រសៀលនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម


(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២១ ខែមីនា កន្លងទៅនេះ បានបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ខ្លួន២០២១ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២២ បន្ទាប់ពីអាក់ខានពីរឆ្នាំ (២០២០ និង២០២១) ដោយសារបញ្ហាវិបត្តជំងឺឆ្លងកូវីដ-១៩។ សន្និបាតត្រូវបានបើកដោយឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រីជាទីប្រឹក្សា ព្រមទាំងប្រតិភូ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត។ ពិធីនោះក៏មានការចូលរួមពីលោកឧកញ៉ាតំណាងឱ្យវិស័យឯកជន ដៃគូអភិវឌ្ឍន៍ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំង ២៤ រាជ ធានី-ខេត្ត ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទ និងមានភ្ញៀវកិត្តិយសចំនួន ២០០នាក់ និង ២៥០នាក់ផ្សេងទៀតអញ្ជើញចូលរួមតាម Zooming។

សន្និបាតរយៈពេលពីរថ្ងៃកន្លងទៅ បានពិនិត្យ និងពិភាក្សាយ៉ាងផុសផុលលើលទ្ធផលការងារសម្រេចបាន និងបញ្ហាប្រឈមនៅក្នុងឆ្នាំចាស់។ សន្និបាត ក៏បានពិភាក្សាយ៉ាងផុលផុស ដើម្បីដាក់ចេញនូវទិសដៅការងារប្រកបដោយស័ក្តិសិទ្ធភាពសម្រាប់ជាប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ។

វិស័យកសិកម្ម គឺជាវិស័យនាំមុខមួយដែលផ្ដល់នូវថាមពលបន្ថែមដល់កំណើនសេដ្ឋកិច្ច និងចូលរួមវិភាគទានយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពក្រីក្រ។ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្ដផ្ដល់អាទិភាពទៅលើវិស័យកសិកម្មតាមរយៈការជំរុញអនុវត្តកម្មវិធីការបង្កើនផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្មជាមួយនឹងរបត់ថ្មីដើម្បីឈានឆ្ពោះទៅរកការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងការពន្លឿនកំណើនសេដ្ឋកិច្ចជាតិឱ្យបានឆាប់រហ័ស។

ខាងក្រោមនេះ គឺលទ្ធផលការងារមួយចំនួនដែលក្រសួងសម្រេចបាននៅក្នុងឆ្នាំ២០២១។

* ផលិតកម្មដំណាំស្រូវ៖ ក្នុងឆ្នាំ២០២១នេះ ផ្ទៃដីដាំដុះដំណាំស្រូវសរុបទូទាំងប្រទេស សម្រេចបានចំនួន ៣,៥៥លានហិកតា ស្មើនឹង ១១៦%នៃផែនការ។ ក្នុងនោះស្រូវរដូវប្រាំងមានចំនួន ០.៦៥លានហិកតា និងស្រូវរដូវវស្សាមានចំនួន ២.៩០លានហិកតា ដែលផ្ទៃដីដាំដុះសរុបនេះ កើនឡើងចំនួន ៤.៤១% ធៀបនឹងផ្ទៃដីដាំដុះសរុបនៅឆ្នាំ២០២០។ ផ្ទៃដីប្រមូលផលសរុបមានចំនួន ៣.៥០លានហិកតា ក្នុងនោះស្រូវរដូវប្រាំងមានចំនួន ០,៦៥លានហិកតា និងស្រូវរដូវវស្សាចំនួន ២.៨៥លានហិកតា។ បរិមាណផលស្រូវសរុបទទួលបានចំនួន ១២.២១លានតោន កើនឡើងចំនួន ១.២៧លានតោន ឬស្មើនឹង ១១.៦% ធៀបនឹងឆ្នាំ២០២០។ ទិន្នផលស្រូវមធ្យមប្រចាំឆ្នាំទទួលបាន ៣,៤៩០តោន/ហិកតា។ ដោយឡែក ការភ្ជួររាស់ដោយគ្រឿងយន្តូបនីយកម្មកសិកម្ម សម្រេចបានចំនួន ៣.៥៦លានហិកតា ស្មើនឹង ៩៩.៤២% និងដោយគោក្របីសម្រេចបាន ០.០២លានហិកតា ស្មើនឹង ០.៥៨% នៃផ្ទៃដីភ្ជួររាស់សរុប ចំនួន ៣.៥៨លានហិកតា។

