ក្រសួងសុខាភិបាល ប្រារព្ធរទិវាពិលោកកំចាត់រោគរបេង លើកទី២៤ ក្រោមប្រធានបទ វិនិយោគ ដើម្បីបញ្ចប់ការរាតត្បាតជំងឺរបេងគឺសង្គ្រោះជីវិត


(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ បានប្រារព្ធរទិវាពិលោកកំចាត់រោគរបេង លើកទី២៤ ដែលបានធ្វើឡើងក្រោមប្រធានបទ «វិនិយោគ ដើម្បីបញ្ចប់ការរាតត្បាតជំងឺរបេងគឺសង្គ្រោះជីវិត» (Invest to End TB. Save Lives) ដែលមានទីតាំងស្ថិតនៅ មជ្ឃមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ដោយមានការអញ្ជើញចូលរួមពី លោកស្រី Li Ailan ប្រធានអង្គការសុខភាពពិភពលោក (WHO) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ណែនស៊ី អ៊ីសលីក និយិការបេសកម្ម របស់ទីភ្នាក់ងារសហរដ្ឋអាមេរិក និងក្រុមការងារជាច្រើនផងដែរ។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង បានសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ដោយបានចូលរួមអបអរសាទរក្នុងទិវានេះ។ ក្នុងសារលិខិតនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវសេចក្តីរីករាយយ៉ាងខ្លាំង ដោយព្រះរាជាណាចក្រកម្ពុជា យើងបានសម្រេចសមិទ្ធផលគួរជាទីមោទនៈ ក្នុងការប្រយុទ្ធនឹងជំងឺរបេងក្នុងរយៈពេល ប៉ុន្មានឆ្នាំកន្លងមកនេះ ខណៈដែលកាលពី ២០ឆ្នាំមុន ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានអត្រា អ្នកកើតជំងឺរបេងខ្ពស់ជាងគេក្នុងពិភពលោក តែក្នុងរយៈពេលយ៉ាងខ្លីកម្ពុជាបានក្លាយជាប្រទេសគំរូមួយសម្រាប់ពិភពលោកចំពោះការងារកំចាត់ជំងឺរបេងយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព។ លទ្ធផលដ៏គាប់ ប្រសើរនេះបានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជាតិយើង ដែលក្នុងនោះរាជរដ្ឋាភិបាលបាន ពង្រីកសេវាពិនិត្យនិងព្យាបាលជំងឺរបេងតាមយុទ្ធសាស្ត្រដូតសំនៅគ្រប់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និង ប៉ុស្តិ៍សុខភាពទាំងអស់ រួមទាំងថ្នាក់សហគមន៍ផងដែរនៅទូទាំងប្រទេស។

កម្ពុជាបានធ្វើការស្រាវជ្រាវ និងការព្យាបាលជំងឺរបេងជូនប្រជាជនដោយឥតបង់ថ្លៃ ដែលកិច្ចការនេះមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងជាហេតុធ្វើឱ្យអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងក្នុងប្រទេសកម្ពុជាមានការធ្លាក់ចុះយ៉ាងខ្លាំងច្រើនជាងប្រទេសដទៃ ជាក់ស្តែងអត្រាស្លាប់បានថយចុះពី៤២ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម ២០ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ ក្នុងឆ្នាំ២០២០ ដែលមានអត្រាធ្លាក់ចុះស្មើនឹង៥២%។ រីឯអត្រាកើតមានជំងឺថ្មី (អាំងស៊ីដង់) បានធ្លាក់ចុះ ពី៥៧៩ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកដល់ ២៧៤ករណី ក្នុងចំណោម ប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០២០ ដែលស្មើនឹង ៥៣%។

កម្ពុជាបានសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សពាក់ព័ន្ធនឹងការកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងនេះ រួចហើយ នៅមុនកាលកំណត់ ៤ឆ្នាំ។ ជោគជ័យរបស់កម្ពុជាក្នុងការកំចាត់ជំងឺរបេង គឺជាស្នាដៃមួយដែលមានប្រទេស ក្នុងចំនួនតិចតួចប៉ុណ្ណោះ អាចសម្រេចបាន។

ក្នុងសារលិខិតនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជាយើងនៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងខ្ពស់នៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេស មួយចំនួនទៀត និងនៅមានមនុស្សច្រើននៅឡើយ ដែលនៅពុំទាន់បានទទួលសេវា។ បញ្ហានេះតម្រូវឱ្យយើង ត្រូវបង្កើនល្បឿននៃកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់បន្ថយឱ្យបានកាន់ តែច្រើនថែម ទៀតនូវអត្រាឈឺនិងស្លាប់ដោយសារជំងឺរបេង ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃព្រះរាជា ណាចក្រកម្ពុជា និងសកលលោក។

