សភាពាណិជ្ជកម្មសហគមន៍អឺរ៉ុប ប្រចាំនៅកម្ពុជា នឹងចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា


(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មសហគមន៍អឺរ៉ុប ប្រចាំនៅកម្ពុជា (EuroCham Cambodia) ស្តីពីការសិក្សាស្វែងយល់ និងការចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងជម្រាបប្រាប់ទៅប្រធានសភាពាណិជ្ជកម្មសហគមន៍អឺរ៉ុប អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងការទទួលជោគជ័យក្នុងដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះនៅកម្ពុជារយៈពេល ៣០ឆ្នាំកន្លងទៅនេះ ដែលមានការចូលរួមគាំទ្រពីដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្ត ជាពិសេសការទទួលបាននូវសុខសន្តិភាពពេញលេញទូទាំងប្រទេស ក្រោមនយោបាយឈ្នះឈ្នះ នៅចុងឆ្នាំ១៩៩៨ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី។

ជាមួយគ្នានេះ កម្ពុជាបានដាក់ចេញនូវចក្ខុវិស័យយ៉ាងច្បាស់លាស់ ក្នុងការបញ្ចប់ការគម្រាមកំហែងដោយសារមីននៅត្រឹមឆ្នាំ២០២៥ និងការបន្តដោះស្រាយបញ្ហានៅសេសសល់ដោយសារសំណល់ជាតិផ្ទុះ ពីសង្រ្គាមក្រោយឆ្នាំ២០២៥។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ដើម្បីគាំទ្រដល់ផែនការអាទិភាពរបស់រាជរដ្ឋាភិបាល និងឈានទៅសម្រេចបាននូវចក្ខុវិស័យ «កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥» អាជ្ញាធរមីន បានរៀបចំនូវគោលការណ៍ណែនាំស្តីពី ការអនុវត្តយន្តការភូមិអស់មីន ដែលនឹងធានាថា រាល់ចម្ការមីនទាំងអស់ដែលមាននៅក្នុងភូមិត្រូវបានបោសសម្អាត ក្នុងគោលដៅជួយពន្លឿនដល់ការបោសសម្អាតមីន និងទាក់ទាញនូវការចូលរួមគាំទ្រពីដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា។

ឯកឧត្តមបន្តទៀតថា ការអនុវត្តយន្តការនេះ នឹងចាប់ផ្តើមអនុវត្តចេញពីភូមិមួយទៅភូមិមួយ និងខេត្តដែលមានផលប៉ះពាល់ដោយសារមីនតិចតួច ជាក់ស្តែងអាជ្ញាធរមីន បានបញ្ចប់ដោយជោគជ័យក្នុងខេត្តកែប និងគ្រោងបញ្ចប់ការងារបោសសម្អាតមីននៅខេត្តព្រៃវែងខាងមុខនេះ ក្រោមការចូលរួមជួយគាំទ្រពីសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំឲ្យសភាពាណិជ្ជកម្មសហគមន៍អឺរ៉ុប ប្រចាំនៅកម្ពុជា ពិនិត្យលទ្ធភាព និងចូលរួមជួយគាំទ្រដល់ការបោសសម្អាតមីននៅខេត្តកំពង់ចាមផងដែរ។

លោក Tassilo Brinzer បានសម្តែងនូវការសោកស្តាយចំពោះប្រទេសកម្ពុជា ដែលបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារសង្រ្គាម ព្រមទាំងបានបន្សល់ទុកនៅគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះយ៉ាងច្រើនសន្ធឹកសន្ធាប់ ពាសពេញផ្ទៃប្រទេសបង្កឲ្យមានការគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋខ្មែរ។

ជាមួយគ្នានេះ លោកប្រធានសភាពាណិជ្ជកម្ម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានអាជ្ញាធរមីនជាសេនាធិការ ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមរយៈពេលកន្លងមក។

សភាពាណិជ្ជកម្មសហគមន៍អឺរ៉ុប ប្រចាំនៅកម្ពុជា នឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការងារបោសសម្អាតមីនមនុស្សធម៌ ព្រមទាំងកៀរគរនូវធនធានហិរញ្ញវត្ថុពីបណ្តាវិស័យឯកជននានាក្នុងក្របខណ្ឌសហគមន៍អឺរ៉ុប សម្រាប់គាំទ្រដល់ការងារបោសសម្អាតមីននៅខេត្តកំពង់ចាម ផងដែរ៕