* ផលិតកម្មដំណាំសាកវប្បកម្ម៖ នៅឆ្នាំ២០២១ ផ្ទៃដីដាំដុះដំណាំសាកវប្បកម្មសម្រេចបានចំនួន ៣០៨,៣៩០ហិកតា និងទទួលបានបរិមាណផល ចំនួន ៤,៣៦៥,៨៧៨តោន ក្នុងនោះផ្ទៃដីដុះដំណាំសាកវប្បកម្មរយៈពេលខ្លីសម្រេចបាន ៧៤,៩០១ហិកតា ថយចុះចំនួន ៣០,៤៥៥ហិកតា ស្មើនឹង ២៩% ធៀបនឹងឆ្នាំ២០២០។ ចំពោះផ្ទៃដីប្រមូលផលសម្រេចបានចំនួន ៧៤,៥៤២ហិកតា ដោយទទួលបានបរិមាណផលចំនួន ១,១០៧,៦១១តោន កើនឡើងចំនួន ៨៧,៣៩៧តោន ស្មើនឹង ៨,៥៧% ធៀបនឹងឆ្នាំ២០២០។ ដោយឡែក ផ្ទៃដីដាំដុះដំណាំសាកវប្បកម្មរយៈពេលវែងសំខាន់ៗ រួមមាន ដំណាំចេក អនុវត្តសរុបបានចំនួន ៤៣,៥៩៣ហិកតា និងទទួលបានបរិមាណផលសរុបចំនួន ៦១៥,៩១២តោន (ក្នុងនោះ ចេកអំបូងលឿងមានចំនួន ១៤,៨៨៦ហិកតា ដោយទទួលបានបរិមាណផលសរុបចំនួន ២៦៣,១៤២តោន) ដំណាំស្វាយ អនុវត្តសរុបបានចំនួន ១៥២,០៧៣ហិកតា ដោយទទួលបានបរិមាណផលសរុបចំនួន ២,១៩៧,២៦៥តោន ដំណាំមៀន/មៀនប៉ៃលិន អនុវត្តសរុបបានចំនួន ១២,៨៣៧ហិកតា ដោយទទួលបានបរិមាណផលសរុបចំនួន ១៣១,៤៩៨តោន ដំណាំទុរេន អនុវត្តសរុបបានចំនួន ៥,៤៥២ហិកតា ដោយទទួលបានបរិមាណផលសរុបចំនួន ៤៧,៤៥០តោន និងដំណាំស្រកានាគ អនុវត្តសរុបបានចំនួន ២៩៣ហិកតា ដោយទទួលបានបរិមាណផលសរុបចំនួន ២,១៥៤តោន។

* ផលិតកម្មដំណាំឧស្សាហកម្ម៖ នៅឆ្នាំ២០២១ ផ្ទៃដីដំណាំឧស្សាកម្មសម្រេចបានចំនួន ១,៤៥៣,៥៣០ហិកតា ផ្ទៃដីប្រមូលផលមានចំនួន ១,៣០០,៦៩០ហិកតា និងទទួលបានបរិមាណផលចំនួន ១៩,១៥៨,៩៩៥តោន ក្នុងនោះផ្ទៃដីផលិតកម្មដំណាំឧស្សាហកម្មរយៈពេលខ្លីសម្រេចបានចំនួន ៩៦០,៨០៧ហិកតា កើនឡើងចំនួន ៨៥,៦៧៤ហិកតា ស្មើនឹង១០% ធៀបនឹងឆ្នាំ២០២០ ដោយទទួលបានបរិមាណផលចំនួន ១៥,៦៩៤,៨៧៨តោន។ ដោយឡែក ផ្ទៃដីដាំដុះដំណាំឧស្សាហកម្មរយៈពេលវែងសំខាន់ៗអនុវត្តបានចំនួន ៤៩២,៧២៣ហិកតា ដោយទទួលបានបរិមាណផលសរុបប្រមាណ ៣,៤៦៤,១១៧តោន។

* ការលើកកម្ពស់គុណភាព សុវត្ថិភាព និងការនាំចេញផលិតផលដំណាំកសិកម្ម៖ កិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់គុណភាព និងសុវត្ថិភាពស្បៀង កំពុងត្រូវបានយកចិត្តទុកដាក់យ៉ាងសកម្ម តាមរយៈការអនុវត្តប្រព័ន្ធផលិតកម្មធានាគុណភាព និងសុវត្ថិភាពស្បៀង ក្រសួងបានចុះបញ្ជីជាចម្ការអនុវត្តកសិកម្មល្អកម្ពុជា ចំនួន១២៧ ចម្ការ/កសិដ្ឋាន និងបានបំពាក់ប្រព័ន្ធ QR Code។ ដោយឡែកការនាំចេញផលិតផលកសិកម្មក្នុងឆ្នាំ២០២១នេះ សម្រេចបានចំនួន ១៥,៣៩៥,៧៦៩តោន ក្នុងនោះការនាំចេញផលិតផលកសិកម្មមានវិញ្ញាបនបត្រចំនួន ៧,៩៨៤, ២៥២តោន។ ចំពោះការនាំចេញអង្ករ សម្រេចបានចំនួន ៦១៧,០៦៩តោន ក្នុងនោះនាំចេញទៅប្រទេសចិន បានចំនួន ៣០៩,៧០៩តោន ស្មើនឹង ៥០.១៩% ទៅសហភាពអឺរ៉ុប បានចំនួន ១៥៥,៧៧៣តោន ស្មើនឹង ២៥.២៤% ទៅប្រទេសក្នុងតំបន់អាស៊ាន បានចំនួន ៦៣,១៦៥តោន ស្មើនឹង ១០.២៣% និងទៅប្រទេសផ្សេងៗទៀត បានចំនួន ៨៨,៤២២តោន ស្មើនឹង ១៤.៣៤% នៃការនាំចេញអង្ករសរុប។

* ការងារស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាកសិកម្ម៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ជាអង្គភាពជំនាញបានប្រមូលនិងអភិរក្សប្រភេទពូជដំណាំកសិកម្ម បង្កើតប្រភេទពូជដំណាំកសិកម្មថ្មីៗ ថែរក្សានូវគុណភាពគ្រាប់ពូជនៃប្រភេទពូជដំណាំដែលបានបញ្ចេញ រួមទាំងផ្សព្វផ្សាយនូវពូជទាំងនោះ និងវិធីសាស្រ្តសម្រិតសម្រាំងគ្រាប់ពូជស្រូវបែបកសិករ បច្ចេកវិទ្យាដាំដុះ គ្រប់គ្រងសារធាតុចិញ្ចឹមដំណាំនិងជីជាតិដី ការពារនិងកម្ចាត់សមាសភាពចង្រៃ ការងារមុនពេលនិងក្រោយពេលប្រមូលផល បណ្តុះបណ្តាលធនធានមនុស្ស រួមទាំងចងក្រង បោះពុម្ព និងផ្សព្វផ្សាយអត្ថបទវិទ្យាសាស្រ្ត សៀវភៅ ព្រមទាំងឯកសារបច្ចេកទេស ជូនដល់អ្នកពាក់ព័ន្ធនិងកសិករទូទាំងប្រទេស។

