គណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ ចាប់ផ្តើមនូវកិច្ចប្រជុំបច្ចេកទេសលើកទី៣៥


(សៀមរាប)៖ កិច្ចប្រជុំបច្ចេកទេសលើកទី៣៥ នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ អភិរក្ស និងអភិវឌ្ឍន៍រមណីដ្ឋានប្រវត្តិអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ បានចាប់ផ្តើមជាផ្លូវការហើយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នាសណ្ឋាគារសូហ្វីតែលអង្គរភូគីត្រា ខេត្តសៀមរាប ដោយមានការចូលរួមពីលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ សហប្រធានបារាំង និងជប៉ុន និងឯកឧត្តម Sardar Umar ALAM តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា។

លោក Christophe GIGAUDAUT ទីប្រឹក្សាកិច្ចសហប្រតិបត្តិការ និងកិច្ចការវប្បធម៌ ស្ថានទូតបារាំងប្រចាំកម្ពុជា និងជាសហប្រធាន បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយចំពោះការរៀបចំកិច្ចប្រជុំដោយផ្ទាល់នៅពេលនេះ ក្រោយខកខាននារយៈពេល២ឆ្នាំដោយសារបញ្ហាកូវីដ១៩ តែបើទោះបីជាបញ្ហាកូវីដ១៩ កើតឡើងជាសាកលយ៉ាងណាក្ដី ក៏ស្មារតីនៃការខិតខំប្រឹងប្រែងលើការងារអភិរក្សប្រាសាទមិនបានស្រាកស្រាន្តទេ ផ្ទុយទៅវិញការងារអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរបានសម្រេចលទ្ធផលជាច្រើននិងប្រកបដោយមោទកភាព។

តំណាងអង្គការយូណេស្គូប្រចាំកម្ពុជា ឯកឧត្តម Sardar Umar ALAM បានចូលរួមអបអរសាទជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាអ្នកជំនាញការអាដហុកដែលខិតខំធ្វើឱ្យកិច្ចប្រជុំនៅពេលកើតឡើង។ ក្នុងនាមអង្គការយូណេស្កូ ឯកឧត្តមក៏បានអរគុណចំពោះការខិតខំប្រឹងប្រែងទាំងអស់របស់អាជ្ញាធរជាតិអប្សរាដែលធ្វើឱ្យសមិទ្ធផលការងារជាច្រើនកកើតឡើង ពិសេសក្នុងកាលៈទេសៈដ៏លំបាកនៃវិបត្តិជំងឺកូវីដ១៩ ទោះការងារខ្លះមានការកកស្ទះក្ដី តែក៏មានការងារខ្លះបន្តធ្វើដោយរលូនផងដែរ។

ឯកឧត្តមបញ្ជាក់ផងដែរថា ទោះបីមានការប្រឈមខ្លាំងមកលើកិច្ចការជួសជុល អភិរក្សនៅតាមរមណីយដ្ឋានបេតិកភណ្ឌពិភពលោកជាច្រើន តែនៅរមណីយដ្ឋានអង្គរកិច្ចការទាំងនេះនៅតែបន្តទៅមុខ។ បន្ថែមលើនេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា សម្បត្តិបេតិកភណ្ឌវប្បធម៌មានដើរតួរនាទីស្នូលសំខាន់ណាស់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងផ្នែកសង្គម និងផ្នែកសេដ្ឋកិច្ច។

លោកសាស្រ្ដាចារ្យ Azedine BESCHAOUCH លេខាធិការវិទ្យាសាស្រ្ដអាយស៊ីស៊ី-អង្គរ បានឱ្យដឹងថា នេះជាឆ្នាំថ្មីនៃការចាប់ផ្តើមការងារតាមការដ្ឋានឡើងវិញរបស់ក្រុមអ្នកជំនាញការអាដហុក ក្រោយខកខាន២ឆ្នាំមកនេះ។ លោកបន្តថា សកម្មភាពនេះគឺបង្ហាញពីការតភ្ជាប់ឡើងវិញនូវប្រពៃណីការងារដែលអ្នកជំនាញការធ្លាប់បានធ្វើ ដែលចុះត្រួតពិនិត្យការងារតាមការដ្ឋាននានា មុនកិច្ចប្រជុំផ្លូវការចូលមកដល់។

សូមបញ្ជាក់ថា គណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ រៀបចំកិច្ចប្រជុំចំនួន២ ដែលទី១នៅថ្ងៃទី២៤ ខែមីនា ជាកិច្ចប្រជុំបច្ចេកទេសលើកទី៣៥ និងនៅថ្ងៃទី២៥ កិច្ចប្រជុំពេញអង្គលើកទី២៨៕