ប្រជាពលរដ្ឋក្រីក្រខ្វះខាត៣០០គ្រួសារ ក្នុងក្រុងព្រៃវែង ទទួលបានអំណោយដ៏ថ្លៃថ្លាពីលោកជំទាវ ញ៉ែម សាខន សខេង


(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ លោកជំទាវ ញ៉ែម សាខន សខេង រួមជាមួយនឹងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ព្រមទាំងមន្ត្រីរាជការ បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌ដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្រីក្រ៣០០គ្រួសារ ដែលមកពីសង្កាត់ចំនួន៤ នៅក្នុងក្រុងព្រៃវែង។

ថ្លែនៅក្នុងឱកាសនោះឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្រោមម្លប់សុខសន្តិភាព និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្ដេចតែយលចិត្តទុក្ខដាក់គិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយមិនប្រកាន់និន្នាការនយោបាយបក្សពួកនិយមណាមួយនោះឡើយ។

ឯកឧត្តមក៏បានបន្ថែមទៀតថា នៅក្នុងខេត្តព្រៃវែងនេះ ថ្នាក់ដឹកនាំខេត្តក៏បានរៀបចំនូវព្រឹត្តិការណ៍សំខាន់ៗជាច្រើនធ្វើយ៉ាងណាដើម្បីបង្កភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ ក្នុងនោះខេត្តព្រៃវែងក៏បានបំបែក នៅឯកត្តកម្មទូកដែលវែងជាងគេនៅលើពិភពលោក ឈ្មោះថា «កម្ពោជិកតុត្តាខេមរាតរី» ឲ្យមហាជនក៏ដូចជា ពិភពលោកបានស្គាល់ និងបានឃើញអំពីសក្តានុពលរបស់ប្រទេសកម្ពុជា ក៏ដូចជានៅក្នុងខេត្តព្រៃវែងនេះ។ មិនតែប៉ុណ្ណោះទេ ថ្នាក់ដឹកនាំខេត្ត ក៏បានរៀបចំនូវព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីដែលមានមនុស្សចូលរួមជាង៣៨ម៉ឺននាក់ ដែលបានចូលរួម រាំលេងកម្សាន្តយ៉ាងសប្បាយរីករាយកាលពីឆ្នាំកន្លងទៅនោះ។ ទាំងអស់នេះគឺសរបញ្ជាក់ឲ្យ ឃើញថាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បាននិងកំពុងខិតខំយកចិត្តទុកដាក់ក្នុងការលើកកម្ពស់វប្បធម៌ ប្រពៃណីទំនៀមទម្លាប់របស់ប្រទេសកម្ពុជាយើងនេះផងដែរ។

ក្នុងឱកាសនោះដែរឯកឧត្តមក៏អំពាវនាវនាដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែល បានចាក់វ៉ាក់សាំងដូសទី១ ដូសទី២រួច សូមបន្តទៅចាក់ដូសទី៣ បន្តទៀត ហើយចំពោះបងប្អូនប្រជាពលរដ្ឋណាដែលមិនទាន់បានចាក់វ៉ាក់សាំង សូមអញ្ជើញទៅចាក់ឲ្យបានគ្រប់គ្នា ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ១៩ និងសូមឲ្យបងប្អូនត្រូវបន្តយកចិត្តទុកដាក់អនុវត្តនូវវិធានការសុខាភិបាលក៏ដូចជា រាជរដ្ឋាភិបាលបានដាក់ចេញគឺ «៣កុំ និង៣ការពារ» ឲ្យបានខ្ជាប់ខ្ជួន។ ជាមួយគ្នានេះ ឯកឧត្តម ស សុខា ក៏បានផ្ដល់នូវអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងម្នាក់ម្នាក់ទទួលបាន អង្ករ ទឹកសុទ្ធ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួនផងដែរ។

នៅក្នុងឱកាស នៃការអញ្ជើញជួបសំណេះសំណាល និងផ្ដល់អំណោយដ៏ថ្លៃថ្លាជូនបងប្អូនប្រជាពលរដ្ឋក្រីក្រដែលមានជីវភាពខ្វះខាតចំនួន៣០០គ្រួសារ នោះ លោកជំទាវ ញ៉ែម សាខន សខេង ឯកឧត្តម ស សុខា និងឯកឧត្តម ជា សុមេធី ព្រមទាំងមន្រ្តីរាជការ និងកងកម្លាំង បានរៀបចំពិធីក្រុងពាលី ចុះបឋមសិលាសាងសង់រោងសម្រាប់តម្កល់ទូកដែលវែងជាងគេ នៅលើពិភពលោកដែលមានឈ្មោះថា «កម្ពោជិកតុត្តាខេមរាតរី» តម្កល់ទុកនៅខាងមុខសាលា ខេត្តព្រៃវែង សម្រាប់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែងអញ្ជើញមកទស្សនាកំសាន្ត និងជាប្រវត្តិសាស្ត្រសម្រាប់មនុស្សជំនាន់ក្រោយ ឲ្យគាត់បានដឹង និងបានស្គាល់ថាទូកដែលវែងជាងគេនៅលើពិភពលោក គឺនៅក្នុងខេត្តព្រៃវែងនេះ៕