* ការងារនីតិកម្ម និងគ្រប់គ្រងសម្ភារកសិកម្ម៖ ក្រសួងបានចាត់មន្រ្តីជំនាញចុះត្រួតពិនិត្យការនាំចូលថ្នាំកសិកម្ម និងជីកសិកម្ម និងបានផ្ដល់សុពលភាព ផ្គត់ផ្គង់ ចែកចាយ ដល់ក្រុមហ៊ុនពាណិជ្ជកម្មថ្នាំកសិកម្ម និងជីកសិកម្មចំនួន ៨៧ ក្រុមហ៊ុន ក្នុងនោះថ្នាំកសិកម្មសរុប ចំនួន ៨២៤មុខ ស្មើនឹង ២០,៧៧២.៤១តោន និងជីកសិកម្មសរុបចំនួន ៥៦០ មុខ ស្មើនឹង ២២៤,៦០២.១២ តោន។ ទន្ទឹមនេះ ក្រសួងក៏បានចាត់ក្រុមការងារអធិការកិច្ចថ្នាំកសិកម្ម និងជីកសិកម្ម ចុះត្រួតពិនិត្យបទល្មើសថ្នាំកសិកម្ម និងជីកសិកម្ម បានចំនួន១៦ខេត្ត ស្មើនឹង ២១លើក ដោយត្រួតពិនិត្យដេប៉ូចំនួន ៧០ដេប៉ូ និង ០១មធ្យោបាយដឹកជញ្ជូន បានសម្រេចពិន័យអន្តរការណ៍ចំនួន ១៥ករណី មានទឹកប្រាក់ចំនួន ៥១, ០០០,០០០៛ និងពិន័យចំពោះក្រុមហ៊ុន ពុំបានប្រកាសប្រតិវេទន៍ចំនួន ០៥ក្រុមហ៊ុន ស្មើនឹង ០៥ករណី មានទឹកប្រាក់ចំនួន ១១,៥០០,០០០៛ សរុបទឹកប្រាក់ ពិន័យបានចំនួន ៦២,៥០០,០០០។

* ការងារកសិ-ឧស្សាហកម្ម៖ ក្នុងឆ្នាំ២០២១នេះ ក្រសួងបានសម្របសម្រួល រៀបចំ និងផ្តល់ប្រឹក្សាយោបល់លើការងាររៀបចំកិច្ចសន្យាផលិតកម្មកសិកម្មជូនភាគីអ្នកទិញ និងភាគីអ្នកផលិត នៅទូទាំងប្រទេសសរុបចំនួន ៩២៨កិច្ចសន្យា។ ទន្ទឹមនេះ ក្រសួងបានផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍កសិ-ឧស្សាហកម្មកម្ពុជាឆ្នាំ២០១៩-២០៣០ ជូនដល់អង្គភាពពាក់ព័ន្ធនិងដៃគូរអភិវឌ្ឍន៍នានា។ បានរៀបចំចេញជាសេចក្តីសម្រេចស្តីពីការតែងតាំងមន្ត្រីអធិការកិច្ចសុវត្ថិភាពចំណីអាហារនៃផលិតផលកសិកម្ម បាននិងកំពុងបន្តរៀបចំសេចក្តីព្រាងច្បាប់ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា បានរៀបចំចេញជាប្រកាសរួមជាមួយអគ្គនាយកដ្ឋានកសិកម្ម ស្តីពី វិធានកសិកម្មសរីរាង្គកម្ពុជា និងរូបសញ្ញាជាតិ សម្រាប់អនុវត្តក្នុងផលិតកម្ម និងការកែច្នៃបឋមដំណាំស្បៀង បាននិងកំពុងរៀបចំគោលការណ៍ នីតិវិធីនិងបែបបទនៃការចេញវិញ្ញាបនបត្រផលិតផលសរីរាង្គកម្ពុជា តាមប្រកាសលេខ១៦៣ ស្តីពី វិធានកសិកម្មសរីរាង្គកម្ពុជា និងរូបសញ្ញាជាតិ សម្រាប់អនុវត្តន៍ក្នុងផលិតកម្ម និងការកែច្នៃបឋមដំណាំស្បៀង។

* ការបង្កើនផលិតភាពដំណាំកៅស៊ូ៖ នៅឆ្នាំ២០២១នេះ ផ្ទៃដីផលិតកម្មកៅស៊ូសរុបមានចំនួន ៤០៤,០៤៤ហិកតា មានការថយចុះចំនួន ១១៦ហិកតា ស្មើនឹង-០,០៣% បើធៀបទៅនឹងឆ្នាំ២០២០។ ការថយផ្ទៃដីនេះភាគច្រើនកើតមាននៅលើក្រុមហ៊ុនសម្បទាន ដីសេដ្ឋកិច្ច ដែលបានផ្លាស់ប្តូរមុខដំណាំព្រោះដីមិនសមស្របនឹងដំណាំកៅស៊ូ និងក្រុមហ៊ុនមួយចំនួនទៀតគ្រប់គ្រងថែទាំកៅស៊ូមិនបានល្អ និងដោយសារភ្លើងឆេះនៅរដូវប្រាំង។ ដោយឡែក ផ្ទៃដីកៅស៊ូយកផលអនុវត្តបានចំនួន៣ ១០,១៩៣ហិកតា កើនឡើងចំនួន ១៧,៦៩៦ហិកតា ស្មើនឹង ៦.១%ធៀបនឹងផ្ទៃដីកៅស៊ូចៀរឆ្នាំ២០២០។ ផលិតផលកៅស៊ូសម្រេចបានចំនួន ៣៦៨,០០០តោន កើនឡើងចំនួន ១៨,៧០០តោន ស្មើនឹង ៥.៤% ធៀបនឹងឆ្នាំ២០២០។ ចំពោះទិន្នផលមធ្យមមានចំនួន ១,១៨៦គ.ក្រ/ហ.ត ថយចុះចំនួន ៨គ.ក្រ/ហ.ត ស្មើនឹង០,៨% បើធៀបនឹងឆ្នាំ២០២០។

