ឯកឧត្តម លឹម គានហោ បញ្ជាឱ្យមន្ត្រីបច្ចេកទេសបើកទម្លាក់ទឹកពីប្រព័ន្ធធារាសាស្ត្រ ស្ទឹងស្រែងទី ១ ជួយសង្រ្គោះដំណាំស្រូវវស្សារបស់បងប្អូនប្រជាកសិករ


ដំណាំស្រូវវស្សារបស់បងប្អូនប្រជាកសិករប្រមាណ ១.៥០០ ហិកតា នៅក្នុងឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កំពុងជួបការខ្វះខាតទឹកស្រោចស្រព ខណៈតំបន់នោះខកខានទទួលបានទឹកភ្លៀងជាច្រើនថ្ងៃមកហើយ ។ ដើម្បីជៀសវាងផលប៉ះពាល់ បើទោះបីជាតំបន់នោះពុំមានប្រភពទឹកសម្រាប់អន្តរាគមន៍ក្តី ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឱ្យមន្ត្រីបច្ចេកទេសបើកទម្លាក់ទឹកពីប្រព័ន្ធធារាសាស្ត្រ ស្ទឹងស្រែងទី ១ ស្ថិតក្នុងខេត្តឧត្តរមានជ័យ បញ្ជូនតាមប្រឡាយមេ ០១ ខ្សែ ដែលមានប្រវែងជាង ១៧ គីឡូម៉ែត្រ ទៅកាន់តំបន់នោះ ។ មកទល់ល្ងាចថ្ងៃទី ១១ ខែកក្កដានេះ ទឹកដែលទម្លាក់ពីប្រព័ន្ធស្ទឹងស្រែងទី ១ បានមកដល់ឃុំណាំតៅហើយ បងប្អូនប្រជាកសិករកំពុងទាញបន្តពីប្រឡាយមេ ទៅកាន់ដីស្រែរៀងៗខ្លួន ៕