលក្រាលកៅស៊ូ DBST (Reseal) ប្រវែង៣.៤គីឡូម៉ែត្រ ស្រុកថ្ពង សម្រេច១០០%
*ផ្លូវខេត្តលេខ១៤៣ ជួសជុលដោយក្រាលកៅស៊ូDBST ប្រវែង១.៨០០ម៉ែត្រ និងស្ថាបនាលូជ្រុងមុខពីរ ចំនួន០២កន្លែង ប្រវែង៦៧៥ម៉ែត្រ ស្ថិតក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន អនុវត្តបាន១០០%
*ផ្លូវខេត្តលេខ១៤៤០ ជួសជុលដោយក្រាលកៅស៊ូ DBST ប្រវែង១,៧៣៣ម៉ែត្រ បែកពីផ្លូវជាតិលេខ៤៤ ដល់ផ្សារក្រាំងចេក (កង់ៗ) ក្នុងក្រុងច្បារមន ស្រុកសំរោងទង និងស្រុកឧដុង្គ អនុវត្តបាន១០០%
*ផ្លូវខេត្តលេខ១៣០ ស្ថាបនាស្ពានបេតុង ប្រវែង៣៦ម៉ែត្រ និងស្ថាបនាលូជ្រុងមុខពីរ ចំនួន០១កន្លែង ប្រវែង៦,៧៥ម៉ែត្រ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមនអនុវត្តបាន៨៨%៕