ទន្ទឹមនឹងនេះ ការនាំចេញកៅស៊ូនៅក្នុងឆ្នាំ២០២១នេះ សម្រេចបានចំនួន ៣៦៦,៣០០តោន សើ្មនឹងទឹកប្រាក់ប្រមាណ ៦១០,២៥៥,៨០០ដុល្លារអាមេរិក បើធៀបនឹងឆ្នាំ២០២០ មានចំនួន ៣៣៨,៣០០តោន គិតជាទឹកប្រាក់សរុបចំនួន ៤៦៧,៥៨៤,៣០២ដុល្លារអាមេរិក ដែលបរិមាណនាំចេញកើនឡើងប្រមាណចំនួន ២៨,០០០តោន ស្មើនឹង ៨.៣% និងប្រាក់ចំណូលកើនប្រមាណ ១៤២,៦៧១,៤៩៨ដុល្លារអាមេរិក ស្មើនឹង ៣០.៥%។ តម្លៃកៅស៊ូនាំចេញជាមធ្យម ១,៦៦៦ដុល្លារអាមេរិកក្នុងមួយតោន បើធៀបនឹងឆ្នាំ២០២០ ដែលតម្លៃមធ្យមស្មើនឹង ១,៣៨២ ដុល្លារអាមេរិកក្នុងមួយតោន ឃើញថាមានការកើនឡើងចំនួន ២៨៤ដុល្លារអាមេរិក ក្នុងមួយតោនត្រូវនឹង ២០.៥%។ រីឯការនាំចេញឈើកៅស៊ូពីការកាប់ដើមកៅស៊ូចាស់ៗមានចំនួន ៦,២៩២ម៉ែត្រគូប គិតជាទឹកប្រាក់ចំនួន ១,៥១៥,០១៤.៨៤ដុល្លារអាមេរិក។

ចំពោះរោងចក្រ សិប្បកម្មកែច្នៃកៅស៊ូនិងឈើកៅស៊ូ មានចំនួនសរុប ១៦៨កន្លែង ក្នុងនោះរោងចក្រកែច្នៃកៅស៊ូធម្មជាតិបញ្ជាក់តាមលក្ខណៈបច្ចេកទេស (TSR: TECHNICALLY SPECIFIED RUBBER) មានចំនួន៥០កន្លែង រោងចក្រកែច្នៃទឹកជ័រខាប់ (CL: CONCENTRATED LATEX) ចំនួន១កន្លែង សិប្បកម្មកែច្នៃកៅស៊ូសន្លឹកសម្ងួតដោយមានផ្សែង (RSS: RIBBED SMOKED SHEET) សិប្បកម្មកែច្នៃកៅស៊ូសន្លឹកសម្ងួតដោយខ្យល់ក្ដៅ (ADS: AIR-DRIED SHEET) មានចំនួន១០០កន្លែង និងរោងចក្រកែច្នៃឈើកៅស៊ូ (RWF: RUBBER WOOD FACTORY) ចំនួន១៧កន្លែង។

ក្នុងឆ្នាំ២០២១ ផលិតកម្មសត្វមានការកើនឡើង ជាពិសេសការចិញ្ចឹមសត្វសម្រាប់ឧស្សាហកម្ម។ ជាក់ស្តែងសត្វចឹញ្ចឹមទាំងលក្ខណៈគ្រួសារ និងពាណិជ្ជកម្ម បានកើនដល់៥៩,៩៦លានក្បាល គឺកើនលើសឆ្នាំ២០២០ ចំនួន១១,២% ដែលធ្វើឱ្យកម្ពុជាមានសមត្ថភាពផលិតសាច់សម្រាប់បម្រើតម្រូវការក្នុងស្រុកបានប្រមាណជាង២៦៩ពាន់តោន ឬស្មើនឹង៨៧% នៃតម្រូវការសាច់សរុបប្រមាណ៣១០ពាន់តោនក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនេះ ក៏មានការត្រៀមលក្ខណៈបានល្អ និងយកចិត្តទុកដាក់ខ្ពស់លើការងារអង្កេតតាមដាន ស្រាវជ្រាវប្រភពចម្លងជំងឺ និងមានប្រព័ន្ធរាយការណ៍ស្ថានភាពសុខភាពសត្វជាប្រចាំ ក្នុងករណីមានផ្ទុះជំងឺឆ្លងត្រូវបានរកឃើញ ដោយត្រូវរាយការណ៍ឱ្យបានឆាប់រហ័ស និងបានចាត់វិធានការឆ្លើយតបទាន់ពេលវេលា។

