ឯកឧត្តម សុខ ឥសាន៖ គ្មាននរណាបញ្ចប់ជីវីតនយោបាយ សម រង្ស៊ី ឡើយ គឺ សម រង្ស៊ី ជាអ្នកដាក់ពាក្យសុំឈប់ពីសមាជិក និងជាប្រធានគណបក្សប្រឆាំងដោយខ្លួនឯង


ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា  បានមានប្រសាសន៍​ថា បើ​ទោះ​ជា​គ្មាន​វត្តមាន​របស់​លោក សម រង្ស៊ី ម្នាក់ ក៏​មិន​ធ្វើ​ឲ្យ​ពលរដ្ឋ​ពេញ​មួយ​ប្រទេស​ត្រូវ​អត់​បាយ​ស្លាប់​ដែរ។

ឯកឧត្តម បានបន្តថា គ្មាន​នរណា​ម្នាក់​ចង់​បញ្ចប់​ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី ឡើយ។ ផ្ទុយ​ទៅ​វិញ លោក សម រង្ស៊ី ខ្លួន​ឯង​ប៉ុណ្ណោះ​ដែល​បាន​ស៊ីញេ​ដាក់​ពាក្យ​សុំ​លាឈប់​ពី​សមាជិក និង​ប្រធាន​គណបក្ស​ប្រឆាំង ដើម្បី​បញ្ចប់​ជីវិត​នយោបាយ​ដោយ​ខ្លួន​ឯង។ ឯកឧត្តម បាន​បន្តទៀត​ថា ពលរដ្ឋ និង​សហគមន៍​អន្តរជាតិ​ជាច្រើន បាន​អបអរ​សាទរ​ចំពោះ​ដំណើរ​រៀបចំ​ការ​បោះឆ្នោត​ឃុំ-សង្កាត់ ​ដែល​អាច​ធ្វើ​ឡើង​ដោយ​សន្តិវិធី និង​យុត្តិធម៌​កាល​ពី​ខែ​មិថុនា កន្លង​ទៅ​នេះ ហើយ​បើ​ទោះ​ជា​គ្មាន​វត្តមាន​របស់​លោក សម រង្ស៊ី នា​ពេល​ខាង​មុខ ក៏​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ឡើយ។

ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍បន្តថា គឺសម រង្ស៊ី វិញ​ថា គឺ​ជា​អ្នក​ព្យាយាម​ចង់​បញ្ចប់​ជីវិត​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា តាម​រយៈ​ប្រើ​ឲ្យ​សមាជិក​ព្រឹទ្ធសភា លោក ហុង សុខហួរ និង​សមាជិក​រដ្ឋសភា លោក អ៊ុំ សំអាន ដើម្បី​ចោទ​ប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា ថា​ជា​អ្នក​ចុះ​ហត្ថលេខា​លុប​ខ្សែ​បន្ទាត់​ព្រំដែន និង​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​ដើម្បី​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម ដែល​លោក​បញ្ជាក់​ថា ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​កំហឹង​មក​លើ​បក្ស​កាន់​អំណាច​របស់​លោក។