សម្ដេចតេជោ បានបន្ថែមថា ក្នុងស្មារតីនេះ យើងទាំងអស់គ្នាចាំបាច់ត្រូវបន្ត និងរួមគ្នាជំរុញបន្ថែមការយកចិត្តទុកដាក់ លើបញ្ហាជំងឺរបេង ដោយយើងមិនអាចមើលរំលងនូវចំណុចសសសល់នេះបានឡើយ ដើម្បីបន្តលើកកម្ពស់សុខភាព គុណភាពនៃការរស់នៅនិងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋយើង។ ប្រសិនបើប្រជាពលរដ្ឋមានសុខុមាលភាព ល្អនឹងនាំឱ្យមានជីវភាពរស់នៅល្អប្រសើរ មានលទ្ធភាពខ្ពស់លើការបង្កើនចំណេះដឹង និងបង្កើនផលិតភាព ដែលនឹងនាំមកនូវភាពរីកចម្រើនរុងរឿង។ យើងអាចនិយាយបានមួយបែបទៀតថា ការបន្តរីកលូតលាស់សេដ្ឋកិច្ច របស់កម្ពុជាគឺអាស្រ័យលើសុខភាពនិងសុខុមាលភាពរបស់ប្រជាជន ពិសេសប្រជាជនក្មេងៗដែលជាអនាគត របស់ប្រទេស។

សម្ដេចតេជោ ហ៊ុន សែន មានជំនឿយ៉ាងមុតមាំថា ប្រធានបទដែលបានលើកឡើងនៅក្នុងឆ្នាំនេះ ដែលបានសង្កត់ធ្ងន់ឱ្យ ពិភពលោកទាំងមូលត្រូវដាក់ទុនថែម ព្រមទាំងរួបរួមគ្នាបង្កើនល្បឿន ដើម្បីបំពេញកិច្ចការដ៏ច្រើនបន្ថែមទៀត ជាពិសេសដើម្បីជំរុញឱ្យមានសេវាថែទាំ បង្កើនការស្រាវជ្រាវនិងព្យាបាលជំងឺរបេងជាសកលនៅគ្រប់ទីកន្លែង និង សម្រាប់ជនគ្រប់រូប ដែលតាមការប៉ាន់ស្មាននៅក្នុងពិភពលោក ក្នុងមួយឆ្នាំៗមានប្រជាជនប្រមាណ ១០លាននាក់ កើតជំងឺរបេង ប៉ុន្តែអ្នកជំងឺប្រហែល ៣លាននាក់ ក្នុងមួយឆ្នាំៗពុំទាន់បានទទួលសេវាថែទាំនិងព្យាបាលនៅឡើយ។ លើសពីនេះទៀត ជំងឺរបងនៅតែឆក់យកអាយុជីវិតមនុស្សក្នុងមួយឆ្នាំៗប្រមាណ ១,៤០០,០០០នាក់។

គួរបញ្ជាក់ដែរថា សម្ដេចតេជោ ហ៊ុន សែន បានរំពឹងថា ប្រធានបទនេះនឹងសំដៅជំរុញការស្រាវជ្រាវរកឱ្យឃើញ និងព្យាបាលឱ្យជា សះស្បើយដល់ អ្នកជំងឺរបេងប្រមាណ ៣លាននាក់ នៅក្នុងពិភពលោកដែលពុំទាន់បានទទួល សេវា។ ដូច្នេះ យុទ្ធនាការទិវារបេងពិភពលោកឆ្នាំ២០២២នេះ នឹងបន្តបំផុសឱ្យមនុស្សទាំងឡាយនៅលើសកលលោក ឱ្យមានការយល់ដឹងបន្ថែម និងធ្វើសកម្មភាពដោយរួមគ្នានឹងមានលក្ខណៈសកម្មជាងមុន ដើម្បីឱ្យអ្នកសង្ស័យកើតជំងឺរបេងគ្រប់គ្នា ទទួលបាននូវការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលានិងព្យាបាលជាសះស្បើយ ហើយនៅថ្ងៃអនាគត យើងនឹងឃើញ ពិភពលោកមួយដែលគ្មានជំងឺរបេងនិងគ្មានអ្នកស្លាប់ដោយសារជំងឺរបេងទៀតទេ។

សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគ្រប់ សកម្មភាពទាំងឡាយ ដែលបាននិងកំពុងអនុវត្តក្នុងការជំរុញនិងបំផុសការយល់ដឹងជាសាធារណៈឱ្យកាន់ត ទំលំទូលាយនៅទូទាំងប្រទេស រាប់បញ្ចូលទាំងនៅតាមទីជនបទ ដើម្បីផ្លាស់ប្តូរផ្នត់គំនិតនិងទំលាប់ប្រជាពលរដ្ឋ ក្នុងការរើសអើងអ្នកជំងឺ និងការប្រតិបត្តិលើការរស់នៅគឺ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីគេចចេញ ពីជំងឺនេះ ជាពិសេសការស្វែងរកការថែទាំព្យាបាល រួមទាំងការបង្ការជំងឺឱ្យទាន់ពេលវេលា ពីព្រោះជំងឺរបេង នេះបាននិងកំពុងធ្វើឱ្យមនុស្សជាតិមានការខាតបង់យ៉ាងច្រើន រួមទាំងការប៉ះពាល់ផ្នែកសេដ្ឋកិច្ចនិងជាពិសេស អាយុជីវិត។ កិច្ចការនេះនឹងរួមចំណែកយ៉ាងសកម្មផុលផុសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរបេងនេះ៕