ចំពោះតម្រូវការសាច់សត្វសម្រាប់ការបរិភោគ មានការកើនឡើងគួរឱ្យកត់សម្គាល់ គឺកើនពីចំនួន២៨០ពាន់តោន ក្នុងឆ្នាំ២០១៧ ឡើងដល់ចំនួន៣១០ពាន់តោន នៅឆ្នាំ២០២១ ក្នុងនោះតម្រូវការសាច់គោ-ក្របីចំនួន៨៦ពាន់តោន សាច់ជ្រូក ចំនួន១៦០ពាន់តោន សាច់បក្សីចំនួន៦៣ពាន់តោន សាច់ចៀម-ពពែ និងសាច់ផ្សេងទៀតចំនួន៣៤៥តោន។ ផលិតកម្មសត្វក្នុងស្រុក អាចផ្គត់ផ្គង់សាច់បានប្រមាណ២៦៨ពាន់តោន ស្មើនឹង៨៧% នៃតម្រូវការសរុប។ រីឯបរិមាណសាច់ដែលខ្វះខាតត្រូវបាននាំចូលដើម្បីបំពេញតម្រូវការបន្ថែម។

ក្នុងឆ្នាំ២០២១នេះ ការបង្កាត់គោដោយសិប្បនិម្មិតសម្រេចបានចំនួន២ ៦៣២ក្បាល និងមេកើតកូនបានចំនួន ១,១៤២ក្បាល (ញី៦១៩ក្បាល) ស្មើនឹង៤៣% នៃមេដែលបានបង្កាត់សិប្បនិមិ្មត និងមេមិនទាន់កើតកូនមានចំនួន១ ៤៩០ក្បាល ស្មើនឹង៥៧%។ ដោយឡែក ការបង្កាត់ជ្រូកសិប្បនិមិ្មតសម្រេចបាន១៩ ៤៣៩ក្បាល និងបង្កើតកូនជ្រូកបានចំនួន១៨១ ៤៦៣ក្បាល (ញី៨៤ ១២៥ក្បាល)។

ចំពោះការកែលម្អចំណីសត្វ បច្ចុប្បន្នការដាំដុះដំណាំចំណីសត្វ បានរីកសាយភាយយ៉ាងទូលំទូលាយនៅ ទូទាំង២៥រាជធានី ខេត្ត ជាក់ស្ដែងក្នុងឆ្នាំ២០២១នេះ កន្លែងដាំដុះ និងធ្វើបង្ហាញដំណាំចំណីសត្វ មានចំនួនសរុប ២ ៥៧៩កន្លែង លើផ្ទៃដីចំនួន១ ៨៧៤.៩៥ហិកតា។ រុមហ៊ុនដែលបានវិនិយោគសាងសង់រោងចក្រផលិតចំណីសត្វ នៅក្នុងប្រទេសកម្ពុជា សរុបមានចំនួន២១ក្រុមហ៊ុន មានរោងចក្រផលិតចំណីសត្វសរុបចំនួន២៣រោងចក្រ និងរោងចក្រចំនួន២ទៀតកំពុងដំណើរការសាងសង់បន្ថែម និងបានផលិត ចំណីសត្វបានប្រមាណជាង១,២៤លានតោន ស្មើនឹងចំនួន៥៥% នៃសមត្ថភាពផលិតរបស់រោងចក្រជាង២,២៧លានតោន។

ទាក់ទងនឹងការលើកកម្ពស់សុខភាពសត្វ និងសុខភាពសាធារណៈ នៅឆ្នាំ២០២១នេះ ក្រសួងបានពង្រឹងសកម្មភាពត្រួតពិនិត្យ និងទប់ស្កាត់បទល្មើសចរាចរណ៍សត្វ និងការធ្វើអាជីវកម្មសត្វ ដោយបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបន្តអនុវត្តសេចក្តីណែនាំអំពីលក្ខខណ្ឌតម្រូវសម្រាប់ការនាំចូល នាំចេញ និងនាំឆ្លងកាត់សត្វ និងផលិតផលសត្វ។ ជាលទ្ធផល បានធ្វើការត្រួតពិនិត្យចរាចរណ៍សត្វ និងផលិតផលសត្វចំនួនសរុប២០២ករណី នៅទូទាំងប្រទេស ក្នុងនោះ ក្រសួងបានត្រួតពិនិត្យចរាចរណ៍សត្វ និងផលិត ផលសត្វមានលិខិតអនុញ្ញាតត្រឹមត្រូវចំនួន១១៤ករណី និងបង្រ្កាបបទល្មើសបានចំនួន៥៦ករណី។

ទន្ទឹមនេះ ក្រសួងបានធ្វើការអង្កេតតាមដាន បង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺឆ្លងសត្វ ព្រមទាំងបានរៀបចំប្រព័ន្ធព័ត៌មាន និងរាយការណ៍ជំងឺឆ្លងសត្វទាំងថ្នាក់ជាតិ និងអន្តរជាតិ ចាត់វិធានការជីវសុវត្ថិភាព កម្មវិធីឆ្លើយតបបន្ទាន់ករណីផ្ទុះជំងឺឆ្លងសត្វ និងការចាក់វ៉ាក់សាំងការពារជំងឺឆ្លងសម្រេចបាន (១). ចាក់វ៉ាក់សាំងការពារជំងឺឆ្លងសំខាន់ៗដែលកើតមានលើគោ ក្របី ពពែ ចៀម ដូចជាជំងឺអុតក្តាម បូសខ្យល់ សារទឹក និងជំងឺដុំពកស្បែកគោ ក្របីចំនួនសរុប៩៥០ ៨៨៩ក្បាល ចាក់វ៉ាក់សាំងការពារជំងឺលើជ្រូកចំនួន ២ ២១០ ៦២២ក្បាល ចាក់វាក់សាំងការពារជំងឺលើបក្សីបានចំនួន៣៨ ៧៧៤ ៤៧១ក្បាល និងចាក់វ៉ាក់សាំងការពារជំងឺលើឆ្កែ និងឆ្មាចំនួន១១ ៧១៣ក្បាល (២). ចាត់វិធានការជីវសុវត្ថិភាព ផ្សព្វផ្សាយ និងអនុវត្តផ្ទាល់នៅសត្តឃាតដ្ឋាន ទីផ្សារសត្វ កសិដ្ឋានចិញ្ចឹមសត្វ កន្លែងចិញ្ចឹមសត្វ មធ្យោបាយដឹកជញ្ជូនសត្វ និងផលិតផលសត្វ និងកន្លែងផ្ទុះជំងឺសត្វសរុបចំនួន ២០២ ០២៤លើក (៣). ភ្នាក់ងារសុខភាពសត្វភូមិទូទាំងប្រទេសមានចំនួន៩ ២៦២ នាក់ (ស្ត្រី៧២២នាក់)។

ដោយឡែក ការពង្រឹងសុខភាពសាធារណៈបសុព្យាបាល ក្រសួងបានយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំចងក្រងឯកសារបច្ចេកទេសនានា និងផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសពាក់ព័ន្ធនឹងការធ្វើអាជីវកម្មសត្វ ការពិឃាតសត្វតាមបទដ្ឋានបច្ចេកទេសដល់អ្នកពាក់ព័ន្ធ ក្នុងនោះបានចុះណែនាំជំរុញការយល់ដឹងការអនុវត្តល្អក្នុងសត្តឃាតដ្ឋានតាមលក្ខណៈបច្ចេកទេសចំនួន២៥លើក បានបណ្តុះបណ្តាលមន្រ្តីជំនាញ និងអ្នកពាក់ព័ន្ធចំនួន០៣វគ្គ បានចំនួនសរុប៤៦នាក់ (ស្រ្តីចំនួន០៨នាក់) និងបានរៀបចំប្រជុំលើកកម្ពស់ការយល់ដឹងអំពីជីវសុវត្ថិភាព និងហេដ្ឋារចនាសម្ព័ន្ធក្នុងសត្តឃាតដ្ឋានចំនួន១០លើក ដែលមានអ្នកចូលរួមចំនួនសរុប១៥០នាក់ (ស្រ្តីចំនួន៤៤នាក់)។

លើសពីនេះទៅទៀត បានចុះត្រួតពិនិត្យបច្ចេកទេសការស្នើសុំបង្កើតសត្តឃាតដ្ឋានចំនួន១៣កន្លែង (អនុលោមតាមអនុក្រឹត្យលេខ១០៨) និងបន្តសុពលភាពសត្តឃាដ្ឋានចំនួន១៣កន្លែង (អនុលោមតាមអនុក្រឹត្យលេខ១០៨ចំនួន០៦ និងអនុក្រឹត្យ១០៨និងវិនិយោគចំនួន០៧) ព្រមទាំងបានចុះជ្រើសរើសសត្តឃាតដ្ឋានគំរូដើម្បីបំពាក់ឧបករណ៍ពិឃាតសត្វតាមស្តង់ដារបច្ចេកទេស និងមានលក្ខខណ្ឌអនាម័យល្អចំនួន០៣កន្លែង រួមមានខេត្តសៀមរាបចំនួន០២កន្លែង និងខេត្តបន្ទាយមានជ័យចំនួន០១ កន្លែង។ គិតមកដល់ដំណាច់ឆ្នាំ២០២១នេះ សត្តឃាតដ្ឋាននៅទូទាំងប្រទេសមានចំនួន២៣៦កន្លែង ក្នុងនោះមានសត្តឃាតដ្ឋានអនុលោមតាមអនុក្រឹត្យ១០៨ មានចំនួន១២៣កន្លែង សត្តឃាតដ្ឋានអនុលោមតាមអនុក្រឹត្យ១០៨និងវិនិយោគចំនួន៦៣កន្លែង និងសត្តឃាតដ្ឋានវិនិយោគចំនួន៥០កន្លែង ក្នុងនោះមានសត្តឃាតដ្ឋានពិឃាតបក្សីទំនើបនៅខេត្តកណ្តាលចំនួន០១កន្លែង និងសត្តឃាតដ្ឋានពិឃាតគោទំនើបនៅខេត្តតាកែវចំនួន០១កន្លែង។

ក្នុងឆ្នាំ២០២១នេះ ផលនេសាទ និងវារីវប្បកម្មអនុវត្តបានចំនួន៨៥៦.៤០០តោន ថយចុះជាងឆ្នាំមុនចំនួន៧៩.៩០០តោន (ស្មើនឹង៨,៥៣%) ក្នុងនោះ៖
* ផលនេសាទទឹកសាបចំនួន៣៨៣.០៥០តោន ថយចុះ៣០.១៥០តោន (ស្មើនឹង៧,៣%)
* ផលនេសាទសមុទ្រចំនួន១២៥.០០០តោន កើនឡើង២.៣០០តោន (ស្មើនឹង១,៨៧%)
* ផលវារីវប្បកម្មចំនួន៣៤៨.៣៥០តោន ថយចុះ៥២.០៥០តោន (ស្មើនឹង១៣%)។

ទន្ទឹមនឹងនេះ ផលវារីវប្បកម្មដ៏ទៃទៀត រួមមាន ការភ្ញាស់កូនត្រីពូជអនុវត្តបានចំនួន៣២៤.១០៦.០០០ក្បាល ស្មើ១២០,០៤% នៃផែនការ២៧០.០០០ ០០០ក្បាល ប្រៀបធៀបរយៈពេលដូចគ្នាកើនឡើង៨៩.១០៦.០០០ក្បាល ការចិញ្ចឹមក្រពើអនុវត្តបានចំនួន២៩២.១០០ក្បាល ស្មើ៨៨,៥២% នៃផែនការ៣៣០.០០០ក្បាល ប្រៀបធៀបរយៈពេលដូចគ្នាថយចុះ២១.០០០ក្បាល។ ក្រៅពីនេះ ក្រសួងបានបង្កើតបណ្តុំវារីវប្បករចំនួន៣២៦កន្លែង មានសមាជិកចំនួន១១ ០០០នាក់ បានផ្តល់វិញ្ញាបនបត្របញ្ជាក់ការអនុវត្តវារីវប្បកម្មល្អដល់ម្ចាស់កសិដ្ឋានចំនួន៥កន្លែង និងបានបង្កើតស្រះជម្រកត្រីសហគមន៍ចំនួន៩១៥កន្លែង។
ចំពោះការងារបច្ចេកវិទ្យាកែច្នៃ និងគុណភាព ក្នុងឆ្នាំ២០២១នេះ ក្រសួងបានសហការជាមួយអង្គការ UNIDO រៀបចំនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសិក្សាស្រាវជ្រាវ និងវិស័យឯកជនលើការងារស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាកែច្នៃ ដោយបង្កើតនូវវេទិការបច្ចេកវិទ្យាអាហារ និងសិក្សាលើក្របខ័ណ្ឌច្បាប់ និងបទបញ្ញតិពាក់ព័ន្ធប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពអាហារសម្រាប់ផល ផលិតផលជលផល សិក្សាស្រាវជ្រាវវាយតម្លៃបន្ទាន់លើផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើសកម្មភាពកែច្នៃនិងពាណិជ្ជកម្មសម្រាប់ផល ផលិតផលជលផល និងឱកាសនវានុវត្តន៍ ឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។

ការអភិរក្សធនធានជលផល គិតមកដល់ឆ្នាំ២០២១នេះ កន្លែងអភិរក្សជលផលសរុបទាំងអស់មានចំនួន៦៨២កន្លែង បានបោះបង្គោលបេតុងព្រំប្រទល់កន្លែងអភិរក្សជលផលចំនួន១៨៥បង្គោល បង្គោលឈើចំនួន ២ ៧៥០បង្គោល សាងសង់ស្នាក់ការល្បាតចំនួន៤ខ្នងសម្រាប់ការពារកន្លែងអភិរក្សជលផល ទម្លាក់ប្រអប់បេតុងចំនួន២៥០ប្រអប់នៅខេត្តតំបន់ឆ្នេរ ដាំព្រៃលិចទឹកទំហំ១៥០ហិកតា និងបានការពារអភិរក្សផ្កាថ្មនិងស្មៅសមុទ្រចំនួន៧ ០០០ហិកតា នៅតាមតំបន់ឆ្នេរ និងកោះ។ ចំពោះសហគមន៍នេសាទនៅទូទាំងប្រទេសមានចំនួនសរុប៥១៦ ក្នុងនោះសហគមន៍នេសាទទឹកសាបចំនួន៤៧៥ និងសហគមន៍នេសាទសមុទ្រចំនួន៤១ ដែលមានសមាជិកសរុបចំនួន៣៣២ ១៦៨នាក់ (ស្រ្តីប្រមាណ៣៥%) ត្រូវជា១៤៧ ៥១៨គ្រួសារ។ បានដាក់ស្លាកសញ្ញាកន្លែងអភិរក្សសហគមន៍ចំនួន១១០ស្លាក ទម្លាក់ប្រអប់បេតុងចំនួន១៥០ប្រអប់ បោះបង្គោលការពារស្មៅសមុទ្រក្នុងកន្លែងសហគមន៍ចំនួន២០០ដើម ផ្សព្វផ្សាយ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធសហគមន៍នេសាទចំនួន១០៩វគ្គ។ បច្ចុប្បន្នសហគមន៍នេសាទ ចំនួន១៥០សហគមន៍ ទទួលបាននូវការគាំទ្រពីរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ដោយក្នុងមួយសហគមន៍ទទួលបាន៤លានរៀល សម្រាប់អនុវត្តផែនការសកម្មភាពរបស់ខ្លួន ទាំងក្នុងការកសាងសមត្ថភាពរៀបចំធ្វើផែនការការពារធនធានជលផលនៅក្នុងកន្លែងនេសាទសហគមន៍ និងការបង្កើននូវមុខរបរចិញ្ចឹមជីវិតដល់សមាជិកសហគមន៍នេសាទ ។

ចំពោះការងារកិច្ចការជលផល ក្រសួងបានបោះបង្គោលព្រំប្រទល់ការពារព្រៃលិចទឹកសរុបបានចំនួន ១ ០២១ដើម ក្នុងនោះបង្គោលចំនួន១៣៦ដើមបានបោះនៅខេត្តជុំវិញបឹងទន្លេសាបក្នុងឆ្នាំ២០២១។ បានចុះផ្សព្វផ្សាយ ប្រកាស ស្តីពីប្រភេទឧបករណ៍នេសាទគ្រួសារ លិខិតបទដ្ឋានពាក់ព័ន្ធនឹងការនេសាទក្នុងដែននេសាទសមុទ្រផ្សាព្វ ផ្សាយពីសារៈសំខាន់ព្រៃលិចទឹកនិងរៀបចំផែនទីព្រៃលិចទឹកដល់អាជ្ញាធរមូលដ្ឋាន។ ដោយឡែក ការងារបង្រ្កាបបទល្មើសជលផល ក្នុងឆ្នាំ២០២១នេះ សំណុំរឿងនៃបទល្មើសជលផលសរុបចំនួន៣.២៣១ ករណី (សមុទ្រ២៨០ករណី) ប្រៀបធៀបឆ្នាំមុនកើនឡើងចំនួន៦៩ករណី ក្នុងនោះបានបំផ្លាញចោលវត្ថុតាងចំនួន២.៩៦២ករណី ពិន័យអន្តរការណ៍ ចំនួន៧៩ករណី បញ្ជូនទៅតុលាការចំនួន១៩០ករណី ប្រាក់ពិន័យនិងលក់វត្ថុតាងចំនួន២៣៣.៤៣២.៥០០រៀល។

គិតត្រឹមឆ្នាំ២០២១ ក្រសួងបានបង្កើតសហគមន៍ព្រៃឈើ សរុបចំនួន ៦៤៣សហគមន៍ ដែលគ្របដណ្តប់លើផ្ទៃដី ៥២២ ២៧៣ ហ.ត ក្នុងនោះ ៥៣៦សហគមន៍ លើផ្ទៃដី ៤៤៩ ៤៧៥ហ.ត ត្រូវបានបានចេញប្រកាសក្រសួង បានចុះកិច្ចព្រមព្រៀងព្រៃសហគមន៍ចំនួន ៤៤៩សហគមន៍ លើផ្ទៃដី ៣៧២ ១៧៥ហ.ត និងបានអនុម័តផែនការគ្រប់គ្រងព្រៃសហគមន៍ចំនួន១០៦សហគមន៍ គ្របដណ្តប់លើផ្ទៃដីទំហំ ៧២ ៦២០ហ.ត។

ជាមួយគ្នានេះ ការអនុវត្តប្រព័ន្ធកសិ-រុក្ខកម្មនៃគម្រោងលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋនៅសហគមន៍ ព្រៃឈើចំនួន ៨ លើផ្ទៃដីសរុបទំហំ ១៦ហ.ត។ ដោយឡែកចំពោះ គម្របព្រៃឈើ តាមការវាយតម្លៃគម្របព្រៃឈើឆ្នាំ២០១៨ មានផ្ទៃដីគម្របព្រៃឈើ ៨ ៥២៩ ៣៧២ហិកតា ស្មើនឹង ៤៦,៩៧% និងបានពង្រឹងសមត្ថភាពមន្ដ្រីលើជំនាញបច្ចេកទេស Google earth engine , GPS, Avenza តាមបណ្ដាផ្នែករដ្ឋបាលព្រៃឈើនីមួយៗ។

ចំពោះការងារដាំឈើ បានថែទាំចម្ការឈើចាស់ ចម្ការពូជឈើ និងឡូតិ៍បង្ហាញកសិ-រុក្ខកម្មចំនួន ៨២២ហិកតា និងដាំឈើជាចម្ការថ្មី លើផ្ទៃដីសរុបទំហំ ៧ ៥៩៩ហិកតា ក្នុងនោះដោយរដ្ឋលើផ្ទៃដីទំហំ ១៤០ហិកតា និងវិស័យឯកជន ក្រុមហ៊ុនដៃគូសហការ និងលក្ខណៈគ្រួសារលើផ្ទៃដីទំហំ ៧ ៤៥៩ហិកតា និងបានបណ្តុះកូនឈើចំនួន ៥៧២ ៥២៩ដើម និងចែកចាយកូនឈើដល់ប្រជាពលរដ្ឋដាំអាស្រ័យផលចំនួន ៣៧៣ ៧៤៦ដើម ជីកប្រឡាយការពារចម្ការឈើគ្រញូងប្រវែង ៨ ០០០ម៉ែត្រ បានបង្កើតស្ថានីយផ្សព្វផ្សាយនិងស្តារព្រៃឈើសែនមនោរម្យ លើផ្ទៃដីទំហំ ១០០,២៦ហិកតា បានចុះពិនិត្យនិងចេញវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីព្រៃឯកជនលើផ្ទៃដីទំហំ ៣៥៨,៩២ហិកតា បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុលើផ្ទៃដីទំហំ ២៦៦ ០៤៣ម៉ែត្រការ៉េ នៃស្ថានីយផ្សព្វផ្សាយនិងស្តារព្រៃឈើសំបួរមាស ខេត្តបាត់ដំបង ព្រមទាំងបានបញ្ចប់នីតិវិធី និងត្រៀមទទួលប័ណ្ណសម្គាល់កាន់កាប់អចនវត្ថុលើផ្ទៃដីទំហំ ៤ ១៤២,៧៨ហិកតា នៃចម្ការឈើដាំស្ថិតនៅស្ថានីយដាំឈើម្សៅក្រដាសហ៊ុន សែន មានក។ ដោយឡែក ការពង្រឹងការអនុវត្ដច្បាប់ស្ដីពីព្រៃឈើ ក្រសួងបានចងក្រងសំណុំរឿងបទល្មើសព្រៃឈើ សត្វព្រៃ និងកាប់រានដីព្រៃឈើចំនួន ៨១១ករណី ក្នុងនោះសំណុំរឿងបទល្មើសព្រៃឈើត្រូវពិន័យអន្ដរការណ៍ចំនួន ៣២០ករណី និងសុំណុំរឿងបទល្មើសព្រៃឈើដែលត្រូវបញ្ជូនទៅតុលាការចំនួន ៤៩១ករណី៕